Paris Peace Accords 23 Oct. 1991

Wednesday, March 26, 2014

​កម្មករ​៖​ កម្លាំងប្រដាប់អាវុធ ​ប្រមាន​ ៦០​នាក់​ ដាក់​ពង្រាយ​មុខ ​រោងចក្រ​ ពេល​កម្មករ​ ផ្ទុះ​បាតុកម្ម​​


​កម្មករ​៖​ កម្លាំងប្រដាប់អាវុធ ​ប្រមាន​ ៦០​នាក់​ ដាក់​ពង្រាយ​មុខ ​រោងចក្រ​ ពេល​កម្មករ​ ផ្ទុះ​បាតុកម្ម​​


ដោយ៖​ ម៉ៅ ចរិយា​​ ​/ វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014

កម្លាំងប្រដាប់អាវុធ​ ប្រមាណ​ជា​៦០​នាក់​ ត្រូវបាន ដាក់ពង្រាយ​នៅ​បរិវេណ រោងចក្រ​កាត់ដេរ​មួយ នៅភូមិ​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ពុធ​នេះ ខណៈ​មាន​កម្មករ​ជាង​១៥០០​នាក់​ធ្វើ បាតុកម្ម​មុខ​រោងចក្រ។​
កម្មករ​ផ្នែ​កអ៊ុត នៅ​រោងចក្រ​ឌូ​ហឺ​ស្ត​លោក សៅ ចាន់​សុខ ឲ្យ​ VOD ​ដឹងថា កម្មករ​នៅ​រោងចក្រ​នេះ បាន​តវ៉ា​ជាង​១០​ថ្ងៃ​ហើយ ជំទាស់​និង​ថៅកែ​រោងចក្រ ដែល​កាត់​ប្រាក់​ឈ្នួល​ពួកគេ នៅ​ពេល​ឲ្យ​កម្មករ​ឈប់​សម្រាក ដោយសារ​ពួកគេ​តវ៉ា​រឿង​អាហារ​ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​គ្មាន​អនាម័យ។​
​បុរស​រូប​នោះ​ឲ្យដឹងថា ថៅកែ​រោងចក្រ​មិន​បាន​ចេញមុខ​ដោះស្រាយ​ករណី​នេះ​ទេ ហើយ​បែរជា​បាន​បញ្ជូន​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​អាការ មក​ដាក់​ពង្រាយ​ក្នុង​បរិវេណ​ជិត​កន្លែង​តវ៉ា​ទៅ​វិញ​។

VOD​ មិន​អាច​ស្វែងរក​ប្រភព​ពី​ភាគី​រោងចក្រ​បាន​ទេ ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួ មិន​អត្ថាធិប្បាយ​ពី​ការ​ដាក់​ពង្រាយ​កម្លាំងប្រដាប់អាវុធ​ក្នុង​រោងចក្រ​នេះ​ទេ ដោយ​គ្រាន់តែ​អះអាងថា​មន្ត្រី​ការងារ​កំពុង​ចុះ​ដោះស្រាយ​ករណី​នេះ។
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក​ អំ សំអាត យល់ថា វិធានការ​ដាក់ពង្រាយ​កងកម្លាំង​នោះ ជា​រូបភាព​គំរាមកំហែង​សេរីភាព​បញ្ចេញមតិ។​
​តាម​កម្មករ​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១​ខែ​មីនា កម្មករ ហូប​បាយ​ដែល​រោងចក្រ​ផ្តល់ឲ្យ ប្រទះ​ឃើញ​ជន្លេន​នៅក្នុង​សម្ល បន្ទាប់មក តំណាង​កម្មករ​ផ្ទុះ​ការតវ៉ា សួរនាំ​មូលហេតុ​នេះ​។​
​ក្រោយពី​ជំនួប ថៅកែ​រោងចក្រ បានឲ្យ​កម្មករ ត្រឡប់​ទៅ​ផ្ទះ​ដោយ​សម្រេច​ផ្អាក​ការងារ មួយរយៈ ប៉ុន្តែ​ក្រោយមក​ភាគី​រោងចក្រ បានសម្រេច​កាត់​ប្រាក់​ឈ្នួល​ពួកគេ ទើប​ផ្ទុះ​ការតវ៉ា​រហូត​។​

​កាលពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​ឆ្នាំ​២០១៤ ​កម្មករ​យ៉ាង​តិច​៥​នាក់​ត្រូវ​កម្លាំង​ប្រដាប់អាវុធរ​បស់​រដ្ឋាភិបាល​ បាញ់សម្លាប់ និង​ប្រមាណ​ជា​៤០​នាក់​រងរបួស នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ខណៈ​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លា៕​



No comments:

Post a Comment