ក្រុមហ៊ុន វៀតណាម នៅរតនគិរី បន្ត ឈូសឆាយប៉ះលើដី ជនជាតិដើមភាគតិច
ដោយ រដ្ឋា វិសាល
ប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅភូមិចំនួនពីរ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ឲ្យដឹងថា ការស្វែងរក ដំណោះស្រាយ បញ្ឈប់ ការរំលោភឈូសឆាយដីធ្លី ផលដំណាំ ប្រជាពលរដ្ឋ ពីសំណាក់ ក្រុមហ៊ុន វៀតណាម ឈ្មោះ ៧២ មិនបានលទ្ធផលទេ។ ចំណែក ភាគីក្រុមហ៊ុន នៅតែបន្តឈូសឆាយ ពង្រីកដី បន្ថែមទៀត ហើយប្រជាពលរដ្ឋ នាំគ្នាចេញតវ៉ាប្រឆាំង ការឈូសឆាយនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៅថ្ងៃពុធ ទី២៦ ខែមីនា សម្ដែងការបារម្ភខ្លាចមានអំពើហិង្សា ដោយសារតែក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយនៅតែបន្តឈូសឆាយទៅលើដីតំបន់ជនជាតិដើមភាគតិច។
កាលពីសប្ដាហ៍មុន អាជ្ញាធរស្រុកអណ្ដូងមាស តំណាងក្រុមហ៊ុនមន្ត្រីភូមិឃុំ និងប្រជាពលរដ្ឋភូមិបរខាំ និងភូមិតាំងម្លូ បានជួបពិភាក្សាគ្នា ក៏ប៉ុន្តែអ្នកភូមិបញ្ជាក់ថា ក្រុមអាជ្ញាធរមិនមានចេតនាដោះស្រាយបញ្ហាប៉ះពាល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ អាជ្ញាធរសំអាងថា រាជរដ្ឋាភិបាលបានផ្តល់ដីតំបន់នោះសម្រាប់ក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូ។
ប្រជាពលរដ្ឋភូមិតាំងម្លូ លោក កាឡាន មឿង បញ្ជាក់ថា បន្ទាប់ពីជំនួបគ្នានោះ ក្រុមហ៊ុនបានដាក់កងកម្លាំងប៉ូលិសយាមការពារនៅតំបន់នោះ ហើយឲ្យគ្រឿងចក្រឈូសឆាយដីទាំងថ្ងៃយប់កាន់តែខ្លាំងឡើង។ លោកបន្តថា បីលើកហើយដែលប្រជាពលរដ្ឋរាប់សិបនាក់លើកគ្នាទៅបញ្ឈប់គ្រឿងចក្រ ប៉ុន្តែគ្រឿងចក្រមិនបញ្ឈប់ការឈូសឆាយទេ៖ «គេឈូសរហូតបីថ្ងៃនេះហើយ ទាំងយប់ទាំងថ្ងៃ គេឈូសវាឈូសរហូត។ ឥឡូវ មានគេយាមនៅហ្នឹងទៀត ប៉ូលិស ៤នាក់»។
ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ទទួលបានដីសម្បទានប្រមាណជិត ១ពាន់ហិកតារ នៅស្រុកអូរយ៉ាដាវ ជាប់នឹងស្រុកអណ្ដូងមាស ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរសិទ្ធិធ្វើអាជីវកម្មបន្តទៅឲ្យក្រុមហ៊ុនវៀតណាម ដែលគេហៅកាត់ថា ក្រុមហ៊ុន ៧២។ ចំណែកក្រុមហ៊ុន ៧២ បានឈូសឆាយប៉ះពាល់ប្រជាពលរដ្ឋមានដីនៅជាប់តំបន់នោះ ដោយសំអាងថា ដីនោះជាដីរដ្ឋបានសម្បទានមកក្រុមហ៊ុន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីអភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ ស្ដីពីករណីនេះបានទេ នៅថ្ងៃទី២៦ ខែមីនា។
យ៉ាងនេះក្តី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន អះអាងថា ដីដែលកំពុងមានទំនាស់មានទំហំ ៥០ហិកតារ ជាដីរដ្ឋបានសម្បទានទៅឲ្យក្រុមហ៊ុន។ លោកបន្តថា ក្រុមនិស្សិតបានវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់នោះអស់ហើយ។ លោកបន្តថា ប្រសិនដីដែលក្រុមហ៊ុនឈូសឆាយជាដីមានប័ណ្ណកម្មសិទ្ធិ ក្រុមហ៊ុនត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញ៖ «ដីកម្មសិទ្ធិរបស់ប្រជាជនត្រូវបានវាស់វែងតាមបទបញ្ជា០១ រួចរាល់អស់ហើយ ដែលមានប័ណ្ណកម្មសិទ្ធិរួចរាល់អស់ហើយ។ ហើយបើក្រុមហ៊ុនឈូសយកក៏ត្រូវតែប្រគល់ឲ្យប្រជាពលរដ្ឋវិញដែរ ព្រោះមានចំណុចនិយាមការអស់ហើយ»។
ផ្ទុយពីការលើកឡើងនេះ តំណាងអ្នកភូមិអះអាងថា ដីដែលក្រុមហ៊ុនកំពុងឈូសឆាយ គឺជាដីចម្ការវិលជុំ និងចម្ការមានផលដំណាំប្រជាពលរដ្ឋបានកាន់កាប់ជាក់ស្តែង ហេតុនេះក្រុមហ៊ុនត្រូវតែកាត់ចេញដីនោះចេញពីដីសម្បទានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
No comments:
Post a Comment