១៤-មីនា-២០១៤៖ សកម្មភាពកាប់បំផ្លាញព្រៃរបស់ក្រុមហ៊ុនចិន ឡាន ហ្វេង នាឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
១៤-មីនា-២០១៤៖ ជនជាតិភាគតិចកួយ ធ្វើពិធីបួងសួង និងដាក់បណ្ដាសាក្រុមហ៊ុនចិន ឡាន ហ្វេង និងអាជ្ញាធរ នាឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ RFA/Tep Soravy
ជនជាតិកួយ៖ រដ្ឋាភិបាល លុបបំបាត់ វប្បធម៌ជនជាតិកួយ ក្រោមគម្រោងអភិវឌ្ឍន៍
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ១៨ មីនា ២០១៤
ជនជាតិដើមភាគតិចកួយ ច្រើនរយគ្រួសារមកពីភូមិចំនួន៣ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានរិះគន់ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនចិន វិនិយោគ ថាកំពុងធ្វើឲ្យជនជាតិដើមភាគតិចកួយ បាត់បង់វប្បធម៌ប្រពៃណីពីដូនតា។ ការចោទប្រកាន់នេះ កើតមានបន្ទាប់ពីរដ្ឋាភិបាលសម្រេចប្រគល់ដីព្រៃឲ្យក្រុមហ៊ុនចិន វិនិយោគ ដោយពុំបានពិភាក្សាជាមួយពលរដ្ឋម្ចាស់ស្រុកជាមុន។
«សំឡេងបន់ស្រន់របស់ជនជាតិដើមភាគតិចកួយ ឲ្យលោកយកយក្សភ្លោះជួយ...»
ក្រុមជនជាតិដើមភាគតិចកួយ បានដុតធូបបន់ស្រន់នៅលើគំនរអាចម៍ដី ដែលទើបកាយលុបថ្មីៗក្នុងរណ្ដៅមួយ ដែលក្រុមហ៊ុនចិន ឡាន ហ្វេង ប្រើគ្រឿងចក្រឈូសគាស់យកផ្ទាំងថ្មបុរាណមួយឈ្មោះ យក្សភ្លោះ ដែលអ្នកភូមិមានជំនឿថាជាអារក្សថែរក្សាជនជាតិភាគតិចកួយ។
ឈើរាប់ម៉ឺនកំណាត់ដែលក្រុមហ៊ុនកាត់កង់តូចៗ ដាក់តម្រៀបលើគ្នាជាគំនរយ៉ាងវែងនៅសងខាងផ្លូវចូល ទៅដល់ជំរំបណ្ដោះអាសន្នរបស់ជនជាតិភាគតិចកួយ។ ព្រៃវាលដែលជនជាតិភាគតិចធ្លាប់ធ្វើចម្ការវិលជុំ បោចស្លឹកព្រេច ទីឃ្វាលគោលក្របី និងប្រមាញ់សត្វព្រៃ ក្លាយជាដីវាលធំល្វឹងល្វើយដាច់កន្ទុយភ្នែក។
អង្គុយលើកំណាត់ឈើមុខកូនខ្ទមតូចមួយ ដែលធ្វើខ្ពស់ពីដី លោកស្រី យ៉ែម លឿន បានវេចបង្វេចមកស្នាក់នៅជំរំ ដើម្បីការពារព្រៃឈើដែលនៅសេសសល់។ លោកស្រីប្រាប់ថា ក្រុមហ៊ុនបានឈូសដីព្រៃអារក្ស ចម្ការវិលជុំ និងដើមឈើទាល ដែលអ្នកភូមិធ្លាប់ដងជ័រទឹកអស់រាប់ម៉ឺនដើមរបស់អ្នកភូមិ ហើយដីស្រែចម្ការ ២ហិកតាររបស់គាត់ ត្រូវក្រុមហ៊ុនឈូសយកដាំអំពៅ។
«សំឡេង»
លោកស្រី យ៉ែម លឿន និងជនជាតិកួយ ឯទៀតបានឆ្លាស់វេនគ្នាមកដេកយាមជំរំនៅកណ្ដាលព្រៃ ដោយអ្នកខ្លះវេចទាំងឆ្នាំងជើងក្រាន អង្ករ អង្រឹង ខ្នើយភួយមកដេកចាំ។ ពួកគេហាក់ស្ទាក់ស្ទើរមិនប្រាកដក្នុងចិត្ត ថានឹងឈប់ដេកយាមដីបែបនេះដល់ពេលណាទៀត ប្រសិនបើអាជ្ញាធរនៅមិនទាន់ដោះស្រាយនោះ។
ក្រុមហ៊ុន ឡាន ហ្វេង ឈូសឆាយដីព្រៃវាលរបស់សហគមន៍ជនជាតិភាគតិចកួយ ប្រមាណ ៥០% លើផ្ទៃដីសម្បទានជាង ៩ពាន់ហិកតារ (៩.០១៥ហិកតារ)។ អាជ្ញាធរខេត្តព្រះវិហារ ធ្លាប់ប្រជុំជាមួយអ្នកភូមិ ហើយប្រាប់ថា ធ្វើជាកម្មករឲ្យក្រុមហ៊ុនជាការងារល្អជាងធ្វើស្រែដោយខ្លួនឯង។ ប៉ុន្តែ អ្នកភូមិបដិសេធ ដោយចង់រក្សាប្រពៃណីវប្បធម៌ជនជាតិភាគតិចកួយ។ ម្យ៉ាង ក្រុមហ៊ុនមិនត្រូវការកម្មករទេ ដោយសារតែបច្ចេកទេសថ្មីដែលក្រុមហ៊ុនដាំអំពៅ ប្រើសុទ្ធតែម៉ាស៊ីនទំនើបៗ។
«សំឡេង»
អ្នកស្រី ជ័យ ភាត ប្រាប់ថាព្រៃឈើ គឺជាអាយុជីវិតរបស់ជនជាតិដើមភាគតិចកួយ។ អ្នកស្រីស្ដាយចម្ការវិលជុំ ដែលធ្លាប់ដាំស្រូវ ជ័រទឹកដែលធ្លាប់ដួស ទីទួលធ្លាប់ឃ្វាលគោលឲ្យស៊ីស្មៅ និងកន្លែងធ្លាប់ដឹកឆ្កែដើររកសត្វ ស្រាប់តែបាត់មួយប៉ប្រិចភ្នែក ដោយក្រុមហ៊ុនបំផ្លាញ។
«សំឡេង»
ទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយ លោកស្រី ទេព ទឹម ប្រាប់ថា អាជ្ញាធរមិនខ្វល់ពីការបាត់ប្រពៃណីជនជាតិដើមភាគតិចកួយ ទេ។ លោកស្រីបញ្ជាក់ថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលដោយផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន នេះ ហាក់ដូចជាកំពុងបណ្តោយឲ្យក្រុមហ៊ុនយកត្រាក់ទ័រឈូសព្រៃលុបកប់ប្រពៃណី និងវប្បធម៌របស់ជនជាតិដើមភាគតិចកួយ ចោលដោយគ្មានស្រណោះ។
«សំឡេង»
យោងតាមសៀវភៅរាជកិច្ចដែលបានចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ដើមឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២២ម៉ឺន ៧ពាន់ហិកតារ ទៅឲ្យក្រុមហ៊ុនឯកជនចំនួន៣៤ ដើម្បីធ្វើការវិនិយោគលើដំណាំកសិឧស្សាហកម្មនៅក្នុងខេត្តព្រះវិហារ។
អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា និងលោក ខួយ ឃុនហ៊រ នាយករដ្ឋបាលសាលាខេត្ត មិនអាចទាក់ទងបានទេ ដោយលោកមិនលើកទូរស័ព្ទ។
ជំទប់ទី២ ឃុំប្រមេរ លោក ធួន ញ៉ិប ប្រាប់ថា ជនជាតិភាគតិចកួយ ស្ទើរតែ ៨០% ក្នុងឃុំប្រមេរ បានស្ម័គ្រទទួលយកការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន។ ពួកគេទាំងនោះស្ដាយនូវប្រពៃណី វប្បធម៌ជនជាតិភាគតិច ប៉ុន្តែចង់អភិវឌ្ឍខ្លួនឲ្យតាមសម័យកាល។
«សំឡេង»
ជំទប់ឃុំទី២រូបនេះប្រាប់ថា មូលហេតុដែលអ្នកភូមិទៅបោះជំរំស្នាក់នៅក្នុងព្រៃនោះ ទំនងជាមានការញុះញង់ពីអ្នកនយោបាយ ឬពីអង្គការសង្គមស៊ីវិល ដែលចេះតែបញ្ឆេះរឿងនេះឲ្យកាន់តែក្តៅ។ តាមពិតនោះ ក្រុមហ៊ុនចូលមកអភិវឌ្ឍនេះ គឺបង្កើតមុខរបរដល់ពលរដ្ឋឲ្យមានជីវិតធូរធារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនចិន ឡាន ហ្វេង សុំឲ្យបំភ្លឺរឿងនេះបានទេ នៅថ្ងៃទី១៧ មីនា។
តាមការអះអាងពីមន្ត្រីអង្គការអាដហុក (Adhoc) ប្រាប់ថា តាមការស្រាវជ្រាវ ក្រុមហ៊ុន៥ រួមមានក្រុមហ៊ុន ឡាន ហ្វេង ក្រុមហ៊ុន រូយ ហ្វេង ក្រុមហ៊ុន ហេង យូ ក្រុមហ៊ុន ហេង ណុង និងក្រុមហ៊ុន ហេង រូយ គឺជាក្រុមហ៊ុនតែមួយ ដោយសារតែក្រុមហ៊ុនទាំងនោះមានអាសយដ្ឋាន និងលេខទូរស័ព្ទទាក់ទងតែមួយ។ អង្គការនេះសន្និដ្ឋានថា មូលហេតុដែលក្រុមហ៊ុននេះបំបែកខ្លួនឲ្យបានច្រើននោះ គឺដើម្បីទិសដៅច្បាមយកដីព្រៃសហគមន៍មកក្ដោបក្ដាប់ឲ្យបានច្រើន។ បច្ចុប្បន្ន ក្រុមហ៊ុនចិន ទាំង៥ ទទួលដីសម្បទានសេដ្ឋកិច្ចលើផ្ទៃដីជាង ៤ម៉ឺន ២ពាន់ហិកតារ (៤២.០០០ហិកតារ) នៅក្នុងស្រុកឆែប ស្រុកជ័យសែន និងស្រុកត្បែងមានជ័យ។
អនុប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត ឲ្យដឹងថា ការកាប់ព្រៃទន្ទ្រានយកដីជាទង្វើមួយដែលពិភពលោកមិនគាំទ្រ ពិសេសការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយគ្មានការពិគ្រោះយោបល់ជាមួយអ្នកភូមិ។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋានហាក់មិនអើពើជាមួយពួកគាត់ និងបណ្តោយឲ្យក្រុមហ៊ុនកាប់ឆ្ការដីព្រៃ លុបបំបាត់វប្បធម៌ប្រពៃណី និងព្រៃអារក្សរបស់ជនជាតិភាគតិចចោល។
«សំឡេង»
រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគ និងបានផ្តល់សម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ឡាន ហ្វេង វិនិយោគដំណាំកៅស៊ូអាកាស្យា និងអំពៅ ជាង ៩ពាន់ហិកតារ នៅឃុំប្រមេរ កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១១។ ប៉ុន្តែ ក្រុមហ៊ុននេះបានចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយដីសម្បទានសេដ្ឋកិច្ចកាលពីថ្ងៃទី៨ មេសា ឆ្នាំ២០១២ ធ្វើឲ្យប៉ះពាល់ដល់ដីសហគមន៍ប្រកបរបរកសិកម្មប្រពៃណី ព្រៃជំនឿ និងធនធានធម្មជាតិ ដែលធ្លាប់អាស្រ័យផល និងតំបន់ប្រាសាទមួយចំនួនទៀត៕
No comments:
Post a Comment