លោកស្រី Christine Milne ព្រឹទ្ធសភាអូស្ត្រាលី (រូបថតពី៖ static.guim.co.uk)
តំណាងរាស្ត្រ អូស្ត្រាលី ដាក់ញត្តិ ថ្កោលទោស រដ្ឋាភិបាល លោក ហ៊ុន សែន
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែមិនា ឆ្នាំ2014
តំណាងរាស្ត្រម្នាក់ នៃប្រទេសអូស្ត្រាលី បានដាក់ញត្តិ ថ្កោលទោស រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលមានការសួរដេញដោល ក្នុងកិច្ចប្រជុំបិទទ្វារមួយ ជុំវិញស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ការដាក់ញត្តិថ្កោលទោសនេះ ត្រូវបានលើកឡើង ខណៈដែលព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Christine Milne កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានចោទជាសំណួរទៅកាន់សមាជិករដ្ឋាភិបាលអូស្ត្រាលីនៅក្នុងកិច្ចប្រជុំមួយ អំពីស្ថានភាពកម្ពុជាទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។ ក្នុងកិច្ចប្រជុំនោះ លោកស្រី Christine Milne ក៏បានលើកឡើងពីសមាជិកព្រឹទ្ធអូស្ត្រាលី លោកស្រី គ្លែរ អូនៀល បានដាក់ញត្តិថ្កោលទោសរបបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើងរបស់ព្រឹទ្ធសភា និងការថ្កោលទោសរបស់តំណាងរាស្ត្រអូស្ត្រាលី គឺមិនត្រូវ ហើយមិនបានឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែងនៅកម្ពុជាទេ។ លោក បន្តថា ប្រទេសកម្ពុជា មានច្បាប់ និងយន្តការរៀបចំការបោះឆ្នោតច្បាស់លាស់ ដូចនេះបរទេសកគួរតែសិក្សាអំពីកម្ពុជាឲ្យបានលម្អិត មុននឹងធ្វើអ្វីមួយ ដែលខ្លួនធ្វើមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ «នៅកម្ពុជាដែលគេមានច្បាប់ ហើយនិងយន្តការក្នុងការរៀបចំបោះឆ្នោត រៀបចំមើលលទ្ធផលនៃការបោះឆ្នោតដែលមានគោលការណ៍ និងយន្តការច្បាស់លាស់ ដោយការដោះស្រាយវិវាទ ពីថា្នក់នៅស្ថានីយបោះឆ្នោត រហូតដល់ថ្នាក់កំពូល គឺក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនេះឯង ដែលគេជាទទួលបន្ទុកខាងការបោះឆ្នោតនេះឯង។ ដូច្នេះបរទេស គួរតែសិក្សាអំពីកម្ពុជាបន្តិច មិនចង់ឲ្យបរទេសហ្នឹងនិយាយតាមព័ត៌មានដែលខ្លួនទទួលបានគ្រប់ជ្រុងជ្រោយ»។
លោក ផៃ ស៊ីផាន អះអាងថា ចំពោះការបង្ក្រាបកម្មករកាលពីថ្ងៃទី២ និង ទី៣ មករា មានន័យថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពគ្រប់គ្រងស្ថានការណ៍ចំពោះប្រជាពលរដ្ឋរបស់ខ្លួន។
ចំណែកអ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អូស្ត្រាលីគឺជាប្រទេសមួយដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ ដួចនេះការព្រួយបារម្ភ ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាពិតជាត្រឹមត្រូវ។ លោក បន្តថា រដ្ឋាភិបាលកម្ពុជា គួរយកចិត្តទុកទៅលើបញ្ហាសិទ្ធិមនុស្ស និងស្វែងយល់ពីបរទេសដែលគេបានដាក់ញត្តិថ្កោលទោស ពីព្រោះវាអាចប៉ះពាល់ដល់ប្រទេសកម្ពុជា ដែលកាន់លទ្ធិប្រជាធិបតេយ្យ «យើងត្រូវសិក្សាអំពីតម្លៃនៃសង្គម កម្ពុជា ថាកម្ពុជាស្ថិតនៅក្នុងកម្រិតណា ដែលអូស្ត្រាលីគេចាប់ផ្តើមថ្កោលទោស។ អ៊ីចឹង យើងទៅមើលទិដ្ឋភាពហ្នឹង ថាបើយើងក្រលេកទៅមើល អូស្ត្រាលី ហើយនិងសង្គមកម្ពុជា អ្វីដែលគេថាហ្នឹង គឺត្រូវតែទទួលស្គាល់ ព្រោះយើងគិតមើល ដេញមនុស្សដែលមានជំរក ទៅជាអត់មានជំរក ពីមនុស្សមានការងារធ្វើ ទៅអត់មានការងារធ្វើ នេះអ្វីដែលការបញ្ចេញរបស់គេ ខ្ញុំជឿជាក់ថា គេមានការសិក្សាស្រាវជ្រាវ ហ្នឹងកម្រិតខ្ពស់ហើយ»។
អូស្ត្រាលី គឺជាប្រទេសមួយដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងជាប្រទេសដែលផ្តល់ជំនួយជាច្រើនដល់កម្ពុជា៕
No comments:
Post a Comment