រថយន្តបណ្ណាល័យចល័ត របស់អង្គការស៊ីប៉ា សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងខេត្តសៀមរាប។
បណ្ណាល័យ ចល័ត របស់ អង្គការ ស៊ីប៉ា បានទៅដល់ ខេត្តសៀមរាប
អង្គការ ស៊ីប៉ា នៅថ្ងៃសុក្រនេះ បានសម្ពោធ ដាក់ឲ្យ ដំណើរការ នូវរថយន្ តបណ្ណាល័យចល័ត សម្រាប់ស្រុកភូមិ ដែលប្រជាជនមានជីវភាពក្រីក្រ នៅក្នុងខេត្តសៀមរាប។ នៅថ្ងៃដដែលនេះដែរ ស៊ីប៉ា ក៏សម្ពោធ អគារសិក្សាថ្មី ២ខ្នង នៅក្នុង សាលាបឋមសិក្សា ហ៊ុន សែន រលួស ផងដែរ។ អង្គការ ដែលចង់ផ្តល់ ចំណេះដឹង ដល់ មនុស្ស តាមរយៈ ការអានសៀវភៅ មួយនេះ ចង់ឃើញប្រជាជន ជាពិសេស ក្មេងៗ ស្រលាញ់ការអាន។ បណ្ណាល័យ ចល័ត ជាកិច្ចការសំខាន់មួយ របស់ អង្គការ ស៊ីប៉ា។
រថយន្តបណ្ណាល័យចល័តថ្មីមួយគ្រឿង ដែលមានបំពាក់សៀវភៅអានប្រមាណជា ៣ពាន់ក្បាល នឹងចាប់ផ្តើមដំណើរការពីថ្ងៃសុក្រទី ៧ មីនានេះតទៅហើយ នៅក្នុងខេត្តសៀមរាប។ បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ា នឹងជួយបង្គ្រប់ចំណេះដឹងនៃការអាន ដល់កុមារ និងប្រជាជន ដែលនៅតំបន់មួយចំនួនទៀត ក្នុងខេត្តសៀមរាប។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការបង្កើតបន្ថែមនូវបណ្ណាល័យស៊ីប៉ា និងអគារសិក្សា ក្នុងខេត្តសៀមរាបនេះ ព្រោះតែអង្គការយល់ឃើញថា អត្រាអ្នកមិនចេះអក្សរ នៅក្នុងខេត្តសៀមរាប នៅមានកម្រិតខ្ពស់នៅឡើយ ហើយប្រជាជនភាគច្រើន ក្នុងតំបន់នេះ មិនសូវចូលចិត្តការអានច្រើននោះទេ។ មិនចូលចិត្តការអាន ដែលអាចធ្វើឲ្យ ការទទួលបានចំណេះដឹង មានកម្រិតទាប។
លោក ហុក សុទ្ធិ បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ចំនួនអ្នកចូលចិត្តការអាន មានមិនលើសពី ១០ភាគរយផង ដែលចំនួននេះ នៅតិចតួចបំផុត បើធៀបទៅនឹងបណ្តាប្រទេសដទៃ។ លោកបន្តថា ដូច្នេះហើយ ទើបអង្គការស៊ីប៉ា បានបង្កើតរថយន្តបណ្ណាល័យចល័ត ដើម្បីសម្រួលបន្ថែមដល់ការអាននៅក្រៅសាលា។
សូមបញ្ជាក់ថា ការបង្កើតរថយន្តបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ានេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ ដែលផ្តើមដំបូងនៅក្នុងទីក្រុងភ្នំពេញ ដោយមានរថយន្តចំនួន ៨គ្រឿង បន្ទាប់មកគឺមានម៉ូតូបណ្ណាល័យចល័ត ក្នុងខេត្តរតនគិរី ដើម្បីផ្តល់ចំណេះដឹងការអាន ដល់ប្រជាជនជនជាតិភាគតិច។ នៅក្នុងខេត្តសៀមរាប រថយន្តបណ្ណាល័យចល័តនេះ គឺជាការការចាប់ផ្តើមលើកដំបូង ដែលអង្គការស៊ីប៉ា រំពឹងថា អាចចល័តនៅក្នុងភូមិចំនួន ១០ ក្នុងរយៈពេល មួយសប្តាហ៍ៗ។
គួររម្លឹកជូនថា អង្គការស៊ីប៉ា តាំងពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៤នេះ បានបង្កើតបណ្ណាល័យអានសៀវភៅ ចំនួន ២៣០កន្លែង នៅសាលាបឋមសិក្សា ក្នុងខេត្ត ក្រុង រាជធានី ទូទាំងប្រទេសកម្ពុជា។ ហើយសម្រាប់គម្រោងជាបន្តទៀត អង្គការស៊ីប៉ា គ្រោងនឹង បង្កើនការអានសម្រាប់ទាំងអស់គ្នា ទាំងក្នុងសាលារៀន និងក្រៅសាលា ឲ្យបានកាន់តែផុសផុលបន្ថែមទៀត តាមរយៈការពង្រីកបណ្ណាល័យចល័ត បណ្ណាល័យក្នុងពន្ធាធាគារ បណ្ណាល័យក្នុងមន្ទីរពេទ្យជាដើម៕
No comments:
Post a Comment