Paris Peace Accords 23 Oct. 1991

Friday, March 7, 2014

ភូមិ​មួយ​ នៅ​កំពង់ស្ពឺ​ ត្រូវ​ប្រកាស​ ជា​តំបន់​ហាមឃាត់ ​ដោយសារ ​ជំងឺ​ ផ្ដាសាយ​បក្សី

ផ្ដាសាយបក្សី
ភ្នាក់ងារ​សុខាភិបាល​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ដែល​កើត​មាន​ជំងឺ​ផ្ដាយសាយ​បក្សី ក្នុង​ខែត្រ​កំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៦។

ភូមិ​មួយ​ នៅ​កំពង់ស្ពឺ​ ត្រូវ​ប្រកាស​ ជា​តំបន់​ហាមឃាត់ ​ដោយសារ ​ជំងឺ​ ផ្ដាសាយ​បក្សី

ដោយ កែវ និមល / អាស៊ីសេរី | ០៦ មីនា ២០១៤
ក្រសួង​កសិកម្ម​ប្រកាស​ដាក់​ភូមិ​ពាមល្វា ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជា​តំបន់​ហាម​ឃាត់ ទប់​ស្កាត់​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី បន្ទាប់​ពី​រក​ឃើញ​ថា មាន​សត្វ​ឈឺ និង​ងាប់​ដោយ​ជំងឺ​នេះ។
លោក សយ បញ្ញា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ឲ្យ​ដឹង​អំពី​ការ​កើត​ជំងឺ​លើ​សត្វ​មាន់ ទា ក្នុង​ភូមិ និង​មាន​សត្វ​ងាប់​ប្រមាណ ២០​ក្បាល​ជា​បន្ត​បន្ទាប់ កាល​ពី​ដើម​ខែ​មីនា។ ក្រោយ​ពី​មន្ត្រី​កសិកម្ម​យក​សំណាក​សត្វ​ឈឺ​ទៅ​ពិនិត្យ​មើល​នៅ​មន្ទីរ​ពិសោធន៍​រួច​មក មន្ត្រី​ជំនាញ​បាន​អះអាង​ឲ្យ​ដឹង​ថា សត្វ​ទាំង​នោះ​មាន​មេរោគ​ផ្ដាសាយ​បក្សី​ពិត​ប្រាកដ​មែន។ ក្រោយ​មក​ក្រុម​មន្រ្តី​កសិកម្ម​ខេត្ត​និង​ក្រសួង បាន​ទៅ​ចាប់​សត្វ​បក្សា​បក្សី​ក្នុង​ភូមិ​សម្លាប់ កម្ចាត់​មេរោគ​ប្រមាណ ៣០០​ក្បាល។
លោក សយ បញ្ញា៖ «វា​មិន​ងាប់​ច្រើន​ទេ តែ​គ្រាន់​តែ​ថា លក្ខណៈ​នៃ​ការ​ងាប់​នោះ សញ្ញាណ​របស់​វា​និង​លក្ខណៈ​នៃ​ការ​ងាប់ វា​ដូច​ជា​មាន​ជំងឺ​បក្សាបក្សី ហើយ​ក្រោយ​យក​វត្ថុធាតុ​ទៅ​ពិសោធន៍​ទៅ រក​ឃើញ​ថា វា​មាន​មេរោគ​នោះ​មែន»
លោក សយ បញ្ញា បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មិន​ដឹង​មេរោគ​នោះ​វា​ឆ្លង​មក​ពី​ទី​ណា​ទេ តែ​លោក​សង្ស័យ​ថា សត្វ​បក្សី​ក្នុង​ស្រុក​និង​ចិញ្ចឹម​នោះ ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី​មក​ពី​សត្វ​ព្រៃ ពីព្រោះ​ភូមិ​នោះ​ជា​តំបន់​ដាច់​ស្រយាល។
ស្រប​គ្នា​នេះ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចេញ​សេចក្ដី​ប្រកាស​វិធានការ ៦​ចំណុច ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ផ្ដាសាយ​បក្សី នៅ​ភូមិ​ពាមល្វា នោះ រីក​រាល​ដាល​ឆ្លង​ទៅ​តំបន់​ផ្សេង​ទៀត។
វិធានការ​ទាំង ៦​ចំណុច​នោះ រួម​មាន ត្រូវ​ដាក់​ភ្នាក់ងារ​បសុពេទ្យ​ប្រចាំការ​នៅ​តំបន់​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​នោះ ត្រូវ​បំផ្លាញ​ចោល​សត្វ​បក្សី​ឈឺ និង​ឆ្លង​ក្នុង​តំបន់​រក​ឃើញ​មាន​មេរោគ​គ្រុន​ផ្ដាសាយ​បក្សី​នោះ ត្រូវ​ត្រួត​ពិនិត្យ​លើ​ការ​ទិញ លក់ ឬ​ដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ឆ្លង​កាត់​ចំណុច​មាន​មេរោគ​ក្នុង​រង្វង់​មាន​កាំ ៣​គីឡួម៉ែត្រ និង​ដាក់​តំបន់​មេរោគ​នោះ​ជា​តំបន់​ត្រួត​ពិនិត្យ តាម​ដាន និង​ស្រាវជ្រាវ​ប្រភព​ជំងឺ​ក្នុង​រយៈពេល ៣០​ថ្ងៃ និង​ត្រួត​ពិនិត្យ​ចលនា​បក្សី​ជា​ប្រចាំ ក្នុង​រង្វង់​ដី ១០​គីឡូម៉ែត្រ ជុំវិញ​តំបន់​ផ្ទុះ​ជំងឺ។
ការ​ប្រកាស​តំបន់​ហាមឃាត់​នោះ អាច​នឹង​ដក​ចេញ​វិញ​ក្រោយ​ពី​មាន​ការ​ត្រួត​ពិនិត្យ​ទៅ​ឃើញ​ថា លែង​មាន​មេរោគ​នៅ​តំបន់​នោះ៕




No comments:

Post a Comment