Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

លោក ហ៊ុន សែន ធៀប​ប្រាក់​ខែ​គ្រូបង្រៀន​ ជំនាន់​នេះ​ ថា​ ប្រសើរ​ជាង ​ទសវត្សរ៍ ​ទី​៨០

គ្រូ​បង្រៀន កូដកម្ម ៦១០
គ្រូបង្រៀន​លើក​បដា​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​៨ មករា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

លោក ហ៊ុន សែន ធៀប​ប្រាក់​ខែ​គ្រូបង្រៀន​ ជំនាន់​នេះ​ ថា​ ប្រសើរ​ជាង ​ទសវត្សរ៍ ​ទី​៨០

ដោយ វោហារ ជាតិ / អាស៊ីសេរី | ១២ មីនា ២០១៤
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀប​ប្រដូច​ប្រាក់​ខែ​គ្រូបង្រៀន​ជំនាន់​នេះ​ថា បាន​ប្រសើរ​ជាង​ប្រាក់​ខែ​គ្រូបង្រៀន​ជំនាន់​វៀតណាម ត្រួតត្រា​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។
លោក​ថា គ្រូបង្រៀន​ក្រោយ​របប ប៉ុល ពត ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ ទៅ មិន​មាន​ប្រាក់​ខែ​ទេ គឺ​បាន​តែ​របប​អង្ករ និង​ការ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​បរិភោគ​ពី​រដ្ឋាភិបាល​ជំនាន់​នោះ​បន្តិចបន្តួច។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្រៀន​ជាង ១​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១១ មីនា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​រាជធានី​ភ្នំពេញ។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​បាន​ខ្ពស់​ដូច​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​ឃោសនា​កន្លង​មក​ទេ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​អាច​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន រួម​ទាំង​មន្ត្រី​រាជការ​បន្តិច​ម្ដងៗ ទៅ​តាម​ដំណើរ​ការ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រដ្ឋាភិបាល។
ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បាន​ផ្លែ​ផ្កា​ដាក់​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ដែល​កន្លង​មក​បាន​សន្យា​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ក្នុង​ម្នាក់​យ៉ាង​ហោច​ណាស់​ចំនួន ១​លាន​រៀល​នោះ ថា​ជា​ការ​សន្យា​បោកប្រាស់។
ឆ្លើយ​តម​ទៅ​នឹង​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ លោក កឹម សុខា អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រដូច លោក ហ៊ុន សែន ទៅ​នឹង​មេ​ដឹក​នាំ​អសមត្ថភាព ដែល​ចូល​ចិត្ត​ប្រៀប​ធៀប​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ទៅ​នឹង​ភាព​អន់​ថយ ទៅ​អតីតកាល មិន​ព្រម​ប្រៀប​ធៀប​ប្រទេស​ជាតិ​ទៅ​អនាគត ឬ​ទៅ​នឹង​ប្រទេស​ជឿន​លឿន​ជិត​ខាង​ខ្លួន។
លោក កឹម សុខា បន្ត​ថា បញ្ហា​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​បាន ដោយសារ​កត្តា​ពីរ​សំខាន់ គឺ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ប្រមូល​ថវិកា​ជាតិ និង​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល៕




No comments:

Post a Comment