រូបថតថ្ងៃទី១១ ធ្នូ ២០១១៖ ទីស្នាក់ការតុលាការកំពូលនៅរាជធានីភ្នំពេញ
RFA/Keo Nimol
តុលាការកំពូល ចេញដីកាបង្គាប់ ឲ្យស៊ើបរឿងក្ដី សម្លាប់ លោក ជា វិជ្ជា ឡើងវិញ
ដោយ ខែ សុណង / អាស៊ីសេរី | ១២ មីនា ២០១៤
តុលាការកំពូលបានបញ្ជូនសាលដីកាចុងក្រោយរបស់ខ្លួន បង្គាប់ឲ្យសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតរឿងក្ដីបាញ់សម្លាប់ លោក ជា វិជ្ជា ឡើងវិញ។ ការចេញសាលដីកានេះ បន្ទាប់ពីតុលាការកំពូលបានដោះលែង លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលមជ្ឈដ្ឋានទូទៅ និងក្រុមសង្គមស៊ីវិលរិះគន់ថា ជាឃាតកសិប្បនិមិត្ត។
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងបាញ់សម្លាប់អតីតមេដឹកនាំសហជីពសេរីកម្មករ កាលពីឆ្នាំ២០០៤ ទៅកម្លាំងសមត្ថកិច្ចបើកការស៊ើបអង្កេតស្វែងរកឃាតកពិត។
មេធាវីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក កៅ ទី មានប្រសាសន៍ថា លោកបានឃើញសាលដីកាពីតុលាការកំពូល បង្គាប់ឲ្យសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតរឿងក្ដីបាញ់សម្លាប់ លោក ជា វិជ្ជា ឡើងវិញ។ លោកថា នេះជានីតិវិធីស្របច្បាប់ដែលតុលាការត្រូវតែធ្វើ។
«សំឡេង»
ពាក់ព័ន្ធបញ្ហានេះ ប្អូនប្រុស លោក ជា វិជ្ជា គឺលោក ជា មុនី បានថ្លែងថា លោកស្វាគមន៍ចំពោះនីតិវិធីរបស់តុលាការ ប៉ុន្តែលោកពុំមានជំនឿលើចំណាត់ការរបស់តុលាការនោះទេ។ លោកថា យុត្តិធម៌ប្រហែលជាមិនអាចមានសម្រាប់បងប្រុសរបស់លោកឡើយ ដោយសារគាត់ជាអ្នកតស៊ូមតិដើម្បីសុំដំឡើងប្រាក់ខែឲ្យកម្មករ។
«សំឡេង»
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបកាសែតក្បែរវត្តលង្កា រាជធានីភ្នំពេញ។ ភ្លាមៗ ប៉ូលិសបានចាប់ខ្លួនបុរសពីរនាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ដាក់ពន្ធនាគារ ហើយត្រូវតុលាការចោទប្រកាន់ថាជាឃាតក។ ប៉ុន្តែ អ្នកទាំងពីរត្រូវបានមជ្ឈដ្ឋានទូទៅ និងសង្គមស៊ីវិលរិះគន់ថា ជាឃាតកសិប្បនិមិត្ត។ ហើយអ្នកទាំងពីរបានតុលាការកំពូលដោះលែងជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីមិនបានរកឃើញកំហុស។ ប៉ុន្តែ ពួកគេបានជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំរួចទៅហើយ៕
No comments:
Post a Comment