Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

ករណី​រត់ពន្ធ​ រថយន្ត ​សេរី​ទំនើប​ ពី​ទឹកដី​ថៃ​ ចូល​មក​ កម្ពុជា

ករណី​រត់ពន្ធ​ រថយន្ត ​សេរី​ទំនើប​ ពី​ទឹកដី​ថៃ​ ចូល​មក​ កម្ពុជា


ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ១០ មីនា ២០១៤
រដ្ឋាភិបាល​កម្ពុជា បាត់បង់​ប្រាក់​ចំណូល​ជា​ច្រើន​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ការ​នាំ​រថយន្ត​គេច​ពន្ធ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ រថយន្ត​ប្រភេទ​សេរី​ទំនើប​ទាំង​នោះ​ មាន​ដូច​ជា​ រថយន្ត​ម៉ាក Land cruiser និង​រថយន្ត​ម៉ាក Lexus ជា​ដើម។
អ្នក​រត់ពន្ធ​ទាំង​នោះ​បាន​យក​ស្លាក​លេខ​ឡាន​ពី​ស្រុក​ខ្មែរ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​មក​យក​ស្លាក​លេខ​នោះ​ទៅ​បិទ​លើ​រថយន្ត​សេរី​ទំនើប​បើក​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​មក​កម្ពុជា។
ការ​រត់ពន្ធ​រថយន្ត​សេរី​ទំនើប​ពី​ទឹកដី​ថៃ ចូល​មក​កម្ពុជា ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ហាក់​ដូច​ពុំ​មាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​នោះ​ឡើយ​ ប៉ុន្តែ​មន្ត្រី​គយ​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ​គិត​តែ​ពី​ជំរិត​យក​ប្រាក់​ពី​ក្រុម​អាជីវករ​តូចតាច​ដែល​រក​ស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ទឹក​ដី​ថៃ មក​លក់​ដូរ​នៅ​ស្រុក​ខ្មែរ។
ប្រភព​ពី​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​កាល​ពី​ថ្ងៃ​ទី​១០ មីនា ថា ទំនិញ​បន្តិច​បន្តួច​ដែល​ពួកគាត់​បាន​ទិញ និង​ដឹក​ចូល​មក​ពី​ប្រទេស​ថៃ​ កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​បាន​មន្ត្រី​គយ​ចាប់ និង​ផាក​ពិន័យ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ប៉ុន្តែ​​មន្ត្រី​គយ​មាន​ការ​ធូរ​រលុង​ជា​មួយ​ក្រុម​ឈ្មួញ​រក​ស៊ី​ធំ៖ «ថៅកែ​ធំ​ឃុបឃិត​ជាមួយ​គ្នា​ហ្នឹង បង់​លុយ​ក្រៅ ហើយ​អីវ៉ាន់​ចេញ​មក​ទាំង​ឡាន អ៊ីចឹង​គេ​ចេញ​មក​ស្រួល​ចំពោះ​រូប​ខ្ញុំ​ជា​អាជីវករ​តូចតាច​គេ​ចាប់​យក​ទៅ​បង់​ពន្ធ វា​អយុត្តិធម៌​ចំពោះ​គ្នា​មាន​លុយ​បន្តិចបន្តួច​ទៅ​រក​ស៊ី។ ចំពោះ​ខ្ញុំ​អាជីវករ​មិន​ដឹង​ធ្វើ​ម៉េច​ជាមួយ​គ្នា​រវល់​គេ​ចាប់​យក​ទៅ​បង់​ពន្ធ​ពេក»
ការ​បង់​ពន្ធ​តាម​ច្បាប់​កំណត់​គឺ​​តម្រូវ​ក្រុម​អាជីវករ​ទាំង​នោះ​នាំ​គ្នា​ចូល​ទៅ​បង់​ពន្ធ​នៅ​ទី​ស្នាក់​ការ​គយ និង​ចេញ​បង្កាន់ដៃ​បង់​ពន្ធ​អោយ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​ក្រុម​អាជីវករ​ថ្លែង​ថា ​មន្ត្រី​គយ​បាន​បែរ​ជា​ឈរ​ចាំ​ទារ​លុយ​នៅ​ក្រោម​ខ្លោងទ្វារ​ប្រាសាទ ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នោះ​ទៅ​វិញ។ បញ្ហា​នេះ  អាជីវករ​តូចតាច​ទាំង​នោះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ពួកគាត់​មិន​ហ៊ាន​ប្រកែក​តវ៉ា​នោះ​ឡើយ។
អាជីវករ៖ «វា​មាន​ការ​លំបាក​មែន​ទែន! ការ​ដឹក​ទំនិញ​មក អ៊ីចឹង​ពេល​ខ្លះ​បាន​បង់​ហើយ បញ្ជា​ឲ្យ​គយ​ចល័ត​ហ្នឹង​ចាប់​ទៀត ចាប់​តែ​អ្នក​តូចតាច​ទេ អ្នក​ធំ​គេ​ស៊ី​លុយ​អី​អ៊ីចឹង​បង់​ជា​ខែ ទំនិញ​គេ​បង្កប់​ពី​ក្រោម ដាក់​ពី​លើ វា​អយុត្តិធម៌​សម្រាប់​អ្នក​រក​ស៊ី​តូច​តាច​ណាស់ វា​ពិបាក​យើង​រក​គ្រាន់​ចិញ្ចឹម​គ្រួសារ​បន្តិចបន្តួច​ច្រើន​មាន​ច្រើន​នាក់ គេ​អត់​ហ៊ាន​និយាយ អ៊ីចឹង​គយ​ដឹង​គយ​ធ្វើ​បាប»
ក្រៅ​ពី​នេះ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ក៏​ក្រុម​ឈ្មួញ​រក​ស៊ី​រត់ពន្ធ​រថយន្ត​ស៊ី​ទំនើប​ថែម​ទៀត។
ប្រភព​បញ្ជាក់​ថា រថយន្ត​ម៉ាក Land cruiser និង​រថយន្ត​ម៉ាក Lexus សេរី​ទំនើប​ត្រូវ​នាំ​ចូល​មក​ពី​ទឹក​ដី​ថៃ ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ពុំ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ឡើយ៖ «ឡាន​ពេល​គេ​នាំ​ចូល​មក​ថៅកែ​គេ​អត់​បង់​ពន្ធ​គយ​ទេ គេ​ជិះ​ឡាន​ល្អ​ពី​នេះ​ទៅ​មួយ​អ៊ីចឹង​ទៅ ដល់​នុះ​ ដោះ​ស្លាក​លេខ​ ខេមរភូមិន្ទ​បិទ​មក​ពី​នុះ អ៊ីចឹង​រថយន្ត​ទំនើប​ដែល​​គយ​វា​មិន​ដឹង ច្រើន​ប្រភេទ​ក្នុង​មួយ​ខែ ចេញ​ចូល​សេរី​៥៧០»
ការ​រត់ពន្ធ​រថយន្ត​សេរី​ទំនើប​នេះ​ គេ​មិន​ដឹង​ថា មន្ត្រី​គយ​ខ្មែរ​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​នោះ​ពុំ​បាន​ដឹង ឬ​បាន​ដឹង​នោះ​ទេ។ ការ​រត់ពន្ធ​រថយន្ត​សេរី​ទំនើប​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​​បង់​ពន្ធ​ជូន​រដ្ឋ។ ក្រុម​អាជីវករ​លើក​ឡើង​ថា នៅ​ពេល​មាន​មន្ត្រី​ថ្នាក់​លើ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​ទំនិញ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​នោះ ​ម្ដងៗ ​មន្ត្រី​គយ​នៅ​ទី​នោះ​បាន​ប្រាប់​ឲ្យ​ឈ្មួញ​រក​ស៊ី​​នាំ​ទំនិញ​ធំ​នោះ​ផ្អាក​សកម្មភាព​ជា​បណ្ដោះ​អាសន្ន។
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ឈួន ហៃ ​ប្រធាន​ការិយាល័យ​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ប៉ុន្តែ​ប្រធាន​សាខា​គយ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ​ថោង ​សុខាំភូ ថ្លែង​ថា មន្ត្រី​គយ​ថ្នាក់​លើ​ពុំ​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ។ កន្លង​មក​ លោក​បាន​ចុះ​ពង្រឹង មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រត់ពន្ធ​រថយន្ត​ឆ្លង​ដែន​នោះ​ឡើយ។
លោក ​ថោង ​សុខាំភូ៖ «បញ្ហា​ហ្នឹង​មាន​តែ​សួរ​មេដឹកនាំ​ក្រោម​ហ្នឹង​អោយ​ឆ្លើយ ខ្ញុំ​នៅ​នេះ​ ចំពោះ​ឡាន​គ្រប់គ្រង​ចេញ​ចូល​ខ្ញុំ​ពិបាក​និយាយ​ដែរ រឿង​ចាប់​អីវ៉ាន់​ជា​រឿង​គេ​ត្រូវ​តែ​អោយ​ចាប់​ បើ​ថា បង់​តាម​ក្រោយ​មាន ឬ​មិន​មាន ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ទេ ខ្ញុំ​ឲ្យ​កែ​សម្រួល​មិន​អោយ​ធ្វើ​អ៊ីចឹង​ទេ»
ពាក់ព័ន្ធ​បញ្ហា​នេះ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត​ បញ្ជាក់​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​ពុំ​ដែល​បាន​ជួប​ប្រជុំ​ត្រួត​ពិនិត្យ​ពី​ប្រាក់​ចំណូល​របស់​ស្ថាប័ន​​គយ​នោះ​ឡើយ។ ពាក់ព័ន្ធ​ទៅ​បទល្មើស​រត់ពន្ធ​រថយន្ត​សេរី​ទំនើប​​ឆ្លងដែន​ កន្លង​មក​មាន​អាជីវករ​​ប្រាប់​ថា បាន​កើត​មាន​ឡើង​ពិត​ប្រាកដ​មែន។ លោក​បន្ត​ថា ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ធ្វើ​ការ​ពិនិត្យ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មើភាព​គ្នា​ និង​ការ​រត់ពន្ធ​រថយន្ត​សេរី​ទំនើប​​ឆ្លងដែន ព្រោះ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕




No comments:

Post a Comment