តំណាងប្រព័ន្ធផ្សព្វផ្សាយ ពីបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមវេទិកាសហគមន៍អាស៊ាន (រូបថតពី៖ AsiaCalling)
AsiaCalling ៖ ប្រព័ន្ធផ្សព្វផ្សាយ នឹងដើរតួនាទី ដ៏សំខាន់ នៅពេល សមាគមអាស៊ាន ប្រែក្លាយ ជាសហគមន៍អាស៊ាន
ប្រែសម្រួលដោយ៖ នួន បូរិន និង ពៅ និកា / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014
នៅឆ្នាំក្រោយនេះ ប្រទេសជាសមាជិកទាំង១០របស់អាស៊ាន នឹងរួបរួមគ្នាជាតំបន់មួយដែលគ្មានព្រំដែន នោះគឺសហគមន៍អាស៊ាន។
តែតំបន់នេះមានលក្ខណៈទីទៃពីគ្នាច្រើន ដែលធ្វើឲ្យជម្លោះរវាងប្រទេសជាសមាជិកអាស៊ាន មើលទៅហាក់ដូចជានៅតែបន្តកើតឡើង។ ជាមួយនឹងបញ្ហាពុទ្ធសាសនិក វាយប្រហារលើប្រជាជនម៉ូស្លីមនៅក្នុងប្រទេសភូមា ឬប្រជាជនម៉ាឡេស៊ីរំលោភបំពាន លើពលករចំណាកស្រុកឥណ្ឌូនេស៊ី រហូតដល់បញ្ហាការចាប់រឹបអូសយកដីនៅ ក្នុងប្រទេសកម្ពុជាជាដើម។
តើប្រព័ន្ធផ្សព្វផ្សាយគួរតែរាយការណ៍ព័ត៌មាន ពីភាពខុសប្លែកគ្នារបស់តំបន់នេះយ៉ាងដូចម្តេច?
KBR68H ផលិតករកម្មវិធី Asia Calling បានប្រមូលផ្តុំអ្នកសារព័ត៌មាននានាពីទូទាំងតំបន់ ដើម្បីមកធ្វើការឆ្លើយតបទៅនឹងសំណួរដ៏លំបាកនេះ។
ប្រទេសនេះ បានមើលឃើញពីរីករាលដាលឡើងយ៉ាងឆាប់រហ័ស នៃអំពើហឹង្សា ដែលផ្តោតលើជនជាតិ ភាគតិចម៉ូស្លីម ចាប់តាំងពីខែមិថុនា ឆ្នាំ២០១២មកម្ល៉េះ។
លោក Aye Chan Naing និពន្ធនាយកសារព័ត៌មាន នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ដែលមានឈ្មោះថា សំលេងប្រជាធិបតេយ្យភូមា មានប្រសាសន៍ឲ្យដឹងថា វាមិនងាយស្រួលនោះទេ សម្រាប់ពួកគេ ក្នុងការរាយការណ៍ពីព្រឹត្តិការណ៍បែបនេះ «សារព័ត៌មានរបស់យើង ត្រូវគេគំរាមកំហែង មិនឲ្យរាយការណ៍ ពីជម្លោះសាសនា។ ឧទាហរណ៍ ដូចជាជម្លោះសាសនារវាងភាគខាងលិចភូមា រវាងម៉ូស្លីម និងពុទ្ធសាសនិក ក្រុមជនជាតិភាគតិចរ៉ូហីងយ៉ា ពួកគេត្រូវបានគេបណ្តេញចេញពីប្រទេស។ ភូមិដ្ឋានរបស់ពួកគេ ត្រូវគេដុតបំផ្លាញចោល។ តែនៅពេលយើងរាយការណ៍ពីបញ្ហាទាំងនេះ យើងត្រូវគេវាយប្រហារ។ កាលពី២០ឆ្នាំមុន វាងាយស្រួលមែនទែន ដើម្បីដឹងថា តើនរណាដែលមិនចូល ចិត្តសេចក្តីរាយការណ៍របស់យើង នោះគឺរដ្ឋាភិបាល។ តែសព្វថ្ងៃនេះ ស្ថានភាពខុសប្លែកពីមុន។ យើងមិនដឹងថា តើនរណាដែលមិនចូលចិត្តព័ត៌មានរបស់យើងនោះទេ»។
ហើយមិនមែនតែអ្នកសារព័ត៌មានក្នុងស្រុកទេ ដែលលប្រឈមមុខ នឹងបញ្ហាក្នុងការរាយការណ៍ពីជម្លោះនោះ។ ខណៈដែលព័ត៌មានពីជម្លោះ មានការរីកសាយភាយ អ្នកសារព័ត៌មានមកពីគ្រប់ទិសទីក្នុងតំបន់ ក៏ប្រឈមមុខ នឹងបញ្ហាស្រដៀងៗគ្នានេះដែរ។
លោក Sharaad Kuttan អ្នកផលិតកម្មវិធីវិទ្យុម្នាក់ មកពីBFM ម៉ាឡេស៊ី មានប្រសាសន៍ថា នេះជាអ្វីដែលគាត់ហៅថា “វប្បធម៌នៃភាពទន់ភ្លន់” នៅក្នុងតំបន់ «ខ្ញុំគិតថា បញ្ហាមួយផ្សេងទៀត សម្រាប់ភាពខុសប្លែកៗពីគ្នានៅក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់ គឺវប្បធម៌ទន់ភ្លន់ ឬហៅថាគោលនយោបាយនៃមិនតបតអន្តរាគមន៍ ហើយសំណួរសួរថា តើនរណាដែលមានសិទ្ធិក្នុងការនិយាយពីបញ្ហារបស់អ្នកដទៃ។ តើខ្ញុំមានសិទ្ធិទេក្នុង ការនិយាយ ពីបញ្ហារបស់អ្នក? អ្នកប្រហែលជាដឹងយ៉ាងច្បាស់អំពីបញ្ហានេះ តែនៅពេលប្រធានរបស់ខ្ញុំ នៅម៉ាឡេស៊ី បាននិយាយទៅកាន់អ្នកនៅក្នុងប្រទេសមីយ៉ាន់ម៉ា តើអ្នកកំពុងធ្វើអ្វីទៅកាន់ជនជាតិភាគ តិចម៉ូស្លីមរបស់អ្នក? អ្នកប្រហែលជាគិតថា តើលោកឯងជានរណាដែលមកនិយាយរឿងនេះជាមួយខ្ញុំ? អ្នកមិនដឹងអ្វីគ្រប់គ្រាន់នោះទេ។ អ្នកមិនមានបរិបទ ហើយអ្នកក៏ប្រហែលជាមិនផ្តល់ សិទ្ធិឲ្យខ្ញុំក្នុងការនិយាយដែរ»។
កិច្ចពិភាក្សាបានពាំនាំទាំងអ្នកតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីជជែកពិភាក្សាពីរបៀបដើម្បីធានាពីតុល្យភាពការធ្វើសេចក្តី រាយការណ៍លើបញ្ហាដែល កំពុងប៉ះពាល់ដល់ថ្នាក់តំបន់។
អ្នកតំណាងទាំងអស់យល់ស្របថា កម្រិតខ្ពស់នៃគុណភាពការងារ អាចជួយដោះស្រាយ លើ បញ្ហាប្រឈមទាំងនេះ។
នាយករងនៃវិទ្យុជាតិវៀតណាម លោកស្រី Cam Hoa Pho មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយត្រូវ តែឈរលើគ្រប់ក្រុមទាំងអស់ «នៅក្នុងប្រទេសវៀតណាម យើងមានជនជាតិភាគតិច៥៤ក្រុម ហើយក្រុមជនជាតិដែលច្រើនជាងគេ គឺវៀតណាម។ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ ក្នុងការ អភិរក្សការពារភាពខុសៗគ្នានៃវប្បធម៌។ ហើយនៅក្នុងការិយាល័យ យើងមានអ្នកតំណាងជាច្រើន ដែលមកពីក្រុមទាំងនោះ។ តាមរយៈវិធីនេះ យើងអាចស្វែងយល់ពីតួនាទីរបស់ ក្រុមជនជាតិភាគតិច ហើយភ្ជាប់ទំនាក់ទំនងព័ត៌មានរបស់យើង ជាមួយពួកគេ»។
នៅឆ្នាំក្រោយនេះ ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន នឹងក្លាយទៅជាទីផ្សារដូចគ្នាដ៏ធំមួយ។
ប្រជាជនអាចមានលទ្ធភាពធ្វើដំណើរកាន់តែងាយស្រួល ក្នុងរវាងប្រទេសទាំង១០ ហើយតំបន់ទាំង មូលនឹងក្លាយទៅជាកាន់តែមានថាមពល។
ហើយប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការយល់ដឹងដូចគ្នាមួយ រវាងប្រទេសទាំង អស់ នេះបើតាមប្រសាសន៍លោក Danny Lee នាយកការអភិវឌ្ឍន៍កិច្ចការ សហគមន៍ សម្រាប់អគ្គលេខាធិការអាស៊ាន។ គាត់មានប្រសាសន៍ថា ភាពទីទៃពីគ្នាធ្វើដំណើរក្នុងផ្លូវទាំងពីរ «ជាផ្លូវការ រដ្ឋាភិបាលអាស៊ានមិនអន្តរាគមន៍ជំនួសរដ្ឋាភិបាល ប្រទេសដទៃនោះទេ។ តែប្រព័ន្ធផ្សព្វផ្សាយ គឺជារឿងខុសគ្នា។ វាក៏មិនខុសប្លែកពីសព្វថ្ងៃនេះដែរ។ នៅក្នុងភាពប្លែកៗពីគ្នានេះ មនុស្សមួយចំនួននឹងយល់ស្រប ហើយមនុស្សមួយចំនួនទៀតនឹងមិនយល់ស្រប។ នេះក៏ជាផ្នែកមួយ នៃទស្សនីយភាពរបស់យើងដែរ។ នេះជាមូលហេតុដែលថាហេតុអ្វី គ្មាននរណាម្នាក់ឆ្លើយ។ អ្នកមិនមានចំលើយដូចគ្នាមួយ មិនមែនគ្រប់គ្នាសុទ្ធតែសប្បាយរីករាយនោះទេ។ អ្នកមានចំលើយជាច្រើន ម្នាក់ៗនឹងជ្រើសយកចំលើយមួយដែលគេចូលចិត្ត»៕
No comments:
Post a Comment