Paris Peace Accords 23 Oct. 1991

Thursday, March 6, 2014

អង្គការ​ តម្លាភាព​កម្ពុជា​ រៀប​ចំ​ ប្រឡង​រូប​ថត​ ឆ្លុះ​បញ្ចាំង​ អំពើ​ ពុក​រលួយ

តម្លាភាព​កម្ពុជា ៦១០
៥-មីនា-២០១៤៖ កម្មវិធី​ប្រកួត​ប្រជែង​ថត​រូប​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អំពើ​ពុក​រលួយ​ក្នុង​សង្គម។


អង្គការ​ តម្លាភាព​កម្ពុជា​ រៀប​ចំ​ ប្រឡង​រូប​ថត​ ឆ្លុះ​បញ្ចាំង​ អំពើ​ ពុក​រលួយ


ដោយ វោហារ ជាតិ / អាស៊ីសេរី | ០៥ មីនា ២០១៤
អង្គការ​តម្លាភាព​កម្ពុជា (Transparency International Cambodia) បាន​រៀប​ចំ​ពិធី​ប្រកួត​ប្រជែង​ជ្រើស​រើស​រូបថត​ល្អ​ឯក ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ផល​ប៉ះពាល់​នៃ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ដែល​ពិធី​នេះ​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៤ នៅ​ការិយាល័យ​នៃ​អង្គការ​តម្លាភាព​នា​រាជធានី​ភ្នំពេញ។
មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​នេះ​បញ្ជាក់​នៅ​ថ្ងៃ​ទី​៥ មីនា ថា បេក្ខជន​គ្រប់​រូប​អាច​ចូល​ប្រឡង​បាន​គ្រប់​គ្នា ដោយ​គ្រាន់​តែ​ផ្ញើ​រូបថត​១​សន្លឹក ឬ ៣​សន្លឹក ដែល​ឆ្លុះ​បញ្ចាំង​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម ទៅ​កាន់​អង្គការ​តម្លាភាព​តាម​រយៈ​អ៊ីមែល ឬ​យក​ទៅ​ផ្ទាល់​ក៏​បាន។
លោក​បញ្ជាក់​អំពី​លក្ខណៈ​គុណភាព​រូប​ថត​ដែល​ត្រូវ​ដាក់​ប្រឡង​នោះ​ថា មាន​លក្ខខណ្ឌ​បី​សំខាន់ គឺ​សិល្បៈ ការ​ច្នៃ​ប្រឌិត​រូប និង​គុណភាព​រូប៖«លក្ខខណ្ឌ​សំខាន់ៗ​ក្នុង​ការ​ប្រកួត​ប្រជែង​ហ្នឹង ទី​១ គឺ​ទាក់ទង​ខ្លឹមសារ​នៃ​រូបភាព​ហ្នឹង ថា​តើ​រូប​ភាព​ហ្នឹង​ឆ្លុះ​បញ្ចាំង​សាធារណជន​ឲ្យ​គាត់​ឃើញ​រូប​ភាព តើ​គាត់​អាច​ស្រមៃ​ឃើញ​ជា​សិល្បៈ​ហ្នឹង តើ​គាត់​អាច​ឆ្លុះ​បញ្ចាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ឬ​អត់? ទី​២ ពេល​ប្រជាពលរដ្ឋ​សាមញ្ញ​មើល​ទៅ តើ​គាត់​ចាប់​អារម្មណ៍​ដែរ​ទេ។ ទី​២​ហ្នឹង យើង​មើល​ទៅ​លើ​ភាព​ច្នៃ​ប្រឌិត​របស់​រូប​ភាព​ហ្នឹង តើ​រូប​ភាព​ហ្នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដូច​ម្ដេច បើ​សិន​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​អាច​ឃើញ​រូប​ហ្នឹង ទៅ​គាត់​អាច​ចាប់​អារម្មណ៍​មើល​ភ្លាមៗ​ទេ។ ទី​៣ គឺ​គុណភាព​ហ្នឹង​រូប​ភាព​ហ្នឹង​តែ​ម្ដង ថា​តើ​រូប​ហ្នឹង​ទាក់ទង​ពណ៌ បេកក្រោន (Background) នៃ​រូប​ភាព​ហ្នឹង ទាក់ទង​អត្ថន័យ​ផ្សេងៗ រូប​ភាព​ហ្នឹង តើ​អាច​ឆ្លុះ​បញ្ចាំង​គុណភាព​ល្អ​ជាង​គេ»
លោក ប៉ិច ពិសី បញ្ជាក់​បន្ថែម​អំពី​គោល​បំណង​នៃ​ការ​ប្រកួត​ប្រជែង និង​គុណភាព​រូប​ភាព​ដែល​ត្រូវ​ដាក់​ប្រឡង​ថា មាន ៣​ចំណុច​ទៀត គឺ​ទី​១ រូប​ភាព​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ប្រព័ន្ធ​អភិបាល​កិច្ច​ល្អ​របស់​កម្ពុជា ទៅ​នឹង​អំពើ​ពុក​រលួយ ដើម្បី​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា យក​ទៅ​ដាក់​ជា​គម្រោង​របាយការណ៍​ស្រាវជ្រាវ​មួយ ទាក់ទង​នឹង​ប្រព័ន្ធ​សុចរិត​ភាព​ថ្នាក់​ជាតិ។ ទី​២ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​លើក​ស្ទួយ​សុចរិត​ភាព និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​ចូល​រួម​នៃ​ការ​ប្រកួត​ប្រជែង​នេះ និង​ទី​៣ គឺ​ដើម្បី​បង្ហាញ​ខ្លឹមសារ​នៃ​អំពើ​ពុក​រលួយ​តាម​រយៈ​រូប​ភាព ពិសេស​ផល​ប៉ះពាល់​នៃ​អំពើ​ពុក​រលួយ​តាម​រយៈ​រូប​ភាព។
លោក​ថា ជ័យលាភី​ទី​១ នឹង​ទទួល​បាន​ម៉ាស៊ីន​ថត​រូប​ឌីជីថល​មួយ​គ្រឿង ហើយ​ជ័យលាភី​ទី​២ និង​ទី​៣ នឹង​ទទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​អំពី​ជំនាញ​ថត​រូប ដែល​បង្រៀន​ដោយ​ក្រុម​អ្នក​ថត​រូប​បរទេស​ឈ្មោះ​ថា រួមខឡិកធីវ (RUOM Collective)៕




No comments:

Post a Comment