សកម្មភាពព្រះសង្ឃជួបជុំគ្នានៅក្នុងបរិវេណវត្ត ព្រឹក្សារតនារាម ហៅវត្តដំណាក់បេង នាខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។
(Licadho Photo)
ព្រះសង្ឃ ១១អង្គ ត្រូវបាន បណ្ដេញចេញ ពីវត្តដោយចោទថា គាំទ្រ បក្សប្រឆាំង
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ០៩ មីនា ២០១៤
ព្រះគ្រូចៅអធិការវត្តសុវណ្ណព្រឹក្សារតនារាម ហៅវត្តដំណាក់បេង នៅក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបណ្ដេញព្រះសង្ឃចំនួន ១១អង្គចេញពីវត្ត ដោយចោទថា មាននិន្នាការគាំទ្រគណបក្សប្រឆាំង។
បច្ចុប្បន្នព្រះសង្ឃ ១០អង្គ បាននិមន្តស្នាក់នៅទីអារាមមួយក្នុងស្រុកបាណន់ ចំណែកព្រះសង្ឃមួយអង្គផ្សេងទៀតបានសឹកចេញពីវត្ត។ ជម្លោះនៅក្នុងវត្តនេះ កំពុងរីកធំឡើងៗ។
ការគាំទ្រនេះបណ្ដាលឲ្យមានការឈ្លោះប្រកែកយ៉ាងតឹងសរសៃកដាក់គ្នាកើតឡើងរវាងព្រះសង្ឃ ១០អង្គ ជាមួយនឹងព្រះចៅអធិការវត្តដំណាក់បេង អនុគណស្រុក រួមទាំងអាជ្ញាធរដែនដីមួយចំនួនទៀត។
កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ព្រះគ្រូចៅអធិការវត្តសុវណ្ណព្រឹក្សារតនារាម មុនដំបូងឡើយបានបណ្ដេញព្រះសង្ឃពីរអង្គចេញវត្ត។ ព្រះគ្រូចៅអធិការចោទប្រកាន់ថា ព្រះសង្ឃព្រះនាម ពត ជីវន្ត មានសកម្មភាពគាំទ្រគណបក្សប្រឆាំង។ បន្ទាប់មកក៏មានលោក នេន ៩អង្គផ្សេង ដែលគង់នៅវត្តនោះ ក៏និមន្តចេញពីវត្តទៅជាមួយព្រះសង្ឃ ពត ជីវន្ត។
ព្រះគ្រូចៅអធិការ ព្រះនាម ស៊ន ពៅ មានថេរដីកាចោទថា ក្រុមអ្នកភូមិដែលចូលទៅគាំទ្រព្រះអង្គ ពត ជីវន្ត នោះ គឺសុទ្ធជាអ្នកគាំទ្រគណបក្សប្រឆាំង៖ «តែបើលោកមិនមែនគណបក្សសង្គ្រោះមែន ចុះហេតុអីគណបក្សសង្គ្រោះជាតិ មកពេញទឹកពេញដីក្នុងវត្ត អ៊ីចឹងមានលោកយាយម្នាក់ខាងសង្គ្រោះជាតិគាត់ថា ជីវន្ត បានសិក្សាធ្វើនយោបាយក្នុង ១ខែចេញពីវត្តនេះ អ៊ីចឹងអាត្មាដឹងពីត្រង់ហ្នឹងមក»។
បាតុភាពនេះ កើតមានឡើងក្រោយពីព្រះសង្ឃព្រះនាម ពត ជីវន្ត និងលោក នេន ចំនួន ៩អង្គផ្សេងទៀត បាននិមន្តទៅទីអារាមនោះ សុំឲ្យព្រះចៅអធិការវត្តសុវណ្ណព្រឹក្សារតនារាម និងអនុគណស្រុកភ្នំព្រឹក បញ្ជាក់ពីមូលហេតុនៃការបណ្ដេញព្រះសង្ឃចំនួន ១០អង្គ មិនឲ្យគង់បន្តនៅក្នុងវត្ត។
ព្រះអង្គ ពត ជីវន្ត មានថេរដីកាបញ្ជាក់ថា ព្រះអង្គគង់នៅក្នុងវត្តទើបបានជាង ៣ខែប៉ុណ្ណោះ។ នៅក្នុងវត្តព្រះអង្គបានបើកបង្រៀនភាសាអង់គ្លេសដល់លោក នេន តូចជាច្រើនអង្គ ប៉ុន្តែព្រះអង្គពុំមានជាប់ពាក់ព័ន្ធទៅនិន្នាការគណបក្សនយោបាយនោះឡើយ។ ដើមរឿងដំបូង ព្រះអង្គបញ្ជាក់ថា គឺនៅថ្ងៃទី៤ កុម្ភៈ មានព្រះសង្ឃមួយអង្គបានបើកម៉ាស៊ីនគោយន្តថយក្រោយទៅប៉ះនឹងបណ្ដាលឲ្យរនាំង ការពាររូបសំណាកលោកយាយ ដូន សំ ស្រាប់ព្រះគ្រូចៅអធិការ ស៊ន ពៅ ខឹងច្រឡោត និងមានពាក្យសម្ដីខ្លាំងៗ។
ព្រះអង្គ ពត ជីវន្ត៖ «ថាពួកអាសិស្សទាំងអស់វាខូចដោយសារអាគ្រូភ្លើដែរ រហូតមានការគំរាមកំហែងអាត្មា ថាពួកអាបួនក្បាលអង្គនាក់ហ្អែង បើសិនអញវាយងាប់ អញយកទៅកប់នៅណាក៏គ្មានអ្នកដឹងដែរ។ ពាក្យសម្ដីហ្នឹងឯង។ ហើយថា អាត្មាទាក់ទិននឹងរឿងនយោបាយ អ៊ីចឹងនិយាយចេញមក»។
សមាជិកក្រុមប្រឹក្សាស្រុកភ្នំព្រឹក មកពីគណបក្ស សម រង្ស៊ី លោក ទន់ សុផល បញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ក្រុមអាជ្ញាធរមូលដ្ឋាន និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបួរ បានចុះទៅគំរាមរកចាប់ព្រះសង្ឃមួយអង្គ ដែលនិមន្តទៅជាមួយព្រះអង្គ ពត ជីវន្ត។ ព្រះអង្គរូបនោះបាននិមន្តចេញពីវត្តនៅមួយឋិតនៅក្នុងស្រុកបាណន់ និងត្រូវគេដឹងថា ជាសមាជិករបស់បណ្ដេញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ យ៉ាងណា ក្រុមអាជ្ញាធរពុំអាចចាប់ព្រះកាយព្រះអង្គបាននោះឡើយ ដោយសារនៅគ្រានោះមានពុទ្ធបរិស័ទចូលទៅគាំទ្រច្រើន។
លោក ទន់ សុផល បញ្ជាក់ថា ការពិតព្រះអង្គ ពត ជីវន្ត ពុំមានជាប់ពាក់ព័ន្ធជាមួយគណបក្សប្រឆាំងនោះឡើយ។ ការបង្កើតរឿងលាបពណ៌នយោបាយ គឺជាចេតនារបស់ព្រះគ្រូចៅអធិការ ដើម្បីយកលេសបណ្ដេញព្រះអង្គ ពត ជីវន្ត ចេញពីវត្តតែប៉ុណ្ណោះ៖ «លោក ស៊ន ពៅ គាត់រកលេះអ្វីមិនមាន ដើម្បីកម្ចាត់លោក ជីវន្ត ចេញបាន មានតែរឿងនយោបាយហ្នឹងមួយគាត់លាបពណ៌ ព្រោះលោក ជីវន្ត ជាអ្នករៀនអ្នកសូត្រ លោកយល់ដឹង ហើយពួកខ្ញុំជាអ្នកនយោបាយក៏បានទំនាក់ទំនងទៅវត្តអ៊ីចឹងទៅ ប្រហែលជាលោកអន់ចិត្ត បានជាចោទមកលោក ជីវន្ត ពាក់ព័ន្ធនឹងនយោបាយ»។
លោកបន្តថា នៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា ព្រះគ្រូចៅអធិការនៅគ្រប់វត្ត សុទ្ធតែមាននិន្នាការគាំទ្រគណបក្សកាន់អំណាចទើបអាចគង់នៅបាន។ ទន្ទឹមនេះ លោក ទន់ សុផល បានចោទប្រកាន់ទៅលើក្រុមអាជ្ញាធរមូលដ្ឋានថា ជាអ្នកនៅពីក្រោយអធិករណ៍នៅក្នុងវត្តព្រឹក្សារតនារាមនេះដែរ។
មេឃុំបួរ លោក កើត ចិន្តា បានបដិសេធការចោទប្រកាន់នេះ។ លោកអះអាងថា ការដែលអាជ្ញាធរបញ្ជូនកម្លាំងប៉ុស្តិ៍នគរបាលនោះ គឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់នៅទីវត្តអារាមនោះតែប៉ុណ្ណោះ។ លោកថា រហូតមកនេះ មានព្រះសង្ឃចំនួន ១១អង្គហើយ ត្រូវបានអនុគណស្រុកភ្នំព្រឹក ចេញលិខិតស្នាមសម្រេចឲ្យនិមន្តចេញពីវត្តព្រឹក្សារតនារាម តែរឿងព្រះអង្គ ពត ជីវន្ត ពាក់ព័ន្ធនឹងការគាំទ្រគណបក្សប្រឆាំងនោះ លោកពុំបានដឹងនោះឡើយ។
លោក កើត ចិន្តា៖ «ករណីនេះខ្ញុំអត់ដឹងទេ ព្រោះរឿងវត្តទាំងឡាយ ប៉ុន្តែគាត់និយាយជារឿងមួយរបស់គាត់ទេ ព្រោះខ្ញុំដឹងថា ព្រះសង្ឃរឿងលោកដោះស្រាយរឿងលោក ម្សិលមិញខ្ញុំទៅក្លាយវាកើតអំពើហិង្សា ខ្ញុំទៅទប់សភាពការណ៍ហ្នឹង បញ្ហាហ្នឹងជារឿងព្រះសង្ឃ ខ្ញុំអត់ដឹងយ៉ាងម៉េចដែរ ខ្ញុំដឹងតែធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សាតែប៉ុណ្ណឹងហ្អែង រឿងព្រះសង្ឃទាល់តែអនុគណបានដោះស្រាយចេញ»។
មន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ហេង សាយហុង ដែលបានចុះទៅដល់កន្លែងកើតហេតុបញ្ជាក់ថា យ៉ាងហោចណាស់មានប្រជាពុទ្ធបរិស័ទជិត ២០០នាក់ បានចូលស្ដាប់នៅទីវត្តអារាមនោះដែរ។ អ្នកភូមិទាំងនោះ ពួកគេបានគាំទ្រព្រះសង្ឃទាំង ១០អង្គ អោយបន្តគង់នៅក្នុងវត្តជាបន្តទៀត ដោយសារជម្លោះស្ដាប់ប្រកែកគ្នាស្ដាប់លែងបានក៏មានការបំបែកគ្នា។
លោកបញ្ជាក់ថា ករណីបណ្ដេញព្រះសង្ឃចេញពីវត្តនេះ គឺមានជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយ៖ «រឿងរ៉ាវពិតប្រាកដគឺជារឿងធម្មតាទេ ការដឹកគោយន្តអីប៉ះធ្វើឲ្យខូចខាតនៅកន្លែងវត្តអារាម ជារឿងមួយ អប់រំណែនាំក្រោយមកមានការលាបពណ៌មានការជ្រៀតជ្រែកពីអាជ្ញាធរមូលដ្ឋានអីអោយ យោបល់លាបពណ៌ថា ជារឿងលោកបះបោរគណបក្សនយោបាយអីអ៊ីចឹងទៅ»។
ព្រះសង្ឃ ១០អង្គ បច្ចុប្បន្នកំពុងគង់នៅវត្តអារាមមួយក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ មន្ត្រីអង្គការលីកាដូ ឲ្យដឹងថា ព្រះសង្ឃ ១០អង្គនោះ គ្រោងតវ៉ាជាថ្មីម្ដងទៀតនៅពេលឆាប់ៗខាងមុខនេះដើម្បីទាមទាររកយុត្តិធម៌៕
No comments:
Post a Comment