Paris Peace Accords 23 Oct. 1991

Monday, March 10, 2014

ក្រុមហ៊ុន​ ចិន Union Development Group បន្ត​​ឈូស​ឆាយ​ដីប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​ បាន​ទទួល​ដំណោះ​ស្រាយ នៅ​ខេត្ត​កោះកុង

ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដុត​បំផ្លាញ កាល​ពី​ដើម​ខែ​កុម្ភៈ នៅ​ភូមិ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង
ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ដុត​បំផ្លាញ កាល​ពី​ដើម​ខែ​កុម្ភៈ នៅ​ភូមិ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង
Kongchit In

ក្រុមហ៊ុន​ ចិន Union Development Group បន្ត​​ឈូស​ឆាយ​ដីប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​ បាន​ទទួល​ដំណោះ​ស្រាយ នៅ​ខេត្ត​កោះកុង 


ដោយ អ៊ឹម រចនា / RFI | ​១០ មីនា ២០១៤
ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​មុន រហូត​មក​ទល់​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន​ចិន Union Development Group បាន​បញ្ជូន​គ្រឿងចក្រ  ទៅ​ឈូស​ឆាយ​ ដី​ស្រែ​ របស់ ​ប្រជាពលរដ្ឋ ​ចំនួន​១៨ ​គ្រួសារ ដែល​មិន​ទាន់ ​ទទួល​បាន​ដំណោះ​ស្រាយ នៅ​ភូមិ​តានូន ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។  ប្រជាពលរដ្ឋ ​ម្ចាស់​ដី បាន​សម្ដែង​ ក្ដី​អស់​សង្ឃឹម ខណៈ​ក្រុមហ៊ុន​ចិន ​បន្ត​ការ​ឈូស​ឆាយ​ដី​របស់​ពួក​គាត់ និង​ខណៈ​ ដែល​រដ្ឋាភិបាល ព្រម​ទាំង ​អាជ្ញាធរ​មូលដ្ឋាន ទម្លាក់ ​ការ​ទទួល​ខុស​ត្រូវ ​ឲ្យ​គ្នា​ទៅ​វិញ​ ទៅ​មក។

ទំនាស់​ដី​ធ្លី​នៅ​តែ​បន្ត រវាង​ក្រុមហ៊ុន​ចិន Union Development Group និង​​ប្រជាពលរដ្ឋ​នៅ​ភូមិ​តានូន ឃុំ​តានូន ស្រុក​បុទុមសាគរ ខេត្ត​កោះកុង​។ ក្រោយ​ពី​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ ក្រុមហ៊ុន​ចិន Union Development Group កាល​ពី​ថ្ងៃ​សៅរ៍​ទី​៨​មីនា បាន​ចាប់​ផ្ដើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ ដោយ​បាន​បញ្ជូន​ត្រាក់ទ័រ​ចំនួន​៤​គ្រឿង ឲ្យ​ទៅ​ឈូស​ឆាយ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ នៅ​ត្រង់​ចំណុច​ព្រែក​ស្វាយ ភូមិ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង​។ នេះ​បើ​តាម​មន្ដ្រី​សម្រប​សម្រួល​អង្គការការពារ​សិទ្ធិ​មនុស្ស​​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក​អ៊ិន គង់ជិត។

លោក​អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​នេះ ប៉ះពាល់​ដល់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​​​១៨​គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​សំណង។ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ប្រជាពលរដ្ឋ បាន​ចេញ​មុខ​តវ៉ា ហើយ​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​ចិន ក៏​បាន​ដក​ថយ​ទៅ​វិញ។ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន​ចិន បាន​បញ្ជូន​ត្រាក់ទ័រ​មក​ឈូស​ឆាយ​ជា​ថ្មី​ទៀត ដោយ​លើក​នេះ មាន​ទាំង​កម្លាំង​ប្រដាប់​អាវុធការពារ​​ផង។

មន្ដ្រី​សិទ្ធិ​មនុស្ស​ដដែល បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ឈូសឆាយ​នេះ​ ជា​ការបំពាន ស​ជណ របស់​ឧបនាយករដ្ឋមន្ត្រី លេខ​៣១៥ ចុះ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ដែល​តម្រូវឲ្យ​ក្រុមហ៊ុន​ចិន​ផ្អាក​ការ​ឈូសឆាយ​បណ្តោះអាសន្ន​ រង់ចាំ​ការដោះស្រាយ​។ ប្រជាពលរដ្ឋ​រង​គ្រោះ នៅ​ពេល​នេះ ចាប់​ផ្ដើម​អស់​សង្ឃឹម បន្ទាប់​ពី​បាន​ឃើញថា​សកម្មភាព​ឈូស​ឆាយ​ដី​ស្រែ ពី​សំណាក់​ក្រុមហ៊ុន​ចិន នៅ​តែ​បន្ត។ ហើយ​​រដ្ឋាភិបាល និង​​អាជ្ញាធរ​មូលដ្ឋាន ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ទេ ដោយ​ព្យាយាម​​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

គួរ​រំលឹកជូន​​ថា កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​ចិន Union Development Group នេះ បាន​ដុត​បំ​ផ្លាញ​ផ្ទះ​របស់​ប្រ​ជា​ពល​រដ្ឋ​អស់​ចំនួន​៤៥​ខ្នង ដែល​ស្ថិត​ក្នុង​ឃុំ​តា​នូន និង​ឃុំ​កោះ​ស្តេច ស្រុក​បុទុមសា​គរ ខេត្ត​កោះ​កុង​​។ ក្រោយ​ពីនោះ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ទៅ​​ដល់​កន្លែង​កើត​ហេតុ និង​បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​រង​គ្រោះ ដាក់​ពាក្យ​បណ្ដឹង​មក​គណបក្ស​សង្គ្រោះ​ជាតិ។

រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន លោក​សាយ សំអាល់ កាល​ពី​ចុង​ខែ​កុម្ភៈ ក៏​បាន​អញ្ជើញ​ទៅ​​ដល់​ទី​ស្នាក់ការ​របស់​ក្រុមហ៊ុន​ចិន Union Development Group នោះ​ដែរ ដើម្បី​ផ្សព្វផ្សាយ​ពី ​ស​ជណ របស់​ឧបនាយករដ្ឋមន្ត្រី លេខ​៣១៥​។ ប៉ុន្តែ​បើ​តាម​លោក​អ៊ិន គង់ជិត មន្ដ្រី​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង រហូត​មក​ទល់​ពេលនេះ ក្រុមហ៊ុន​ចិន​នៅ​តែ​បន្ត​សកម្មភាព​ឈូស​ឆាយ​យ៉ាង​គឃ្លើន ដោយ​មិនខ្វល់​​ពី​ សជណ របស់​ឧបនាយករដ្ឋ​មន្ដ្រី ហើយ​ក៏​មិន​​រវីរវល់​ដោះស្រាយ ​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​ដែរ៕




No comments:

Post a Comment