គ្រួសារពលកា រិនី ធ្វើការ នៅម៉ាឡេស៊ី ស្នើសូម ឲ្យជួយស្វែងរក កូនស្រីបាត់ខ្លួន
ដោយ សូត សុខប្រាថ្នា / RFA | 4 March 2014
ពួកគាត់ បានឱ្យដឹង ថា, កូនខ្លួន បាត់ដំណឹង រយៈពេល ១ឆ្នាំ មកហើយ ទើបធ្វើ ឱ្យពួកគាត់ មានក្តីបារម្ភ ជាខ្លាំង។ មន្ត្រីកម្មវិធី នៃអង្គការ ខារ៉ាម (CARAM) បានបញ្ជាក់ ថា, ពួកគាត់ បានបញ្ជូន សំណើ ទាំងនោះ ទៅកាន់ អង្គការ ជាដៃគូ និងស្ថានទូត ខ្មែរ នៅប្រទេស ម៉ាឡេស៊ី ដើម្បី ស្វែងរកកម្មកា រិនី ដែលមានបញ្ហា ទាំងនោះ។
បន្ទាប់ពីបាត់ដំណឹងកូនៗរបស់ខ្លួនជាច្រើនខែ ដោយមិនបានទទួលព័ត៌មានសោះ ធ្វើឱ្យក្រុមគ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា មានក្តីបារម្ភជាខ្លាំង។ ក្រុមគ្រួសារកម្មការិនីដែលបាត់ដំណឹងនៅខេត្តកំពង់ចាម បានស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរដែលពាក់ព័ន្ធ និងខាងអង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយស្វែងរកកូនខ្លួន និងបញ្ជូនពួកគាត់មកស្រុកខ្មែរវិញ។
ក្រុមគ្រួសារជនរងគ្រោះនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម អ្នកស្រី នាង វី បានឱ្យដឹងថា កូនអ្នកស្រីដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ឈ្មោះ ផូ ពិសី អាយុ ២២ឆ្នាំ បានបាត់ដំណឹងជាងមួយឆ្នាំមកហើយ។ អ្នកស្រីបន្តថា កូនរបស់គាត់បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១០ ដោយមានអាណត្តិ២ឆ្នាំ តាមរយៈក្រុមហ៊ុនមួយឈ្មោះ ហាដអូឌី (Hard OD) សាខានៅម្តុំខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុននេះត្រូវបានបិទទ្វារទៅហើយ ហើយម្យ៉ាង អ្នកស្រីក៏លែងទទួលដំណឹងពីខាងកូនតាំងពីឆ្នាំ២០១២ ទើបធ្វើឱ្យអ្នកស្រីមានការលំបាកក្នុងការស្វែងរកដំណឹងកូនខ្លួន ត្រឡប់មកស្រុកខ្មែរនោះ៖ «អត់មានលុយទេ មិនដឹងទៅខាងណាទេ? មែនទែន ថ្ងៃអ៊ីចឹងដេកអង្រឹងនឹកកូនទៅយំទៅ ដេកៗទៅយំទៅនឹកកូន មិនដឹងថាកូនហ្នឹងគេធ្វើបាបយ៉ាងម៉េច ព្រោះមើលមិនឃើញ តេមិនចូល ហើយតេចូលថៅកែហ្នឹង ហើយក៏គេមិនលើក អាម៉េចអីម៉េចទេ មិនចេះដែរ។ ចា៎ បាត់ឈឹងអ៊ីចឹងទៅរហូតទល់រាល់ថ្ងៃ។»
អ្នកស្រីថ្លែងបន្តថា ដោយសារតែភាពក្រីក្រក្នុងគ្រួសារទើបបណ្តោយកូនឱ្យទៅធ្វើការនៅ ឆ្ងាយពីស្រុកទេស ដោយសង្ឃឹមថានឹងទទួលបានប្រាក់យកមកស្ដារជីវភាពរស់នៅក្នុង គ្រួសារ ប៉ុន្តែបែរជាត្រូវជួបបញ្ហានេះ ទើបរឹតតែធ្វើឱ្យគ្រួសារកាន់តែជួបការលំបាកថែមទៀត។
ចំណែកគ្រួសារមួយទៀតនៅឃុំផ្អាវ ស្រុកបាធាយ លោក សែម សាត មានប្រសាសន៍ថា គាត់ក៏មិនបានទទួលដំណងពីកូនស្រីរយៈពេលជិត ១ឆ្នាំមកហើយ គឺតាំងពីពាក់កណ្ដាលឆ្នាំ២០១៣ ដែលជាពេលកូនស្រីលោកផុតអាណត្តិធ្វើការនៅប្រទេសម៉ាឡេស៊ី នោះ។ លោកបន្តថា កូនស្រីលោកឈ្មោះ គីម ណូត អាយុ ២៥ឆ្នាំ ដែលចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១១ ដោយសារតែមិនមានដំណឹងពីកូនស្រីបែបនេះ ទើបលោក និងក្រុមគ្រួសារជនរងគ្រោះឯទៀត នាំគ្នាទៅដាក់ពាក្យស្នើសុំនៅអង្គការខារ៉ាម និងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ឱ្យកូនខ្លួនបានវិលត្រឡប់មកស្រុកខ្មែរវិញ។
នៅថ្ងៃទី៣ ខែមីនា វិទ្យុអាស៊ីសេរី បានព្យាយាមទំនាក់ទំនងទៅមន្ត្រីទូតនៅប្រទេសម៉ាឡេស៊ី ដើម្បីសាកសួរព័ត៌មានបន្ថែមជុំវិញបញ្ហានេះ ប៉ុន្តែមានការពិបាកក្នុងការសន្ទនា។
ដោយឡែកប្រធានកម្មវិធីនៃអង្គការខារ៉ាម កម្ពុជា លោក មាស សាណេត មានប្រសាសន៍ថា លោកបានទទួលពាក្យស្នើសុំរបស់ក្រុមគ្រួសារជនរងគ្រោះនៅខេត្ត កំពង់ចាម ហើយ ហើយខាងលោកក៏បានបញ្ជូនសំណើទាំងនោះទៅកាន់ស្ថានទូតខ្មែរ និងអង្គការជាដៃគូនៅប្រទេសម៉ាឡេស៊ី រួចហើយ ប៉ុន្តែមិនទាន់ទទួលដំណឹងនៅឡើយទេ៖ «ព្រោះមួយសប្ដាហ៍មុនហ្នឹង យើងបានទទួលរហូតដល់ ៧ករណី រឿងបាត់ដំណឹងកម្មការិនីនៅកំពង់ធំ ពោធិ៍សាត់ និងកំពង់ចាម។ ហើយនៅក្នុងហ្នឹង យើងអត់ទាន់បានសាកសួរដៃគូយើងទេ ពីព្រោះគាត់កំពុងដំណើរការចំពោះរឿងហ្នឹង។ ព្រោះករណីខ្លះ ពួកគាត់មាន ២ឆ្នាំ ឬករណីខ្លះរហូតដល់ ៤ ឬ ៥ឆ្នាំ ហើយដូច្នេះមានការលំបាក ហើយមួយទៀតក្រុមហ៊ុននៅក្នុងស្រុកនេះដែលនាំចេញនេះគាត់បិទលែង ដំណើរការ។»
លោកបន្តថា ខាងលោកបានធ្វើការជាមួយអង្គការជាដៃគូនៅប្រទេសម៉ាឡេស៊ី រួមនិងស្ថានទូតខ្មែរនៅទីនោះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយស្វែងរកកម្មការិនីដែលបាត់ខ្លួន និងកម្មការិនីដែលរងគ្រោះផ្សេងទៀត។ លោកបញ្ជាក់ថា សម្រាប់ដើមឆ្នាំ២០១៤ នេះ ខាងលោកទទួលបានករណីបាត់ខ្លួនជាង ១០ករណី ដែលភាគច្រើននៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ លោកបន្ថែមថា កន្លងមកខាងលោកមានការពិបាកក្នុងការស្វែងរកប្រភពព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយពីសំណាក់អ្នកដែលបាត់ខ្លួនទាំងនោះ។ ដូចនេះ ក្រុមគ្រួសារជនរងគ្រោះគប្បីត្រូវដឹងពីអាសយដ្ឋានទំនាក់ទំនងទីតាំង រស់នៅមានសៀវភៅគ្រួសារ និងកាតសម្គាល់របស់សាមីខ្លួនឱ្យបានច្បាស់លាស់ ដើម្បីជាការងាយស្រួលក្នុងការស្វែងរកពួកគាត់ត្រឡប់មកវិញ៕
No comments:
Post a Comment