កម្មករ ប្រមាណ ៧០០នាក់ នៅរោងចក្រ ឌូហឺស្ត បន្តតវ៉ា ៥ថ្ងៃ គ្មានដំណោះស្រាយ
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃសៅរ៍ ទី22 ខែមិនា ឆ្នាំ2014
កម្មករប្រមាណ៧០០នាក់ នៅរោងចក្រផលិតអាវធំ(អាវខ្វាសេ) នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តធ្វើកូដកម្មនៅថ្ងៃសៅរ៍នេះ ប្រឆាំងនឹងថៅកែ របស់ខ្លួន ដែលកាត់ប្រាក់ឈ្នួល មិនសមហេតុផល ពេលផ្ទុះរឿងអាហារគ្មានអនាម័យក្នុងរោងចក្រ។
អ្នកទទួលខុសត្រូវ ជនជាតិខ្មែរម្នាក់ សុំមិនបញ្ចេញឈ្មោះឲ្យ VOD ដឹងថា មកដល់ថ្ងៃសៅរ៍នេះ ការធ្វើកូដកម្ម របស់កម្មករ មានយៈពេល៥ថ្ងៃហើយ ដោយសារភាគីរោងចក្រ មិនព្រមបកស្រាយ រឿងកាត់ប្រាក់ឈ្នួលកម្មករ ២ម៉ោងកាលពីដើមខែមីនា។
បុរសរូបនោះបន្តថា មកដល់ពេលនេះ ភាគីរោងចក្រ គំរាមកាត់ប្រាក់ឈ្នួលកម្មករ បន្ថែមទៀតបើអ្នកតវ៉ាមិនព្រមចូលធ្វើការដូចធម្មតាវិញ។
ពួកគេឲ្យដឹងថា កម្មករផ្នែកដេរអាវ ជាង១០០០នាក់ មិនចេញធ្វើបាតុកម្មទេ។
អ្នកគ្រប់គ្រងរូបនោះឲ្យដឹងទៀតថា កាលពីថ្ងៃទី០១ ខែមីនា កម្មករ ហូបបាយដែលរោងចក្រផ្តល់ឲ្យ ប្រទះឃើញជន្លេននៅក្នុងសម្លរ បន្ទាប់មកតំណាងកម្មករផ្ទុះការតវ៉ាសួរនាំមូលហេតុនេះ។
ក្រោយពីជំនួប ថៅកែឲ្យកម្មករ ត្រឡប់ទៅផ្ទះដោយសម្រេចផ្អាកការងារ នាពេលរសៀលមួយរយៈ ដោយសារពេលនោះមានកម្មករខ្លះក្បួតចង្អោ និងវិលមុខ។ លុះដល់នៅថ្ងៃទី១៧ខែមីនា ទើបកម្មដឹងថា ភាគីរោងចក្រ បានកាត់ប្រាក់ឈ្នួលពួកគេ ពេលឈប់សំរាកនោះ ទើបផ្ទុះការតវ៉ាឡើង។
VOD មិនទាន់អាចសុំប្រតិកម្ម ពីថៅកែរោងចក្រ ជុំវិញការអះអាង របស់កម្មករនេះបាននៅឡើយទេ។
ប៉ុន្តែកន្លងទៅ ប្រធានរដ្ឋបាលនៃរោងចក្រនេះ ធ្លាប់អះអាងថា ពិតជាមានរឿងនេះកើតឡើងមែន៕
No comments:
Post a Comment