Paris Peace Accords 23 Oct. 1991

Saturday, March 22, 2014

លោក ហ៊ុន សែន ត្រូវ​បាន​ប្ដឹង ​ពី​បទ ​ឧក្រិដ្ឋកម្ម​ ទៅ​ តុលាការ ​អន្តរជាតិ​ ជា​លើក​ទី​៣

ហ៊ុន សែន ៦១០

លោក ហ៊ុន សែន ត្រូវ​បាន​ប្ដឹង ​ពី​បទ ​ឧក្រិដ្ឋកម្ម​ ទៅ​ តុលាការ ​អន្តរជាតិ​ ជា​លើក​ទី​៣

ដោយ យន់ សាមៀន / អាស៊ីសេរី  | ២១ មីនា ២០១៤

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ប្ដឹង​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទៅ​តុលាការ​អន្តរជាតិ​ទៀត​ហើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មីនា នេះ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជន​រងគ្រោះ​នៃ​របប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចោទ​ប្រកាន់​មេ​ដឹក​នាំ​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​លាក់​បាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ក្នុង​របប​ខ្មែរ​ក្រហម។ ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា បណ្ដឹង​នេះ​ជា​ករណី​នយោបាយ មិន​មែន​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឡើយ។

នេះ​ជា​បណ្ដឹង​ទី​បី​ហើយ​ដែល​ក្រុម​ជន​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូល្លង់ដ៍ (Netherlands) ស៊ើប​អង្កេត និង​កាត់​ទោស លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន។ ពាក្យ​បណ្ដឹង​ថ្មី​នេះ បាន​ដាក់​ចូល​ការិយាល័យ​ព្រះរាជ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មីនា បន្ថែម​លើ​បណ្ដឹង​ពីរ​ផ្សេង​ទៀត ដែល​តុលាការ​កំពុង​សិក្សា​ថា តើ​តុលាការ​មាន​យុត្តាធិការ​ចាត់​ការ​លើ​បណ្ដឹង​ទាំង​នោះ​ដែរ​ឬ​ទេ?
ក្នុង​ពាក្យ​បណ្ដឹង មេធាវី​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​សហរដ្ឋ​អាមេរិក លោក មូរតុន ក្លា (Morton Sklar) ដែល​ជា​តំណាង​ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ជន​រងគ្រោះ បាន​ចោទ​ប្រកាន់ លោក ហ៊ុន សែន ពីរ​ចំណុច​ផ្សេង​គ្នា គឺ​ទី​១ ការ​ព្យាយាម​លាក់​បាំង​ព័ត៌មាន​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម តាម​រយៈ​ការ​ព្យាយាម​មិន​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត ដែល​មិន​ទាន់​បាន​ចោទ​ប្រកាន់។ ចំពោះ​ចំណុច​ទី​ពីរ​នៃ​បណ្ដឹង​នេះ ផ្ដោត​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូលំទូលាយ ការ​សម្លាប់​មនុស្ស ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អ្នក​ទោស​ស្ត្រី។
លោក​បន្ត​ទៀត​ថា ចំពោះ​ការ​រារាំង​មិន​ឲ្យ​តុលាការ​ខ្មែរ​ក្រហម កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នោះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពិត​ជា​មាន​យុត្តាធិការ​កាត់​ទោស លោក ហ៊ុន សែន ដោយសារ​ករណី​នេះ​ជា​ការ​ការពារ​ជន​ល្មើស។ ចំណែក​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ហិង្សា រួម​ទាំង​ការ​សម្លាប់ និង​បង្ខំ​បណ្ដេញ​ចេញ បាន​កើន​ឡើង​រហូត​ដល់​ជា​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ឋិត​នៅ​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome) ដែល​បាន​ចូល​ជា​ធរមាន កាល​ពី​ខែ​មេសា ឆ្នាំ​២០០២។
ពាក្យ​បណ្ដឹង​នេះ​ក៏​បាន​ស្នើ​ឲ្យ​ការិយាល័យ​ព្រះរាជ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវ​ផ្ដើម​ការ​ស៊ើប​អង្កេត​ជា​បឋម ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​តុលាការ បើ​ទោះ​បី​ជា​តុលាការ​កំពុង​ជាប់​រវល់​នឹង​ករណី​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​នៅ​ប្រទេស​មួយ​ចំនួន​ក៏ដោយ។
លោក មូរតុន ក្លា បន្ត​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ជន​រងគ្រោះ បាន​ជ្រើស​រើស​យក​តុលាការ​អន្តរជាតិ ដោយសារ​តែ លោក ហ៊ុន សែន មាន​អំណាច​ត្រួតត្រា​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ដូច្នោះ​ហើយ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ស្ថាប័ន​ចុង​ក្រោយ​ដែល​អាច​ដោះស្រាយ​បណ្ដឹង​នេះ ដោយ​មាន​ប្រសិទ្ធភាព។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​អះអាង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​មាន​យុត្តាធិការ​ពិនិត្យ​លើ​បណ្ដឹង​ឧក្រិដ្ឋ​ប្រឆាំង​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ នេះ។
ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (ADHOC) លោក នី ចរិយា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​សម្លាប់​មនុស្ស​ចំនួន ៧​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​មួយ​ចំនួន​ទៀត ជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដើម្បី​ផ្ដន្ទាទោស​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ប្រល័យ​ពូជ​សាសន៍​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​នៃ​ការ​ឈ្លាន​ពាន។ តុលាការ​នេះ​មិន​អាច​ជំនួស​តុលាការ​នៃ​ប្រទេស​ជា​សមាជិក​ទេ ប៉ុន្តែ​អាច​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​សង្ស័យ​ពី​បទ​ឧក្រិដ្ឋកម្ម ប្រសិន​បើ​តុលាការ​នៅ​ប្រទេស​សាមី​នោះ​មិន​អាច​ធ្វើ​បាន ឬ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត។
មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​បណ្ដឹង​ប្រឆាំង​នឹង លោក ហ៊ុន សែន ឡើយ។ លោក​ចាត់​ទុក​បណ្ដឹង​នោះ​ថា ជា​បណ្ដឹង​ដើម្បី​ឲ្យ​សារព័ត៌មាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ៖ «ដើម្បី​ដាក់​សម្ពោធ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចរចា​រក​ទីកន្លែង​ដើម្បី​ត​ថ្លៃ​យក​កន្លែង»
មក​ទល់​ពេល​នេះ មាន​ចលនា​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ចំនួន​ពីរ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន។ រណសិរ្ស​រំដោះ​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក (Denmark) កាល​ពី​ឆ្នាំ​២០១៣ បាន​ដាក់​ពាក្យ​បណ្ដឹង​ចោទ លោក ហ៊ុន សែន ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៨០ ក្នុង​យុទ្ធនាការ​ក៥ ការ​សម្លាប់​សកម្មជន​សហជីព​ព្រៃ​ឈើ ព្រះសង្ឃ និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​ស៊ើប​អង្កេត និង​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេ​ដឹក​នាំ​មួយ​ចំនួន​លើ​ពិភពលោក រួម​មាន​មេ​ដឹក​នាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​កុងហ្គោ លីប៊ី និង​កេនយ៉ា ជាដើម៕




No comments:

Post a Comment