Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

បក្ស​ជាប់​ឆ្នោត​ទាំង​២​ព្រមព្រៀង​គ្នា​លើ​ប្រធានបទ​១៤​ចំណុច

បក្ស​ជាប់​ឆ្នោត​ទាំង​២​ព្រមព្រៀង​គ្នា​លើ​ប្រធានបទ​១៤​ចំណុច

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (ស្ដាំ) ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ជំនួប​នា​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០១៤។
RFA/Van Vichar
គណៈកម្មការ​ចម្រុះ​មក​ពី​គណបក្ស​២ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ឯកភាព​គ្នា​លើ​ប្រធានបទ​ចំនួន ១៤ ជុំវិញ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។ បក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​ពី​បែបបទ​នៃ​ការ​រៀបចំ​សិក្ខា​សាលា វេទិកា​សាធារណៈ​នៅ​សប្ដាហ៍​ខាង​មុខ។ ហើយ​សិក្ខាសាលា និង​វេទិកា​សាធារណៈ​នេះ មាន​បំណង​ប្រមូល​មតិ​យោបល់​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ពិភាក្សា​លំអិត​លើ​ប្រធានបទ​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា។
ប្រធាន​បទ​ចំនួន ១៤ ដែល​គណៈកម្មការ​ចម្រុះ​កែទម្រង់​ការ​បោះ​ឆ្នោត​ព្រមព្រៀង​គ្នា​នោះ រួម​មាន៖ ការ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ  កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត អព្យាក្រឹតភាព សុចរិតភាព​របស់​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ  ការ​សង្កេត​ការណ៍​បោះ​ឆ្នោត អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត បទបញ្ជា​និង​នីតិវិធី​នៃ​ការ​​បោះ​ឆ្នោត កែសម្រួល​និង​ពង្រឹង​ទោស​បទបញ្ញត្តិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ឃោសនា​បោះ​ឆ្នោត ការ​បោះ​ឆ្នោត​មេ​ភូមិ និង​ចំណុច​ចុង​ក្រោយ​គឺ​ការ​ស្ទង់​មតិ។
តំណាង​គណៈកម្មការ​ចម្រុះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ទាំង​បី​លើក​កន្លង​ទៅ មិន​បាន​និយាយ​លម្អិត​ពី​ចំណុច​នីមួយៗ​ក្នុង​ប្រធានបទ​ដែល​បាន​ព្រមព្រៀង​គ្នា​ទាំង ១៤ នោះ​ទេ។ លោក​បន្ត​ថា ខ្លឹមសារ​លម្អិត​លើ​ចំណុច​ទាំង​អស់ នឹង​ត្រូវ​គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​បក្ស​ទាំង​ពីរ​យក​មក​ពិភាក្សា និង​ចងក្រង​ជា​គោលនយោបាយ​ក្របខ័ណ្ឌ​ច្បាប់ បន្ទាប់​ពី​ធ្វើ​សិក្ខាសាលា​ប្រមូល​មតិ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ​រួច​រាល់​នោះ។ លោក​បញ្ជាក់​ថា នៅ​ដំណាក់កាល​ចុង​ក្រោយ គឺ​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ឯ​ណោះ​វិញ​ទេ ដែល​ជា​អ្នក​សម្រេច​លើ​ការ​កែទម្រង់​ទាំង​អស់​នេះ។
«សំឡេង»

ចំណែក​ឯ​តំណាង​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ឆ្លង​តាម​កិច្ច​ចរចា​គ្នា​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមព្រៀង​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ថ្ងៃ​មុខ។ លោក​បន្ត​ថា ថ្វីត្បិត​តែ​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ព្រមព្រៀង​គ្នា​ក្តី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ដដែល។
«សំឡេង»
ក្រុម​ការងារ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ នឹង​បើក​ពិភាក្សា​គ្នា​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា ដើម​សប្ដាហ៍​ក្រោយ។ ដោយ​ជជែក​លម្អិត​ពី​នីតិវិធី​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ និង​វេទិកា​សាធារណៈ​នៅ​តាម​មូលដ្ឋាន។ អ្នក​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​រំពឹង​ថា នឹង​កំណត់​ពី​ពេល​វេលា ទីកន្លែង អ្នក​ចូល​រួម​ក្នុង​សិក្ខាសាលា​ជាដើម៕

No comments:

Post a Comment