លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមានបង្ក្រាបបាតុកម្ម
ភ្នំពេញ — លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានសារជាថ្មីម្តងទៀតថា លោកនឹងប្រឆាំងរាល់សកម្មភាពណាមួយដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ការព្រមានសារជាថ្មីរបស់លោកទៀ បាញ់នេះបានកើតមានឡើងបន្ទាប់ពីលោកសម រង្ស៊ីបានអះអាងថា លោកនឹងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មីដោយមានមនុស្សចូលរួមប្រមាន២លាននាក់ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
មានប្រសាសន៍នៅក្នុងពិធីបិទវគ្គគម្រោងហ្វឹកហ្វឺននិងអប់រំ ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងខេត្តកំពង់ស្ពឺនោះ លោកទៀ បាញ់បានបញ្ជាក់ថា តម្លៃនៃសន្តិភាព និងស្ថិរភាព ជាការចាំបាច់ដែលត្រូវតែថែរក្សា។
លោកនិយាយថា៖«ត្រូវកែទម្រង់របៀបណា ធ្វើរបៀបម៉េចឲ្យជាតិមាតុភូមិយើងរុងរឿង។ កន្លែងណាដែលអសកម្ម យើងមានសិទ្ធិទេតើ។ អាហ្នឹងតើដែលត្រូវធ្វើ។ ម៉េចក៏មិនព្រមធ្វើ? ស្រាប់តែមកបំផុស ដូរៗ»។
មុនពេលដែលលោកធ្វើដំណើរទៅក្រៅប្រទេស លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានព្រមានពីការបិទផ្លូវចរចា និងប្រកាសកៀងគរធ្វើមហាបាតុកម្មសារជាថ្មី។
លោកទៀ បាញ់បាននិយាយស្រដៀងគ្នានឹងសមាជិកសភាខាងគណបក្សប្រជាជនដែរដែលថា រាល់ការកែទម្រង់អ្វីផ្សេងៗអាចធ្វើបាន លុះត្រាតែគណបក្សសង្គ្រោះជាតិចូលប្រជុំសភាជាមុនសិន។
លោកបានបញ្ជាក់ថា ការដឹកនាំរបស់គណបក្សសង្គ្រោះជាតិធ្វើបាតុកម្មនោះអាចដោះស្រាយបញ្ហាបានទេ។
លោកបានបញ្ជាក់ថា អ្នកមិនអាចយកប្រទេសមួយធ្វើជាចំណាប់ខ្មាំងនយោបាយបានទេ។
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ការព្រមានរបស់លោកទៀ បាញ់គឺជាទង្វើផ្តាច់ការ។ លោកបានឲ្យដឹងថាគណបក្សសង្គ្រោះជាតិនឹងបន្តដឹកនាំធ្វើមហាបាតុកម្មនិងការបញ្ចេញមតិ ក្នុងការជួបប្រជុំ ដរាបណារដ្ឋធម្មនុញ្ញនៅតែធានាសិទ្ធិសេរីភាពចំពោះលទ្ធិប្រជាធិបតេយ្យ។
លោកនិយាយថា៖ «មានន័យថា គាត់ប្រកាសនូវរបបផ្តាច់ការហើយ។កាលណាអ្នកដឹកនាំណាម្នាក់ហ៊ានប្រកាសថា មិនឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយឈានទៅរកអំណាចផ្តាច់ការ»។
កាលពីដើមខែមករា គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មអស់រយៈពេល៣សប្តាហ៍ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការឯងរាជ្យស៊ើបអង្កេតលទ្ធផលបោះ ទាមទារឲ្យកែទម្រង់សមាសភាពគ.ជ.ប. និងទាមទារឲ្យបោះឆ្នោតឡើងវិញ។
ការធ្វើបាតុកម្មដោយសន្តិវិធីរបស់គណបក្សសង្គ្រោះជាតិត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបង្ក្រាបដោយអំពើហិង្សាដែលបានបណ្តាលឲ្យមានមនុស្សជាច្រើននាក់បានរងរបួសនិងស្លាប់យ៉ាងតិច៤នាក់។
គណបក្សសង្គ្រោះជាតិបានផ្អាកធ្វើមហាបាតុកម្មចាប់តាំងពីពេលនោះមក។ ក៏ប៉ុន្តែថ្នាក់ដឹកនាំគណបក្សនៅតែបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។
ការជួបប្រជុំរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិតែងតែមានការរំខានពីសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា៕
No comments:
Post a Comment