កម្លាំងចម្រុះដែលមានចងកន្សែងក្រហមនៅនឹងដៃ បណ្ដេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។
សហភាពអឺរ៉ុប ស្នើឲ្យ កម្ពុជា គោរពសិទ្ធិសេរីភាព ក្នុងការធ្វើ បាតុកម្ម
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ១៥ មីនា ២០១៤
សហភាពអឺរ៉ុប ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ដើម្បីបើកផ្លូវឲ្យមានការគោរពសិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្ម និងជួបជុំបញ្ចេញមតិ។ ការស្នើបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
ក្នុងកិច្ចប្រជុំនោះ ភាគីសហភាពអឺរ៉ុប បានលើកឡើងពីបញ្ហាទំនាស់ដីធ្លី បញ្ហាស្ករអំពៅ បញ្ហាជំនួយរបស់សហភាពអឺរ៉ុប មកឲ្យកម្ពុជា ព្រមទាំងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
នៅក្នុងជំនួបទ្វេភាគីនោះ សហភាពអឺរ៉ុប មិនទាន់បានផ្តល់ជំនួយមកឲ្យកម្ពុជា តាមការគ្រោងទុកឡើយ ដោយរង់ចាំពិភាក្សាគ្នាបន្តទៀត។ សេចក្តីជូនដំណឹងមួយរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ខាងមុខ ដើម្បីជំរុញផ្នែកពាណិជ្ជកម្ម និងពិភាក្សាលើបញ្ហាមួយចំនួនទៀត។
អាជ្ញាធររដ្ឋាភិបាល បានចេញបម្រាមមិនឲ្យមានការជួបជុំធ្វើបាតុកម្មចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ ហើយបម្រាមនេះបានទទួលការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សង្គមស៊ីវិល និងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ៕
No comments:
Post a Comment