សមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី អំពាវនាវ ឲ្យគណបក្ស ប្រជាជនកម្ពុជា បញ្ឈប់ ទង្វើរំខានវេទិកា គណបក្ស សង្គ្រោះជាតិ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី (SRP) អំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា (CPP) បញ្ឈប់ជាបន្ទាន់ចំពោះទង្វើអុកឡុក និងរំខាន លើវេទិកាសំណេះសំណាលជាមួយអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ចុះថ្ងៃទី១៧ ខែមីនា ចាត់ទុកការប្រើប្រាស់ឧបករណ៍បំពងសំឡេង ការអុកឡុក និងរំខានវេទិការបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែមីនា នៅភូមិលាយឡ ឃុំត្រាំកក់ ខេត្តតាកែវ ពីសំណាក់គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ថាជាទង្វើរំលោភច្បាប់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសេរីភាពបញ្ចេញមិត និងសេរីភាពជួបប្រជុំ។
សេចក្តីថ្លែងការណ៍ បន្តដោយថ្កោលទោស និងអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាន់នូវទង្វើអុកឡុក និងរំខានទៅលើគណបក្សសង្គ្រោះជាតិ តទៅទៀត និងស្នើឲ្យសហគមន៍ជាតិ-អន្តរជាតិ ជួយតាមដានចំពោះទង្វើនេះ។
កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា អ្នកគាំទ្រគណបក្សនយោបាយពីរក្រុម អាចធ្វើការប្រមូលផ្តុំ និងសម្តែងមតិនៅកន្លែង និងពេលតែមួយ។ ប៉ុន្តែច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីបានចែងថា ការប្រមូលផ្តុំរបស់ក្រុមពីរអាចធ្វើឡើង ក្នុងពេលតែមួយដែលមានចម្ងាយពីគ្នាយ៉ាងតិច៥០០ម៉ែត្រ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា៕
No comments:
Post a Comment