Paris Peace Accords 23 Oct. 1991

Friday, March 7, 2014

សាលា​រាជធានី ​ភ្នំពេញ​ មិន​អនុញ្ញាត ​ឲ្យ​សហជីព​ ទាំង១៨​ ធ្វើ​វេទិកា​សាធារណៈ​ នៅ​ថ្ងៃស្អែក​​

សាលា​រាជធានី ​ភ្នំពេញ​ មិន​អនុញ្ញាត ​ឲ្យ​សហជីព​ ទាំង១៨​ ធ្វើ​វេទិកា​សាធារណៈ​ នៅ​ថ្ងៃស្អែក​​


ដោយ៖​ ពេជ្រ សុធា​រី​ / វីអូឌី | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សហព័ន្ធស​ហ​ជីព​ចំនួន១៨ ធ្វើ​វេទិកា​សាធារណៈ​ទាក់ទង​នឹង​សិទ្ធិ​ការងារ នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​ទី​សាធារណៈ​ណាមួយ​ទេ នៅ​ថ្ងៃ​ទី​០៨ ​ខែមិនាស្អែក​នេះ ដោយ​តម្រូវឲ្យ​ធ្វើ​នៅ​ស្នាក់កា​ររៀងៗ​ខ្លួន​។​
នៅក្នុង​លិខិត​របស់​លោក ឃួ​ង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី​០៧​ខែ​មិនា ជម្រាប​ជូន​ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព​ទាំង ១៨ បានឲ្យដឹងថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកា​សាធារណៈ នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​ទីសាធារណៈ​ណាមួយ នៅ​ថ្ងៃ​ទី​៨​មិនា​នោះទេ ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនោះ រៀបចំ​នៅ​តាម​ទីស្នាក់ការ​របស់​ខ្លួន​រៀងៗ​ខ្លួន​។
លិខិត​បាន​លើក​ហេតុផល​ថា ការ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកា​សាធារណៈ​នោះ ដោយសារ​វេទិកា​នេះ មាន​ចរិត​លាយឡំ​នឹង​នយោបាយ ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិបាន និង​កំពុង​ពិភាក្សាគ្នា​អំពី​ការកែទម្រង់​ការបោះឆ្នោត និង​ដើម្បី​ទុក​ពេលវេលា​ឲ្យ​គណបក្ស​ទាំង​ពីរ បន្ត​ធ្វើ​ការពិភាក្សា​ក្នុង​បរិយាកាស​ល្អ​ប្រសើរ ជាពិសេស​ចៀសវាង​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ការធានា​ភាពស្ងប់ស្ងាត់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជា​ប្រក្រតី​របស់​ប្រជាពលរដ្ឋ​។​
ជាមួយគ្នានេះដែរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ កម្លាំង​សមត្ថកិច្ច​រាប់ពាន់នាក់ ប្រដាប់​ដោយ​ខែល ដំបង ព្រមទាំង​មាន​ត្រាក់ទ័រ និង​រថយន្ត​មាន​របាំង​ដែក បាន​ហ្វឹកហាត់​ពង្រឹងសមត្ថភាព នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​។
ចំណែក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គេ​សង្កេតឃើញ​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ៥០​គ្រឿង បាន​ចត​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដោយ​ត្រៀម​ធ្វើ​ការហ្វឹកហាត់​នៅថ្ងៃនេះ​ទៀត​។​
បើទោះជា​យ៉ាងណា ថ្នាក់​ដឹកនាំ​សហព័ន្ធ​សហជីព​ទាំង​១៨ បាន​អះអាង​ថា ខ្លួន​នៅ​តែ​រក្សា​គម្រោង​ធ្វើ​វេទិកា​សាធារណៈ​ទាក់ទង​នឹង​សិទ្ធិ​ការងារ​នេះ តាម​ការគ្រោងទុក​ដដែល ដោយ​មាន​ការអញ្ជើញ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​លោក ជីវ កេង ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយបំភ្លឺ​ពី​បញ្ហា​ប្រាក់​ឈ្នួល​១៦០​ដុល្លារ និង​ការឃុំ​ខ្លួន​សកម្មជន​ស​ហ​ជីព នៅ​ចំពោះ​មុខ​កម្មករ នៅ​ថ្ងៃ​ទី​៨​ខែ​មីនា​៕



No comments:

Post a Comment