Paris Peace Accords 23 Oct. 1991

Sunday, March 30, 2014

ជនជាតិ​ភាគ​តិច​ជង​ នៅ​កោះកុង​ ដាក់ ​ញត្តិ​ទាមទារ​ ឲ្យ​ បញ្ឈប់​គម្រោង ​សង់​ទំនប់​វារី អគ្គិសនី

អារ៉ែង កោះកុង ៦១០
១០-វិច្ឆិកា-២០១៣៖ ស្ទឹង​អារ៉ែង ស្ថិត​ក្នុង​ខេត្ត​កោះកុង

ជនជាតិ​ភាគ​តិច​ជង​ នៅ​កោះកុង​ ដាក់ ​ញត្តិ​ទាមទារ​ ឲ្យ​ បញ្ឈប់​គម្រោង ​សង់​ទំនប់​វារី អគ្គិសនី
ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ២៩ មីនា ២០១៤

ជនជាតិ​ភាគ​តិច​ជង ៣​ឃុំ រស់​នៅ​ក្នុង​តំបន់​ ពាក់ព័ន្ធ​ គម្រោង​សង់​ទំនប់​វារី អគ្គិសនី​ ស្ទឹង​ឆាយ​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង គ្រោង​ដាក់​ ញត្តិ ​ទៅ​សាលា​ខេត្ត​កោះកុង នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មីនា បំណង​ទាមទារ​ ឲ្យ​បញ្ឈប់​ គម្រោង​ទំនប់​វារី អគ្គិសនី ហើយ​ប្ដូរ​ ទៅ​ជា​ តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ។
តំណាង​ឲ្យ​ជនជាតិ​ភាគ​តិច​ជង លោក ឌឹម គុនឌី ថ្លែង​ថា ជនជាតិ​ជង ២០០​នាក់ ប្រើ​ម៉ូតូ ១០០​គ្រឿង នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នឹង​ចេញ​ដំណើរ​ពី​ភូមិ​ជំនាប់ ទៅ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង។ លោក​បន្ត​ថា ជនជាតិ​ជង មិន​ចង់​ឲ្យ​បាត់​បង់​ព្រៃ​ធម្មជាតិ​ចុង​ក្រោយ ដែល​កំពុង​គ្រប​ដណ្ដប់​ភ្នំ​ក្រវាញ ភាគ​កណ្ដាល​ទេ៖ «ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ​នឹង​អា​គម្រោង​ទំនប់​វារីអគ្គិសនី និង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អារ៉ែង មិន​ត្រូវ​ការ​ទំនប់​វារីអគ្គិសនី ហើយ​និង​ចង់​ឲ្យ​គេ​ដឹង​ច្បាស់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អារ៉ែង សុទ្ធសឹងតែ​ជា​ជនជាតិ​ដើម​ភាគ​តិច​ជង។ គាត់​ត្រូវ​ការ​ការ​អភិវឌ្ឍ ប៉ុន្តែ​មិន​អភិវឌ្ឍ​ជា​ទំនប់​វារីអគ្គិសនី​ទេ។ គាត់​ចង់​បាន​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដោយសារ​នៅ​ក្នុង​តំបន់​អារ៉ែង ហ្នឹង​មាន​តំបន់​ទេសចរណ៍​ច្រើន​កន្លែង»
ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នឹង​ផលិត​បាន​ថាមពល​អគ្គិសនី​បាន ១០៨​មេហ្គាវ៉ាត់ នៅ​ក្នុង​រដូវ​វស្សា។ តែ​បើ​នៅ​រដូវ​ប្រាំង ថាមពល​អគ្គិសនី​ផលិត​បាន​តែ ៦០​មេហ្គាវ៉ាត់​ទេ។ គម្រោង​ទំនប់​នោះ បាន​សិក្សា​ផល​ប៉ះពាល់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ឈ្មោះ ឆាយណា ផៅវើ ហ្រ្គីដ (China Power Grid) បន្ទាប់​មក​មាន​ក្រុមហ៊ុន​ចិន ថ្មី​ឈ្មោះ ឆាយណា ហ្គ័ទៀន ហាយដ្រូផៅវើ (China GOUDIAN Hydropower) ចុះ​សិក្សា​បន្ត។
ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង បើ​សង់​នឹង​ត្រូវ​ប្ដូរ​លំនៅ​ជនជាតិ​ភាគ​តិច​ជង ចំនួន ៦០០​គ្រួសារ ប្ដូរ​ចេញ​ពី​ឃុំ​ចំនួន​៣ គឺ​ឃុំ​ជំនាប់ ឃុំ​ថ្មដូនពៅ និង​ឃុំ​ប្រឡាយ ទៅ​នៅ​តំបន់​ផ្សេង​ដែល​ជា​ផ្លូវ​ដំរី​ដើរ។
ប្រភព​ពី​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង តាម​ការ​លើក​គម្រោង​សាងសង់ គ្រោង​ចំណាយ​ថវិកា​អស់​ជាង ៤០០​លាន​ដុល្លារ គិត​ទាំង​សំណង ការ​អូស​ខ្សែ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត។ លោក​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង កំពុង​សិក្សា​នា​ពេល​បច្ចុប្បន្ន ដោយ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ឈ្មោះ ស៊ីនណូហាយដ្រូ រីសស (Sinohydro resources)។ ការ​សិក្សា​ថ្មី​នេះ គឺ​ឲ្យ​លម្អិត និង​ស៊ី​ជម្រៅ​ពី​ផល​ប៉ះពាល់​ធនធាន​ព្រៃ​ឈើ និង​មនុស្ស​ក្នុង​តំបន់។ រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ចុះ​ហត្ថលេខា​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ ចូល​សង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង នៅ​ឡើយ៕


No comments:

Post a Comment