អ្នកបញ្ជាទិញ ប្រមាណជា៣០ ចង់ឃើញ រដ្ឋាភិបាល កម្ពុជា មានយន្តការបន្ថែម លើប្រាក់ឈ្នួល កម្មករ
ដោយ៖ ប្រែង សត្យាភិរក្ស / វីអូឌី | ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014
អ្នកបញ្ជាទិញប្រមាណជា៣០ ផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ទាមទារឲ្យមានគោរពសិទ្ធិអ្នកជាប់ឃុំទាំង២១នាក់ និងចង់ឃើញរដ្ឋាភិបាលកម្ពុជា មានយន្តការបន្ថែមលើការដំឡើងប្រាក់ឈ្នួលកម្មករ។
អ្នកបញ្ជីទិញទាំងនោះ រួមមានក្រុមហ៊ុនNike , Addidas, TESCO, PUMA , H&M និងGap Inc.ជាដើម។លិខិតចុះកាលបរិច្ឆេតថ្ងៃទី១៤ខែមីនា ត្រូវបានដាក់ជូនខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក គាត ឈន់ ប្រធានគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលកម្មករ។
លិខិតរបស់អ្នកបញ្ជាទិញ បង្ហាញពីការព្រួយបារម្ភលើការមិនគោរពសិទ្ធិសហជីព ការមិនចុះបញ្ជិកាសហជីព និងការមិនគោរពសិទ្ធិអ្នកជាប់ឃុំទាំង២១នាក់ នៅខេត្តកំពង់ចាម។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់បញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលរបស់កម្មករ នឹងត្រូវពិភាក្សាបន្តទៀត នៅពេលដែលមានការរកឃើញដំណោះស្រាយថ្មីណាមួយ ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណកម្មការមួយដែលដឹកនាំដោយលោក គាត ឈន់ ដើម្បីស្រាវជ្រាវ ទាក់ទងនឹងបញ្ហាប្រាក់ឈ្នួលរបស់កម្មករ ដែលក្នុងនោះរាប់ទាំងការស៊ើបអង្កេតអំពីចំណាយរបស់កម្មករ និង ចំណូលរបស់កម្មករ៕
No comments:
Post a Comment