Paris Peace Accords 23 Oct. 1991

Friday, March 21, 2014

ក្រសួង ​យុត្តិ​ធម៌​ ពិ​ភាក្សា ​ពី​ការ​លើក​លែង​ទោស​ ដល់​ទណ្ឌិត​ ពេល​ចូល​ឆ្នាំ​ខ្មែរ

អ្នកទោសក្នុងពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា។
អ្នកទោសក្នុងពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា។
©សុវណ្ណារា

ក្រសួង ​យុត្តិ​ធម៌​ ពិ​ភាក្សា ​ពី​ការ​លើក​លែង​ទោស​ ដល់​ទណ្ឌិត​ ពេល​ចូល​ឆ្នាំ​ខ្មែរ

ដោយ ញឹម សុផល / RFI | ២១ មីនា​ ២០១៤
ទណ្ឌិត​ ចំនួន​ជាង ៦០០​នាក់​ ត្រូវ​បាន ​ក្រសួង​យុត្តិធម៌​ ជ្រើស​រើស​យក​មក​ពិចារ​ណា​ ក្នុង​ការ​លើកលែង​ទោស​ និង​បន្ធូ​បន្ថយ​ទោស នៅ​ក្នុង​ឱ​កាស​ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃ​ណី​ជាតិ នៅ​ខែមេសា​ ខាង​មុខ​នេះ។  មន្ត្រី ​ក្រសួង ​យុត្តិធម៌ ​បាន​ថ្លែង​ថា ទណ្ឌិត ​ដែល​អាច​បំពេញ​លក្ខ​ខ័ណ្ឌ​នានា​ ក្នុងការ​អនុ​វត្ត​ទោស និង​មាន​ការ​កែ​ប្រែ​ខ្លួន ​ត្រូវ​បាន​ដាក់​បញ្ចូល ​ទៅ​ក្នុង​ការ​ពិភាក្សា​ដែល​មាន​ការចូល​រួម​ពី ​ផ្នែក​ពាក់​ព័ន្ធ​នានា។

ក្រសួង​យុត្តិ​ធម៌​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ មីនា ឆ្នាំ​២០១៤ បាន​បើក​កិច្ច​ពិភាក្សា​ជាមួយនឹង ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ស្តី​ពី​លទ្ធ​ភាព​លើក​លែង​ទោស នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឲ្យ​ទណ្ឌិត​ដែល​បាន​ជាប់​ពន្ធ​នាគារ​នៅក្នុង​ប្រទេស​កម្ពុជា។ ទណ្ឌិត​ដែល​ត្រូវ​យកមក ពិចារ​ណា​ក្នុង​ការ​លើក​លេង​ទោស​និង​បន្ធូ​បន្ថយ​ទោស​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នៅ​ពាក់​កណ្តាល​ខែមេសា​ខាងមុខ​នេះ មាន​ចំនួន ៦២៥នាក់។

លោក សម ប្រជា​មានិត្យ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ទណ្ឌិត​ដែល​ត្រូវបាន​ជ្រើស​រើស​យក​មក​ពិភាក្សា​អំពី​លទ្ធភាព​លើក​លែង​ទោស​និង​បន្ធូ​បន្ថយ​ទោស​ឲ្យ​នោះ គឺ​ត្រូវ ធ្វើ​ឡើង​តាម​លក្ខ​ខ័​ណ្ឌ​មួយ​ចំនួន​ដូច​ជា ទណ្ឌិត​ដែល​បាន​កែប្រែ​ខ្លួន អនុវត្ត​ទៅ​តាម​លក្ខ​ខ័ណ្ឌ ដែល​បាន​កំណត់ យោង​តាម​សំណើរ​របស់​ប្រធាន​ពន្ធ​នា​គារ​និង របាយ​ការណ៍ ច្បាស់​លាស់ ពី​ពន្ធ​នាគារ។ពោល​គឺជា​មនុស្ស​ដែល​គេ​មើល​ឃើញ​ថា អាច​រស់​នៅ​មិន​បង្ក​បញ្ហា​ដល់​សង្គម នៅ​ពេល​ដែល​រូបគេ​ត្រូវបាន​លើក​ឡែង​ទោស។

ជាទូទៅ​ទណ្ឌិត​ដែល​អាច​ទទួល​ការ​លើក​លែង​ទោស​បាន លុះ​ត្រា​តែ​ទណ្ឌិត​នោះ​បាន​ទទួល​ទោស និង​កែប្រែ​ខ្លួន​គ្រប់​បែប​យ៉ាង​នៅក្នុង​មណ្ឌល​កែប្រែ ២​ភាគ​៣​ជាមុន​សិន។លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​សម្តែង​នូវ​ការអបអរចំពោះចំណាត់ការនេះតែលោកអំពាវនាវឲ្យធ្វើទៅតាមច្បាប់ចៀសវាងមានភាព មិនប្រក្រតី​ក្នុងការ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ណាមួយ​ដែល​នាំ​ឲ្យ​មានការ​រិះ​គន់។

សូម​បញ្ជាក់​ថា​ទណ្ឌិត និង​ពិរុទ្ធជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជា ជាង​១៤ ០០០​នាក់។​តាម​ការ​កត់​សម្គាល់ ការ​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត សម្រាប់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រៀបចំ​ធ្វើឡើង​ក្នុង​មួយឆ្នាំ គឺ​នៅ​អំឡុងពេល​បុណ្យ ចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ចុំ​បិណ្ឌ​បុណ្យ​អំ​ទូក និង​បុណ្យ​ចំរើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ។



No comments:

Post a Comment