ក្រុមប្រឹក្សា ធម្មនុញ្ញ ច្រានចោល ការស្នើសុំ ឲ្យបកស្រាយ បម្រាមជួបជុំ
ដោយ៖ សុទ្ធ គឹមសឿន / វីអូឌី | ថ្ងៃសុក្រ ទី21 ខែមិនា ឆ្នាំ2014
មន្រ្តី ក្រុមប្រឹក្សា ធម្មនុញ្ញ កាលពីថ្ងៃទី២០ ខែមីនា បានប្រជុំទាក់ទង នឹងលិខិត របស់អគ្គលេខាធិការ គណបក្ស ជាតិនិយម ដែលស្នើសុំ ការបកស្រាយ បម្រាបជួបជុំ របស់ រដ្ឋាភិបាល ដោយលើកឡើងថា មិនស្ថិតនៅក្នុងសមត្ថកិច្ច របស់ ក្រុមព្រឹក្សា ធម្មនុញ្ញ ទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ មានប្រសាសន៍ឲ្យVODដឹងនៅព្រឹកថ្ងៃសុក្រនេះថា ក្រុមប្រឹក្សាធម្មនុញ្ញបានជួបប្រជុំគ្នា កាលពីម្សិលមិញ និងបានសម្រេចឆ្លើយតបទៅ អគ្គលេខាធិការគណបក្សជាតិនិយមថា បម្រាបជួបជុំរបស់ពលរដ្ឋ មិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រុមព្រឹក្សាធម្មនុញ្ញទេ «ថ្ងៃនិងគឺថា បានជំរាបទៅ ខាងប្រមុខរដ្ឋស្តីទី អញ្ចិងលោក ជ្រាបថា នែខាងគណៈបក្សជាតិនិយម សុំបកស្រាយអង្គច្បាប់ លើបំរាមតាមក្រសួងមហាផ្ទៃនិងសាលារាជធានីភ្នំពេញនិង ទាក់ទងនិងការ ប្រជុំពេញអង្គមិនស្ថិតនៅ ក្នុងសម័ត្ថកិច្ចក្នុងក្រុមព្រឹក្សារដ្ឋធម្មនុញ្ញទេ»។
អគ្គលេខាធិការគណបក្សជាតិនិយមលោក មុត ចន្ថា មានប្រសាសន៍ថា មានតែក្រុមប្រឹក្សាធម្មនុញ្ញមួយទេ ដែលមានសិទ្ធិបកស្រាយធម្មនុញ្ញភាព ដូចជា បម្រាម សេចក្ដីព្រាងច្បាប់ ច្បាប់ដែលអនុម័តដោយរដ្ឋសភា និងសារាចរណ៍ ឬសេចក្តីណែនាំ ដែលរដ្ឋាភិបាលបានចេញ។
លោកបន្ដថា បើមិនមានវិធានការ និងការបកស្រាយឲ្យបានច្បាស់ទេ លោកនឹងប្រើយន្ដការអន្ដរជាតិ និងលើកបញ្ហានេះទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដើម្បីឲ្យបកស្រាយនូវច្បាប់ និងបម្រាមនេះ «យើងឃើញថារឿងវារំលោភលើមេត្រា ១៩ នៃ iccpr និង អញ្ចិងយើងប្តឹងទៅ គណៈកម្មការសឹទ្ធមនុស្ស ដែលជាគណៈកម្មការមួយ បង្កើតចេញមក ដើម្បីតាមដានលើការអនុវត្ត លើសន្ធិសញ្ញាស្តីពីសិទ្ធពលរដ្ឋនិងសិទ្ធនយោបាយ ប្តឹងទៅអង្គការសហប្រជាជាតិ គណៈកម្មការសហប្រជាជាតិ ដើម្បីឲ្យបកស្រាយ តាមអ្នករាយការណ៏ពិសេស បាទ»។
កាលពីថ្ងៃទី០៧ ខែមីនា អគ្គលេខាធិការគណបក្សជាតិនិយមលោក មុត ចន្ថា បានផ្ញើលិខិតជូនប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ស្នើឲ្យបកស្រាយបម្រាមជួបជុំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដោយលើកឡើងថា បម្រាមនេះ ធ្វើឡើងផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងតែបំពានសិទ្ធិធ្វើកូដកម្ម-បាតុកម្មដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញត្រង់ជំពូកទី៣ មាត្រាទី៣៧។
បំរាមនៃការជួបជុំ ត្រូវបានអនុវត្តកាលពីដើមខែមករា ឆ្នាំ២០១៤ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បង្ក្រាបកម្មកររោងចក្រកាត់ដេរនៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករយ៉ាងតិច៥នាក់ ស្លាប់ និងការបំបែកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។
បំរាមនៃការជួបជុំនេះ រងការរិះគន់ពីសំណាក់សង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្តាប្រទេសមហាអំណាចផងដែរ៕
No comments:
Post a Comment