Paris Peace Accords 23 Oct. 1991

Saturday, March 29, 2014

ពលរដ្ឋ​ មាន​ជម្លោះ​ដីធ្លី ​រាជធានី​ភ្នំពេញ​ និង​គ្រួសារ​ អ្នក​ជាប់​ឃុំ ​២១​នាក់ ​តវ៉ា​​ មុខ​ក្រសួង​យុត្តិធម៌

បឹងកក់ ៦១០
ពលរដ្ឋ​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​គ្រួសារ​អ្នក​ជាប់​ឃុំ ២១​នាក់ តវ៉ា​នៅ​មុខ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៤។

ពលរដ្ឋ​ មាន​ជម្លោះ​ដីធ្លី ​រាជធានី​ភ្នំពេញ​ និង​គ្រួសារ​ អ្នក​ជាប់​ឃុំ ​២១​នាក់ ​តវ៉ា​​ មុខ​ក្រសួង​យុត្តិធម៌

ដោយ សុជីវី /​ អាស៊ីសេរី | ២៨ មីនា​ ២០១៤

ពលរដ្ឋ​ មក​ពី​ សហគមន៍​ មាន​ជម្លោះ​ដីធ្លី​ នៅ​រាជធានី​ភ្នំពេញ និង​គ្រួសារ ​អ្នក​ជាប់​ឃុំ ២១​នាក់ ជួប​ជុំ​គ្នា​ តវ៉ា​ នៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា នេះ។  ពួក​គេ​ជំរុញ​អោយ​ ក្រសួង​យុត្តិធម៌ អន្តរាគមន៍​ ដោះ​លែង​ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ ចំនួន ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ នៅ​ពន្ធនាគារ​ ត្រពាំងផ្លុង ព្រម​ទាំង​ ជំរុញ ​តុលាការ​កំពូល​ ពន្លឿន​ ការ​ជំនុំ​ជម្រះ​ សំណុំ​រឿង​ សុំ​នៅ​ក្រៅ​ឃុំ​ របស់ ​ពួក​គេ។
ផ្សែង​ទ្រលោម​ហុយ​ចេញ​ពី​បាច់​ធូប​ធំៗ​នៅ​ក្នុង​ដៃ​អ្នក​តវ៉ា​ប្រមាណ ១០០​នាក់ នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ លាយ​ឡំ​នឹង​ចម្រៀង​ត្អូញត្អែរ​ទាមទារ​អោយ​ដោះ​លែង​មនុស្ស ២១​នាក់ អោយ​មាន​សេរីភាព​ដោយ​ពុំ​មាន​លក្ខខណ្ឌ៖ «សូម​យុត្តិធម៌​ជួយ​រាស្ត្រ​ល្អ អោយ​ផុត​ទុក្ខ​រួច​ចេញ​ពី​គុក ចេញ​ផុត​ពី​ភព​សែន​ខ្មៅ​ងងឹត។ សូម​យុត្តិធម៌​កើត​មាន​ដល់ ២១​នាក់ វិល​ត្រឡប់​មក​ផ្ទះ គ្រួសារ​អ្នក​កំពុង​រង់ចាំ»
បន្ទាប់​ពី​បាន​ទាមទារ​នៅ​ទីនោះ​មួយ​រយៈពេល ពួក​គេ​បាន​បន្ត​ទៅ​ខាង​មុខ​តុលាការ​កំពូល និង​បាន​ហែ​ក្បួន​ជុំវិញ​តុលាការ ដោយ​ស្រែក​ទាមទារ​អោយ​តុលាការ​បើក​សវនាការ​អោយ​បាន​ឆាប់។
ក្រៅ​ពី​កាន់​ធូប​ទាំង​បាច់ៗ​ដោយ​ចង​ក្រណាត់​ស​សរសេរ​ថា​ដោះ​លែង​អ្នក ២១​នាក់​នោះ ពួក​គេ​ក៏​កាន់​ផ្កា​ឈូក និង​ពាក់​រូប​ថត លោក វន់ ពៅ និង​លោក ចន្ទ ពុទ្ធិសក្តិ នៅ​លើ​ក្បាល។
តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​នៅ​ខាង​មុខ​តុលាការ​កំពូល​ថា ការ​តវ៉ា​នៅ​ពេល​នេះ គឺ​ជា​ការ​រំលឹក​ចំពោះ​ស្ថាប័ន​ទាំង​២ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ញត្តិ​ស្នើសុំ​វិធាន​ការ និង​អន្តរាគមន៍ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប៖ «ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ អ្នក​សហគមន៍​បឹងកក់ ខ្ញុំ​បាន​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល។ ក្នុង​ខ្លឹមសារ​ញត្តិ​នោះ យើង​មាន​គោល​បំណង​អោយ​ក្រសួង​យុត្តិធម៌ ផ្តល់​ជូន​អ្នក ២១​នាក់ ដោះ​លែង​អោយ​មាន​សេរីភាព​ឡើង​វិញ​ឆាប់ៗ​នៅ​ថ្ងៃ​ខាង​មុខ​នេះ។ រហូត​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង ១​ខែ​ហើយ គឺ​សហគមន៍​បឹងកក់ ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ពី​ក្រសួង​យុត្តិធម៌ ឬ​ពី​តុលាការ​កំពូល ក្នុង​ការ​អនុវត្ត​ទៅ​តាម​ញត្តិ​របស់​ពួក​យើង​ដែល​ដាក់​អោយ​ពួក​គាត់»
បើ​ទោះ​មាន​ការ​ទាមទារ​យ៉ាង​ណា​ក៏ដោយ ក៏​ពុំ​មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មក​ផ្ដល់​ចម្លើយ​ដល់​ពួក​គេ​ដែរ។ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ហែ​ក្បួន​ហួស​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង និង​បាន​អំពាវនាវ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ៖ «សូម​ព្រះមហាក្សត្រ​ជួយ​ដល់​រាស្ត្រ​ផង។ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់ ពួក​យើង​អត់​ត្រូវ​ការ​អោយ​ព្រះអង្គ​សម្ងំ​សុខ ដោយ​អត់​មើល​ឃើញ​ប្រជាពលរដ្ឋ​កំពុង​រង​ទុក្ខ​វេទនា​នោះ​ទេ។ សូម​ព្រះអង្គ​គង់​ជា​ម្លប់​របស់​កូន​ចៅ​ទាំងអស់​គ្នា។ ដូច្នេះ ព្រះអង្គ​ត្រូវ​តែ​តើន​ឡើង ដើម្បី​ទត​ប្រជារាស្ត្រ​ខ្លួន​ឯង​កំពុង​តែ​វេទនា​ខ្លាំង​ណាស់»
ការ​ទាមទារ​បាន​បញ្ចប់​នៅ​ម៉ោង​ជាង ១០​ព្រឹក ដោយ​ពួក​គេ​បាន​យក​សំណល់​ធូប​ដែល​ពួក​គេ​អុជ​រួច​នោះ ទៅ​រៀប​ជា​អក្សរ​ដោយ​ប្រើ​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ថា ដោះ​លែង​មនុស្ស ២១​នាក់។
តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី បាន​អំពាវនាវ​អោយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​ភ្ជាប់​បញ្ហា​របស់​អ្នក​ទាំង ២១​នាក់ ទៅ​ជា​បញ្ហា​នយោបាយ៖«ចា៎! ព្រោះ​អាយុ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ គឺ​មាន​តម្លៃ​ណាស់។ អាយុ​យើង​គឺ​ស្នើៗ​គ្នា។ យើង​មិន​អាច​ដោយសារ​តែ​មហិច្ឆតា​របស់​យើង​ចង់​បាន​អំណាច​ណាស់​លោភលន់​មិន​ ចេះ​ស្កប់ស្កល់ ហើយ​ទៅ​យក​ជីវិត​អ្នក​ដទៃ​យក​មក​ធ្វើ​ឈ្នាន់​ខ្លួន​ឯង​ទេ។ គាត់​ត្រូវ​តែ​គិត​ពី​អាយុ​របស់​គេ​ផង»
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ លោក ច័ន្ទ ពុទ្ធិសក្តិ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​មុខ​រោងចក្រ​យ៉ាកជីន(Yak Jin) និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅ​ពេល​ដែល​កម្មករ​តវ៉ា​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ពួក​គេ​ត្រូវ​សាលា​ដំបូង និង​សាលា​ឧទ្ធរណ៍ បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ៕




No comments:

Post a Comment