គណបក្ស សង្គ្រោះជាតិ ជូនដំណឹង ទៅសាលារាជធានី ភ្នំពេញ ពីការធ្វើសមាជមហាជន នៅថ្ងៃ៣០ មីនា
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ ដាក់លិខិត ទៅសាលារាជធានី ភ្នំពេញ ស្នើសុំ ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើសមាជមហាជន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១រសៀល។
នៅក្នុងលិខិតរបស់លោកហូរ វ៉ាន់ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ផ្ញើជូនលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមីនានេះ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិនឹងរៀបចំសមាជមហាជន ក្រោមការដឹកនាំរបស់លោកសម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៣០ ខែមីនា ដើម្បីជម្រាបជូនម្ចាស់ឆ្នោតពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ក្រោយពីក្រុមការងារគណៈកម្មការចម្រុះគណបក្សនេះ ប្រកាសផ្អាកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ លិខិតបន្តថា សមាជមហាជននេះ នឹងចាប់ផ្តើមនៅម៉ោង១រសៀល ដល់ម៉ោង៧ល្ងាច ដោយមានការសម្តែងមតិរបស់ប្រជាពលរដ្ឋចូលរួមសមាជ និងសង្គមស៊ីវិលនានា។
ការដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ ពីការជួបជុំអ្នកគាំទ្រខ្លួននៅទីលានប្រជាធិបតេយ្យ។ លោកសម រង្ស៊ី បន្តថា ការជួបជុំធ្វើសមាជនេះ មិនមែនជាបាតុកម្មទម្លាក់រដ្ឋាភិបាលនោះទេ ហើយក៏គ្មានការដង្ហែក្បួនដែរ៕
No comments:
Post a Comment