តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្លែងការណ៍រួម ក្នុងជំនួបចរចា កាលពីពេលថ្មីៗនេះ។
@RFI/ siv channa
កំណែទម្រង់ បោះឆ្នោត៖ បក្ស សង្គ្រោះជាតិ ផ្ញើលិខិត សុំ ការបញ្ជាក់ ពីគណបក្ស ប្រជាជន នៅថ្ងៃនេះ
គណបក្ស សង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ញើលិខិតផ្លូវការមួយ ទៅកាន់ គណបក្ស ប្រជាជនកម្ពុជា ដែលជាដៃគូរចារចា។ ជាលិខិត ដើម្បីស្នើឱ្យ បក្ស កាន់អំណាច បញ្ជាក់ ពី ជំហររបស់ខ្លួន ថា តើបញ្ហា គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោតនឹងក្លាយជា របៀបវារៈ នៃការចរចា នៅថ្ងៃទី១៧ មីនាដើមសប្តាហ៍ក្រោយ ឬយ៉ាណា? បើគ្មានចំឡើយវិញនោះទេ បក្សប្រឆាំង នឹងទាត់ចោលតុចរចា ហើយ ធ្វើបាតុកម្ម។ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ថា ខ្លួន មិនបានបដិសេធ ចំពោះសំណើរនេះ នោះទេ។
នៅថ្ងៃព្រហស្បតិ៍ទី១៣ មីនានេះ លិខិតផ្លូវការមួយរបស់គណសង្គ្រោះជាតិ នឹងត្រូវបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំឱ្យបក្សកាន់អំណាចបញ្ជាក់ពីគោលជំហរររបស់ខ្លួន ថាតើព្រមលើកយករបៀបវារៈស្តីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកពិភាក្សានៅថ្ងៃទី១៧ មីនាដើម សប្តាហ៍ក្រោយឬយ៉ាណា? ជាការពិភាក្សាដែលគណបក្សទាំងពីរយល់ព្រមមូលមាត់គ្នានឹងជួបសាជាថ្មីម្តងទៀតក្រោយជំនួបដែលមិនអាចចេញសេចក្តីថ្លែងការរួមកាលពីថ្ងៃទី១០មីនា កន្លងទៅ។
ប្រធានក្រុមចរចានៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យដដែល បានគូសបញ្ជាក់ថា គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតដែលជាអាជ្ញាកណ្តាលកាត់ក្តីនៃការបោះឆ្នោតនោះ ស្ថិតក្រោមឥទ្ធិពលនៃគណបក្សនយោបាយណាមួយនោះទេ។ សម្រាប់គណបក្សសង្គ្រោះជាតិ គឺចង់ឱ្យប្តូរឈ្មោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែមទៀតផង។
មន្ត្រីជាន់ខ្ពស់នៃការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានអះអាងថាបក្សកាន់អំណាចមិនបដិសេធឡើយចំពោះការលើកយករបៀបវារៈនៃគណៈកម្មាធិការជាតិរៀបចំការបើឆ្នោតនៅថ្ងៃទី១៧មីនាដែលជាជំនួបលើកក្រោយនោះ។ លោក ជាម យៀប ដែលជាសមាជិកនៃក្រុមចរចាមកពីគណបក្សកាន់អំណាច បានស្នើទៅកាន់បក្សប្រឆាំងរបស់លោក សម រង្ស៊ីថា បើទោះបីជានៅថ្ងៃចរចាខាងមុខក្រុមនៃបក្សទាំងពីរខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួននោះ ក្រុមចរចាគួរត្រូវទុកបញ្ហាខ្វែងគំនិតនោះមួយឡែក ហើយពិភាក្សារបៀបវារៈផ្សេងទៀតជំនួវិញ។
របៀបវារៈខ្វែងគំនិតគ្នាវាងបក្សទាំងពីរក្នុងថ្ងៃចរចា បើតាមលោក ជាម យៀប គឺជាភារៈរបស់ថ្នាក់ដឹកកំពូលនយោបាយនៃគណបក្សដែលត្រូវដោះស្រាយ និងធ្វើសម្បទានរវាងគ្នា។
សូមបញ្ជាក់ថា ការបញ្ជូនលិខិតបញ្ជាក់ស្នើគោលជំហរពីគណបក្សសង្គ្រោះជាតិទៅកាន់គណបក្សប្រជាជនកម្ពុជាស្តីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ គឺធ្វើឡើងភ្លាមៗមួយថ្ងៃក្រោយការប្រកាសផ្លាច់ផ្លូវចរចា និងគម្រាមធ្វើបាតុកម្មរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment