១៨-វិច្ឆិកា-២០១៣៖ ទីស្ដីការក្រសួងសុខាភិបាល (RFA/Vann Vichar)
និស្សិតពេទ្យ តវ៉ា ចំពោះ ការតម្រូវឱ្យ ប្រឡងថ្នាក់ជាតិ មុននឹង ប្រឡង ចូលក្របខ័ណ្ឌរដ្ឋ
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ២៨ មីនា ២០១៤
និស្សិតពេទ្យជំនាន់ទី៣៤ ជាង ៥០នាក់ កំពុងតវ៉ាចំពោះក្រសួងសុខាភិបាល ដែលតម្រូវឱ្យពួកគេប្រឡងថ្នាក់ជាតិសិន មុននឹងប្រឡងចូលក្របខ័ណ្ឌរដ្ឋ។
និស្សិតពេទ្យជំនាន់ទី៣៤ មួយរូប គឺលោក ឃុន សុខេង ថ្លែងនៅថ្ងៃទី២៧ មីនា ថា ពួកគាត់កំពុងទាមទារឱ្យក្រសួងសុខាភិបាល ផ្ដល់សិទ្ធិដល់ពួកគាត់ឱ្យអាចប្រឡងចូលក្របខ័ណ្ឌរដ្ឋបាន ដោយមិនបាច់រង់ចាំប្រឡងថ្នាក់ជាតិ ដែលមិនទាន់ច្បាស់លាស់នៅឡើយ៖ «ក្រុមពួកជំនាន់ ៣៤ហ្នឹង កំពុងតែតវ៉ាសុំឱ្យក្រសួងហ្នឹងទទួលយកពាក្យពួកខ្ញុំប្រឡងក្របខ័ណ្ឌ។ ប៉ុន្តែ ពេលដែលពួកខ្ញុំដាក់ពាក្យប្រឡងក្របខ័ណ្ឌ គេថាពួកខ្ញុំហ្នឹងអត់ទាន់មានថ្នាក់ជាតិទេ។ អ៊ីចឹងទៅ ពួកខ្ញុំចង់ឱ្យក្រសួងទទួលពាក្យខ្ញុំប្រឡងក្របខ័ណ្ឌដោយមិនមានថ្នាក់ជាតិ ព្រោះថ្នាក់ជាតិហ្នឹង ក្រសួងរៀបចំមកដល់ឥឡូវអត់ទាន់មានកាលវិភាគឱ្យពួកខ្ញុំទៀត។ ពួកខ្ញុំសុខចិត្តប្រឡង ប៉ុន្តែមកទល់ពេលនេះហើយ ជិតដល់ថ្ងៃគេបិទទទួលយកពាក្យប្រឡងក្របខ័ណ្ឌហើយ នៅតែមិនទាន់រៀបចំថ្នាក់ជាតិហ្នឹងឱ្យពួកខ្ញុំទៀត។ អ៊ីចឹងពួកខ្ញុំប្រហែលជាអត់បានប្រឡងក្របខ័ណ្ឌហើយ»។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការពន្យល់ពីក្រសួងសុខាភិបាល ជុំវិញការទាមទាររបស់និស្សិតទាំងនេះ ប៉ុន្តែមន្ត្រីខ្លះបដិសេធថាមិនដឹងពីបញ្ហានេះទេ និងខ្លះទៀតជាប់រវល់ប្រជុំ។
ក្រុមនិស្សិតពេទ្យជំនាន់ទី៣៤ បានបញ្ចប់ការសិក្សារយៈពេល ៨ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ។ តាំងពីដើមមក និស្សិតដែលរៀនចប់អាចប្រឡងចូលក្របខ័ណ្ឌបាន។ នៅពេលនេះ ក្រសួងសុខាភិបាល តម្រូវឱ្យនិស្សិតទាំងនេះប្រឡងថ្នាក់ជាតិជាមុនសិន មុននឹងប្រឡងចូលក្របខ័ណ្ឌ។ ប៉ុន្តែរហូតមកដល់ពេលនេះ កម្មវិធីប្រឡងថ្នាក់ជាតិនៅមិនទាន់មាននៅឡើយទេ ហើយកាលវិភាគសម្រាប់កំណត់ប្រឡងក្របខ័ណ្ឌនឹងផុតនៅថ្ងៃទី៨ ខែមេសា ខាងមុខ។
ក្រុមនិស្សិតជិត ១០០នាក់ គ្រោងនាំគ្នាតវ៉ានៅសាលាពេទ្យ រាជធានីភ្នំពេញ នៅដើមសប្ដាហ៍ក្រោយ ព្រោះខ្លាចផុតឱកាសនេះ៕
No comments:
Post a Comment