CCIM បង្ហាញរបាយការណ៍ ភាពមិនប្រក្រតី នៃការបោះឆ្នោត ជាលើកទី៣
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM
@rfi/mesa
មជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ CCIM
បានដាក់បង្ហាញ លទ្ធផល នៃព័ត៌មាន ស៊ើបអង្កេត
និងវេទិការ សហគមន៍ អំពី ដំណើរ ការបោះឆ្នោត នៅកម្ពុជា។ វេទិកា លើកទី៣
ដែលមជ្ឈមណ្ឌលនេះ បានដាក់បង្ហាញ លទ្ធផល របស់ខ្លួន
ដើម្បី ជាការផ្តល់ មតិយោបល់ ទៅដល់គណៈកម្មាធិការ ជាតិរៀបចំ
ការបោះឆ្នោត។ ក្នុងរបាយណ៍ ស៊ើបអង្កេត បញ្ហាជន អន្តោប្រវេសន៍ វៀតណាម
ការបាត់បង់សិទ្ធិ ពលរដ្ឋ បោះឆ្នោត និងការបញ្ជាក់ លិខិតអត្តសញ្ញាណ,
គឺ ជាដើមចម នៃភាពមិនប្រក្រតី នៃការបោះឆ្នោត។ សម្រាប់ គ.ជ.ប.
របាយការណ៍ របស់CCIM មានលក្ខណៈដដែលៗ។
សាជាថ្មីម្តងទៀត មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM បានបង្ហាញរបាយការណ៍ស្រាវជ្រាវពីលទ្ធផលនៃភាពមិនប្រក្រតីនៃ ការបោះឆ្នោតអាណត្តិទី៥ កន្លងទៅនេះ។ ជារបាយការណ៍ដាក់បង្ហាញតាមរយៈការស្រាវជ្រាវព័ត៌មានស៊ើបអង្កេត និងពីវេទិកាសហគមន៍។
ក្នុងសន្និសីទលើកទី៣ នៅព្រឹកថ្ងៃសុក្រទី ២៨ កុម្ភៈនេះ លោក ណុបវី ប្រធានគ្រប់គ្រងផ្នែកអភិវិឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃ CCIM បានបង្ហាញថា មានបញ្ហា៥ចំណុចដែលបានធ្វើឱ្យមានភាពមិនប្រក្រតីនៃការបោះឆ្នោត អាណត្តិទី៥កន្លងទៅនេះ។ ទី១ ការបាត់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។ ទី២ ការឃោសនាមិនស្មើភាពគ្នារវាងបក្សចូលរួមការបោះឆ្នោត។ ទី៣ ការបោះឆ្នោតរបស់ជនអន្តោប្រវេសន៍វៀតណាម។ ទី៤ ការដឹកជញ្ជូនមនុស្សពីមួយកន្លែងទៅកន្លែងមួយទៀត និងភាពមិនប្រក្រតីនៃការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណជាដើម។
ក្នុងសន្និសីទលើកទី៣ដែលធ្វើឡើងនៅសណ្ឋាគារ អ៊ីមភើរៀលនេះ CCIM ក៏បានបង្ហាញដែរពីការបាត់បង់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋនៅតំបន់បុរី កីឡា ដែលត្រូវបានបញ្តេញចេញ កាលពីដើមឆ្នាំ២០១២កន្លងទៅ។ ដោយឡែកបញ្ហាជនអន្តោប្រវេសន៍វៀតណាមរស់នៅលើទឹកដីកម្ពុជាដែលមាន សិទ្ធិបោះឆ្នោត ក៏ត្រូវបានCCIM ធ្វើការអង្កេតផងដែរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកប៉ា ងួនទៀង បានបញ្ជាក់ពីគោលបំណងនៃសន្និសីទលើកទី៣នេះថា ដើម្បីបញ្ជាក់ទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជារដ្ឋាភិបាល ពីភាពមិនប្រក្រតីនៃការបោះឆ្នោតសាជាថ្មីម្តងទៀត តាមរយៈការស្រាវជ្រាវរបស់មជ្ឈមណ្ឌល។
នាយកប្រតិបត្តិរូបនេះ បានអះអាងថា ការមិនខ្វល់របស់រដ្ឋាភិបាល ស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ គឺកំពុងតែបានជះឥទ្ធិពលដល់ស្ថានភាពនយោបាយសង្គមនាពេលបច្ចុប្បន្ន។ បើតាមលោក ប៉ា ងួនទៀង ដដែល បើទោះបីជារដ្ឋាភិបាលមិនទាន់បានដោះស្រាយមែន ប៉ុន្តែរដ្ឋាភិបាលបានសន្យានឹងជំរុញឱ្យមានកំណែទម្រង់។
ចំណែកឯគ.ជ.បវិញ អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានឆ្លើយតបនឹងរបាយការណ៍របស់CCIMថា ជារបាយការណ៍ដដែលៗ។ ហើយថា គ.ជ.បធ្វើការតាមតែច្បាប់ចែងតែប៉ុណ្ណោះ ហើយស្នើឱ្យCCIMផ្តល់ភស្តុតាងជាក់ស្តែង ស្តីពីភាពមិនប្រក្រតីនេះ៕
No comments:
Post a Comment