លោក ឈាង វុន មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
មន្ត្រី ជាន់ខ្ពស់ CPP៖ លទ្ធផល សំខាន់ ពីរ នៃសមាជ CNRP មិនអាច ធ្វើទៅរួច បើ បក្សនេះ មិនចូលសភា
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃចន្ទ ទី31 ខែមិនា ឆ្នាំ2014
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា (CPP) លើកឡើងថា ចំណុចសំខាន់ពីរនៃលទ្ធផលសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ (CNRP) គឺការទាមទារបោះឆ្នោតឡើងវិញ និងការដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ ជារឿងមិនអាចទៅរួចទេ បើគណបក្សនេះ នៅតែមិនចូលសភានោះ។
ក្នុងសមាជមហាជនលើកទី២ របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ថ្នាក់ដឹកនាំគណបក្សនេះ គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានអនុម័តនូវសេចក្តីសម្រេចចំនួន ១៦ចំណុច ដែលក្នុងនោះ មានចំណុចសំខាន់ពីរ ដែលគណបក្សសង្គ្រោះជាតិ ត្រូវពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា។ ចំណុចទាំងពីរនោះ រួមមាន ទី១ គឺការបន្តទាមទារឲ្យស៊ើបអង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឬរៀបចំការបោះឆ្នោតទ្បើងវិញ។ ទីពីរ គឺការធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្លាយជាស្ថាប័នធម្មនុញ្ញ ហើយសមាសភាព គ.ជ.ប ត្រូវជ្រើសរើសដោយគណបក្សទាំងពីរ ដែលមានអាសនៈនៅរដ្ឋសភា។ មេដឹកនាំទាំងពីរ ក៏ព្រមានដឹកនាំបាតុកម្មទ្រង់ទ្រាយធំជាថ្មី បើគណបក្សប្រជាជនកម្ពុជា មិនពិចារណាដោះស្រាយចំណុចពីរនេះ។
សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ យល់ថា បើគណបក្សប្រជាជនកម្ពុជា មានឆន្ទៈមែននោះ គឺវិសោធនកម្មច្បាប់អាចធ្វើបាន ក្រោមគោលការណ៍ឆ្លើយតបតម្រូវការពលរដ្ឋ និងកាលៈទេសៈនៃស្ថានភាពនយោបាយបច្ចុប្បន្ន។ លោកស្រី បន្តថា គណបក្សនេះ នៅតែប្រកាន់ជំហរ ស្នើឲ្យមានជំនួបកំពូលឆាប់ៗនេះ ដើម្បីឲ្យថ្នាក់ដឹកនាំបក្សទាំងពីរ ពិភាក្សា និងសម្រេចលទ្ធផល «ខ្ញុំជឿរជាក់ថាគណបក្សប្រជាជនលោកយល់ហើយ ជាពិសេសនៅពេលយើងធ្វើសមាជ ហើយអនុម័ត ហើយឆន្ទៈប្រជាពលរដ្ឋបានបញ្ចេញហើយ រិតតែគណបក្សសង្គ្រោះជាតិជំរុញ ឲ្យមានជំនួបកំពូលទៅទៀត»។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច និងជាអ្នកតាមដានបញ្ហាសង្គម យល់ថា ការអះអាងប្រទាក់ក្រឡាគ្នានេះ គឺសុទ្ធតែជាយុទ្ធសាស្ត្ររបស់គណបក្សទាំងពីរ ដើម្បីបង្ហាញពីអំណាចដែលភាគីរៀងៗខ្លួនមាន។ លោក គិតថា បើនៅតែមិនមានជំនួបកំពូលសម្រេចនោះ វិបត្តិនយោបាយនៅកម្ពុជា ច្បាស់ជាចំណាយពេលយូរ ទើបអាចបញ្ចប់ «ទោះតិច ឬច្រើនសមាជនេះពិតជាមានឥទ្ធិពលទៅលើគណបក្សប្រជាជន ព្រោះធ្វើឲ្យគណបក្សប្រជាជនត្រូវការគិតគូ យុទ្ធសាស្ត្រដើម្បីតបត មកវិញ ធ្វើឲ្យគណបក្សប្រជាជន ត្រូវចំណាយពេលវេលា ដើម្បីសិក្សារពីដំណោះស្រាយផ្សេងៗ»។
កាលពីថ្ងៃទី ២៤ ខែមីនា ក្នុងជំនួបលើកទី៤ នៃគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតបក្សទាំងពីរ ភាគីគណបក្សសង្គ្រោះជាតិ បានលើកឡើងប្រធានបទ កាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ និង កំណែទម្រង់ គជប ជាស្ថាប័នធម្មនុញ្ញ ហើយអនុម័តដោយសំឡេង ២ភាគ៣ នៃសមាជិករដ្ឋសភាទាំងមូល ដែលប្រការនេះ គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបាន នាំឲ្យជំនួបចរចានេះ ត្រូវបានពន្យារពេល ហើយគណបក្សសង្គ្រោះជាតិ ជំរុញឲ្យមានជំនួបកំពូល សម្រេចជំនួសវិញ៕
No comments:
Post a Comment