Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

CPP៖​ ការចង់ឲ្យ​ ស្ថាប័ន​រៀបចំ​ ការបោះឆ្នោត ជាស្ថា​ប័ន ​ធម្មនុញ្ញ ជា​ការរារាំង ​ដំណើរការ​ កំណែទម្រង់ គ​.​ជ​.​ប​​



CPP៖​ ការចង់ឲ្យ​ ស្ថាប័ន​រៀបចំ​ ការបោះឆ្នោត ជាស្ថា​ប័ន ​ធម្មនុញ្ញ ជា​ការរារាំង ​ដំណើរការ​ កំណែទម្រង់ គ​.​ជ​.​ប​​


ដោយ៖​ ​ញឹម សុខន​ / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014

បក្ស​កាន់​អំណាច ចាត់ទុកថា ការ​ដែល​បក្សប្រឆាំង ទាមទារឲ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ អាច​ថា​ជា​ចេតនា​មួយ បង្ក​ការរារាំង​ដល់​ដំណើរការ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​នា​ពេលខាងមុខ​។​
​សេចក្តីថ្លែងការណ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញផ្សាយ​ថ្ងៃ​ទី​១០​ ខែមីនា ឲ្យដឹងថា បក្ស​កាន់​អំណាច​មួយ​នេះ ឯកភាព​ឲ្យ​​ដាក់​ប្រធានបទ កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត នៅក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ការបោះឆ្នោត តែ​មិន​ឯកភាព​ការចែង​អំពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​អនុម័ត​សមាសភាព ស្ថាប័ន​នេះ ដោយ​សម្លេង​២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​ទេ​។​
​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យក​បញ្ហា​នេះ មក​ធ្វើ​ជា​លក្ខខណ្ឌ​ក្នុង​កិច្ចចរចា អាច​ជា​ចេតនា​បង្ក​ការរារាំង​ដល់​ដំណើរការ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​នា​ពេលខាងមុខ​។​
​ការបង្ហាញ​ជំហរ របស់​បក្ស​កាន់​អំណាច បែបនេះ ធ្វើឡើង​បន្ទាប់​ជំនួប​ប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោតរ​បស់​គណបក្ស​ទាំង​ពីរ កាល​ពី​ម្សិលមិញ​មិន​ទទួលបាន​លទ្ធផល។​
​មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​កិច្ច​ចរចា លោក សុន ឆ័យ បាន​ច្រានចោល ការចោទប្រកាន់​នេះ ដោយ​អះអាង​ថា អ្វី​ដែល​បក្ស​ជំទាស់​មួយ​នេះ​ទាមទារ គឺ​ចង់​បាន​ស្ថាប័ន​ជាតិ​សំខាន់​មួយ​នេះ​ផ្តល់​ទំនុចិត្ត​ដល់​គ្រប់​គណបក្សនយោ​បាយ​ទាំងអស់ និង​ម្ចាស់ឆ្នោត​គ្រប់​និន្នាការ​ «នេះជាបំណងជួយទេ ឧបមាបើយើងកែអ្វីផ្សេងទៀត កែអំពីបញ្ជីឆ្នាំបោះឆ្នោត កែអំពីនីតិវិធីការងារ ហើយបើប្រគល់ភារកិច្ចនេះឲ្យទៅស្ថាប័ន បោះឆ្នោតដែលតំណាងឲ្យបក្សនយោបាយ មានគំនិតគិតតែពីលួចសន្លឹកឆ្នោត ឲ្យគណបក្សខ្លួន ជាងការកែអ្វីដែលជានីតិវិធីការងារផ្សេងៗនោះ មិនមានផលប្រយោជន៍ ដើម្បីធានាការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ទេ»។​
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ឈ្មោះ​និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា សមាសភាព គ.ជ.ប ដែល​កើតចេញ ពី​ការតែងតាំង ពី​សមាជិក​សភា​២​ភាគ​៣​អាច​គេចផុតពីសម្ពា​ធអ្នកនយោបាយ ដែល​ធ្វើឲ្យ​ប្រសើរជាង សមាសភាព គ.ជ.ប បច្ចុប្បន្ន​ «ក្រលានយោបាយកន្លងមក គណបក្សប្រជាជនលោកឈ្នះនឹងក្រឡានេះ អ៊ីចឹងបើបែកទៅក្រឡាផ្សេង លោកប្រាកដជាមានការព្រួយបារម្ភហើយ»។​
​ក្រោយ​ការបោះឆ្នោត​ម្តងៗ តែងតែ​មាន​ជម្លោះ​នយោបាយ​កើតឡើង ដោយ​ចោទប្រកាន់​ថា គ.ជ.ប ជា​ស្ថាប័ន​មិន​ឯករាជ្យ​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច ដែល​ធ្វើ​អ្នកឃ្លាំមើល​ការបោះឆ្នោតជាតិ និង​អន្តរជាតិ ជំរុញ​ឲ្យធ្វើ​កំណែទម្រង់ ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ធានា​យុត្តិធម៌​ដល់​ម្ចាស់ឆ្នោត និង​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកូតប្រជែង៕




No comments:

Post a Comment