Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

សង្គម​ស៊ីវិល​ រិះគន់​ នីតិវិធី​ បោះ​ឆ្នោត ​ជ្រើស​សមាជិក ​ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​២

គល់ បញ្ញា ៦១០
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (Comfrel) លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣។
RFA/Tin Zakariya

សង្គម​ស៊ីវិល​ រិះគន់​ នីតិវិធី​ បោះ​ឆ្នោត ​ជ្រើស​សមាជិក ​ក្រុម​ប្រឹក្សា​ អាណត្តិ​ទី​២

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ១១ មីនា ២០១៤
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បាន​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ឈ្មោះ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ សម្រាប់​អាណត្តិ​ទី​២​ជា​ស្ថាពរ​ហើយ។ មន្ត្រី​អង្គការ​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការងារ​បោះ​ឆ្នោត ថ្លែង​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​គ្មាន​ន័យ​ទេ ព្រោះ​តួអង្គ​បោះ​ឆ្នោត​មិន​មែន​ជា​ប្រជាពលរដ្ឋ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​១១ ខែ​មីនា ថា គណបក្ស​នយោបាយ​ទាំង​៥ ដែល​បាន​ចុះ​បញ្ជី​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ៖ «យើង​ឃើញ​ថា គណបក្ស​នយោបាយ​ហ្នឹង​គាត់​ឈរ​នៅ​តាម​មណ្ឌល​ផ្សេងៗ​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ​គ្រប់​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ ដែល​មាន ២២២​មណ្ឌល។ គណបក្ស​សង្គ្រោះ​ជាតិ ឈរ​នៅ ២៤​រាជធានី​ខេត្ត ព្រម​ទាំង​ក្រុង​ស្រុក​ខណ្ឌ ដែល​មាន ២១៩​មណ្ឌល។

គណបក្សហ៊្វុនស៊ិនប៉ិច ឈរ​នៅ ៣​ខេត្ត និង​ស្រុក​ចំនួន​២៧ សរុប​ចំនួន ៣០​មណ្ឌល។ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​ខេត្ត​២ និង​ស្រុក​ខណ្ឌ​ចំនួន​៤ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈរ​នៅ​ស្រុក​ចំនួន​១»
ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។
មន្ត្រី គ.ជ.ប បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​ត្រូវ​ធ្វើ​ជា​លក្ខណៈ​អសកល គឺ​អង្គ​បោះ​ឆ្នោត ឬ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​តំណែង​សរុប​ជាង ១១.៤០០​នាក់​ទេ ទើប​មាន​សិទ្ធិ​បោះ​ឆ្នោត។
ត្រង់​ចំណុច​នេះ លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) បាន​រិះគន់​ចំពោះ​នីតិវិធី​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ និង​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នេះ ប្រជាពលរដ្ឋ​ទូទៅ​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ឲ្យ​ដូច​គ្នា​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែរ៖ «ត្រូវ​តែ​កែ​ទម្រង់​ឲ្យ​ទៅ​ជា​ការ​បោះ​ឆ្នោត​ផ្ទាល់។ ត្រូវ​យក​ការ​បោះ​ឆ្នោត​នេះ​ទៅ​ដាក់​ជាមួយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ផ្ទាល់។ ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឲ្យ​ប្រើ​សន្លឹក​ឆ្នោត​ព័ណ៌​ផ្សេង។ ហើយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ យើង​ដាក់​សន្លឹក​ឆ្នោត​មាន​ពណ៌​ផ្សេង។ ហើយ​យើង​បាន​ការ​បោះ​ឆ្នោត​នេះ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ។ ព្រោះ​ការ​បោះ​ឆ្នោត​នេះ វា​អត់​ន័យ យើង​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ទៅ​បោះ​ឆ្នោត​ជ្រើស​រើស គឺ​ក្រុម​ប្រឹក្សា​នេះ​នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​គាត់​ហើយ គាត់​មិន​ទៅ​បោះ​ឆ្នោត​ឲ្យ​ទៅ​គណបក្ស​ណា​ផ្សេង លើក​លែង​តែ​យក​លុយ​ទៅ​ទិញ​គាត់។ ដូច្នេះ អត់​មាន​ជម្រើស ហើយ​ការ​បោះ​ឆ្នោត​នេះ​វា​អត់​ន័យ»
ទោះ​យ៉ាង​ណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែង​ទៅ​អង្គ​បោះ​ឆ្នោត​ឲ្យ​ត្រៀម​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ត្រូវ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ដំបូង ដែល​នឹង​បិទ​ផ្សាយ​នៅ​តាម​សាលា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ខាង​មុខ​ឲ្យ​បាន​គ្រប់​គ្នា៖ «សមាជិក​ដែល​ជា​អ្នក​បោះ​ឆ្នោត សូម​មេត្តា​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ ហើយ​ក៏​ត្រៀម​ឯកសារ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត គឺ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ខ្លួន។ ហើយ​ក្នុង​ករណី​ដែល​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ហ្នឹង មិន​ត្រូវ សូម​ប្ដឹង​តវ៉ា​ឲ្យ​បាន​ទាន់​ពេល​វេលា»
​​​​​​​ការ​​​បោះ​​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​​​អាណត្តិ​ទី​១ ធ្វើ​ឡើង​កាល​​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៩។
ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ត្រង់​មាត្រា​២ បាន​ចែង​ថា ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត និង​ក្រុង​ស្រុក​ខណ្ឌ មាន​អាណត្តិ ៥​ឆ្នាំ។ ហើយ​ថា ក្រុម​ប្រឹក្សា​នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​​ពេល​ក្រុម​ប្រឹក្សា​ថ្មី​ចូល​មក​កាន់​​​តំណែង​បន្ត៕




No comments:

Post a Comment