Paris Peace Accords 23 Oct. 1991

Saturday, March 1, 2014

Reading LUKE chapter 13



Gospel according to Luke

ដំណឹងល្អ​ រៀប​រៀង​ដោយ លោក​លូកា





  
ត្រូវ​កែ​ប្រែ​ ចិត្ត​គំនិត
  
ពេល​នោះ មាន​អ្នក​ខ្លះ​ មក​ទូល​ ព្រះយេស៊ូ អំពី ​អ្នក​ស្រុក​កាលីឡេ ដែល​លោក​ ពីឡាត​ បាន​សម្លាប់ ហើយ ជ្រលក់ឈាម ក្នុងយញ្ញបូជា របស់គេ។  ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គេ​វិញ​ ថា៖ «តើ ​អ្នក​រាល់​គ្នា​ ស្មាន​ថា ​អ្នក​ស្រុក​កាលីឡេ ​ទាំង​នោះ​ ជា​មនុស្ស​បាប ច្រើន​ជាង​ អ្នក​ស្រុក​ កាលីឡេ​ ឯ​ទៀតៗ​ឬ, ​បាន​ជា​គេ​ស្លាប់ ​របៀប​នេះ?  ទេ, មិន​មែន​ទេ!  ខ្ញុំ​ សូម​ប្រាប់​ អ្នក​រាល់​គ្នា​ ថា, បើ​ អ្នក​រាល់​គ្នា ​មិន​កែ​ប្រែ ​ចិត្ត​គំនិត​ទេ, អ្នក​រាល់​គ្នា ​នឹង​ត្រូវ​ វិនាស​អន្តរាយ​ ដូច​គេ ​មិន​ខាន។  ចុះ ​មនុស្ស​ ដប់​ប្រាំ​បី​ នាក់​ ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម ​រលំ​សង្កត់​លើ, តើ ​អ្នក​រាល់​គ្នា​ ស្មាន​ថា, អ្នក​ទាំង​នោះ​ មាន​ទោស​ធ្ងន់​ ជាង​អ្នក​ក្រុង​ យេរូសាឡឹម​ ឯ​ទៀតៗ​ ឬ?  ទេ, មិន​មែន​ទេ!  ខ្ញុំ​ សុំ​ប្រាប់​អ្នក​រាល់​គ្នា ​ថា, បើ​ អ្នក​រាល់​គ្នា ​មិន​កែ​ប្រែ ​ចិត្ត​គំនិត​ទេ, អ្នក​រាល់​គ្នា នឹង​ត្រូវ​ វិនាស​អន្តរាយ ​ដូច្នោះ​ដែរ។»

ប្រស្នា​ស្ដី​អំពី ​ឧទុម្ពរ​គ្មាន​ផ្លែ

បន្ទាប់​មក ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ជា​ប្រស្នា​នេះ ​ទៅ​គេ​ ថា៖ «មាន​ឧទុម្ពរ មួយ​ដើម ​ដុះ​ក្នុង​ ចំការ​ បុរស​ម្នាក់។  ម្ចាស់​ចំការ​ មក​រក​បេះ​ផ្លែ ​ពី​ដើម​ឧទុម្ពរ​នោះ, តែ ​គ្មាន​ផ្លែ​សោះ។  គាត់​ ក៏​ប្រាប់ ​អ្នក​ថែ​ចំការ​ ថា៖ មើល៍, ខ្ញុំ ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ ​បី​ឆ្នាំ​ហើយ, តែ​មិន​ឃើញ​ មាន​ផ្លែ​សោះ។  ចូរ​ កាប់​វា ​ចោល​ទៅ!  ទុក ​នាំ​តែ ​ខាត​ដី​ទេ។

«អ្នក​ថែ​ចំការ ​ឆ្លើយ​តប​ ថា, “សូម ​លោក​ ទុក​វា​ មួយ​ឆ្នាំ ទៀត​សិន, ចាំ​ខ្ញុំ ​ជ្រួយ​ដី ​ជុំវិញ​, ហើយ​ ដាក់​ជី។  ប្រហែល​ជា​ ឆ្នាំ​ក្រោយ​ នឹង​មាន​ផ្លែ។  បើ ​មិន​ផ្លែ​ទេ, សឹម​កាប់​វា​ ចោល​ទៅ​ចុះ!”» 

ព្រះយេស៊ូ ​ប្រោស​ស្ត្រី​ពិការ​ម្នាក់ ​ឲ្យ​ជា

ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ ព្រះយេស៊ូ ​កំពុង​តែ​ ប្រៀនប្រដៅ​គេ ​ក្នុង​សាលា​ប្រជុំ។  នៅ​ទី​នោះ, មាន​ស្ត្រី​ម្នាក់ ​ដែល​ត្រូវ​វិញ្ញាណ​ អាក្រក់ ​ធ្វើ​ឲ្យ​ពិការ អស់​រយៈ​ពេល ​ដប់​ប្រាំ​បី​ឆ្នាំ ​មក​ហើយ។  នាង​ កោង​ខ្នង, ​ងើប​ត្រង់​ពុំ​កើត។  ពេល​ព្រះយេស៊ូ ​ទត​ឃើញ​ ស្ត្រី​នោះ, ព្រះអង្គ ​ហៅ​នាង​មក, ហើយ​ មាន​ព្រះបន្ទូល ​ថា៖ «នាង​អើយ, នាង​ បាន​ជា​ សះស្បើយ​ហើយ។»

ព្រះអង្គ​ ដាក់​ព្រះហស្ដ ​លើ​នាង  នាង​ ក៏​ឈរ​ត្រង់​វិញ ​បាន​មួយ​រំពេច, ព្រម​ទាំង ​លើក​តម្កើង​ សិរីរុងរឿង ​របស់ ​ព្រះជាម្ចាស់​ផង។

ប៉ុន្តែ អ្នក​ទទួល​ ខុស​ត្រូវ​ លើ​សាលា​ប្រជុំ​ ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ ព្រះយេស៊ូ​ ប្រោស​អ្នក​ជំងឺ​ ឲ្យ​បាន​ជា ​នៅ​ថ្ងៃ​សប្ប័ទ ​ដូច្នេះ។  គាត់ ​ក៏​និយាយ​ ទៅ​កាន់​បណ្ដាជន ​ថា៖ «យើង​ មាន​សិទ្ធិ ​ធ្វើ​ការ​ បាន​ចំនួន ​ប្រាំ​មួយ​ថ្ងៃ។  ដូច្នេះ ចូរ​ អ្នក​រាល់​គ្នា​ មក​រក​ព្យាបាល​ខ្លួន ​ក្នុង​ថ្ងៃ​ ទាំង​នោះ​ចុះ។  កុំ​មក​ថ្ងៃ​ សប្ប័ទ​ឡើយ។»

ព្រះអម្ចាស់​ មាន​ព្រះបន្ទូល ​ទៅ​កាន់​ អ្នក​ទទួល​ ខុស​ត្រូវ ​លើ ​សាលា​ប្រជុំ​នោះ​ ថា៖ «មនុស្ស​ មាន​ពុត​អើយ!  តើ​ អ្នក​រាល់​គ្នា​ មិន​ស្រាយ​គោ ឬ​លា បញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក ​នៅ​ថ្ងៃ​សប្ប័ទ ​ទេ​ ឬ​អី?  ឯ​ស្ត្រី​នេះ ជា​ពូជពង្ស ​របស់​ លោក​អប្រាហាំ, មារ​សាតាំង​ បាន​ចង​នាង ​អស់​រយៈ​ពេល ​ដប់​ប្រាំ​បី​ឆ្នាំ​ មក​ហើយ។  តើ​ មិន​គួរ​ ឲ្យ​ខ្ញុំ ​ស្រាយ​ចំណង​នាង ​នៅ​ថ្ងៃ​សប្ប័ទ ​ទេ ឬ​អី

កាល​ព្រះអង្គ​ មាន​ព្រះបន្ទូល ​ដូច្នោះ​ហើយ, អ្នក​ប្រឆាំង​ នឹង​ព្រះអង្គ ​អៀន​ខ្មាស​ យ៉ាង​ខ្លាំង។  រីឯ​ បណ្ដាជន​ ទាំង​មូល​វិញ, គេ ​រីករាយ ​នឹង​ការ​អស្ចារ្យ​ ទាំង​ប៉ុន្មាន ​ដែល​ព្រះអង្គ​ បាន​ធ្វើ។


ប្រស្នា​ស្ដី​ អំពី ​គ្រាប់​ពូជ​ល្អិត និង​មេ​ម្សៅ

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល​ថា៖ «តើ ​ព្រះរាជ្យ​ ព្រះជាម្ចាស់ ​ប្រៀប​បាន ​ទៅ​នឹង ​អ្វី​ខ្លះ?  តើ​ ខ្ញុំ​ ប្រដូច ​ព្រះរាជ្យ​ ព្រះជាម្ចាស់ ​ទៅ​នឹង​អ្វី?  ព្រះរាជ្យ ​ព្រះជាម្ចាស់ ​ប្រៀប​បី​ដូច​ជា ​គ្រាប់​ពូជ​ម្យ៉ាង​ ដ៏​ល្អិត ដែល​បុរស​ម្នាក់​ យកទៅ​ដាំ​ ក្នុង​ចំការ ​របស់​ខ្លួន។  គ្រាប់​នោះ​ ក៏​ដុះ​ឡើង, បាន​ទៅ​ ជា​ដើម​ឈើ​មួយហើយ​ បក្សាបក្សី​ មក​ធ្វើ​ សំបុក​ស្នាក់​ អាស្រ័យ នៅ​តាម​មែក ​របស់​វា។»   

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៀត​ថា៖ «តើ​ ខ្ញុំ​ ប្រដូច​ព្រះរាជ្យ ​ព្រះជាម្ចាស់​ ទៅ​នឹង​អ្វី?  ព្រះរាជ្យ ​ព្រះជាម្ចាស់ ​ប្រៀប​បី​ ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​ យក​ទៅ​លាយ ​ជា​មួយ​ នឹង​ម្សៅ​ ពីរ​តៅ, ​ធ្វើ​ឲ្យ​ម្សៅ​នោះ ​ដោរ​ឡើង។»  

ទ្វារ​ចង្អៀត

ព្រះយេស៊ូ ​ធ្វើ​ដំណើរ ​ឆ្ពោះ​ទៅ​ក្រុង​ យេរូសាឡឹម​, កាត់​តាម​ក្រុង, តាម​ភូមិ​នានា, ព្រម​ទាំង ​ប្រៀនប្រដៅ​ អ្នក​ស្រុក​ផង។  មាន​បុរស​ម្នាក់ ​ទូល​សួរ​ព្រះអង្គ​ ថា៖ «បពិត្រ​ ព្រះអម្ចាស់, អ្នក​ ដែល​ព្រះជាម្ចាស់ ​សង្គ្រោះ,​ មាន​ចំនួន​ តិច​ទេ ​ឬ

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​តប​ថា៖ «ចូរ ​ខំ​ប្រឹង​ ចូល​តាម​ ទ្វារ​ចង្អៀត។  ខ្ញុំ​ សូម​ប្រាប់​ អ្នក​រាល់​គ្នា​ ថា,​ មាន​មនុស្ស​ជា​ច្រើន​ ខំ​ចូល​ដែរ, ក៏​ប៉ុន្តែ គេ​ មិន​អាច​ចូល​បាន​ឡើយ។  កាល ​ណា​ម្ចាស់​ផ្ទះ​ ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ, អ្នក​រាល់​គ្នា​ នឹង​ឈរ​នៅ​ខាង​ក្រៅ, គោះ​ទ្វារ​ផ្ទះ​, ទាំង​អង្វរ​ ថា, “ឱ​ព្រះអម្ចាស់​អើយ, សូម​បើក​ទ្វារ ​ឲ្យ​យើង​ខ្ញុំ​ផង។”  ម្ចាស់​ផ្ទះ ​នឹង​តប​មក ​អ្នក​រាល់​គ្នា ​ថា, “យើង​ មិន​ដឹង​ថា​ អ្នក​រាល់​គ្នា​ មក​ពី​ណា​ទេ។

«អ្នក​រាល់​គ្នា​ មុខ​ជា​ ជំរាប​លោក​ ថា, “យើង​ខ្ញុំ​ ធ្លាប់​បរិភោគ​ ជា​មួយ​ព្រះអង្គ, ហើយ​ ព្រះអង្គ ​ក៏​ធ្លាប់​ ប្រៀនប្រដៅ​ យើង​ខ្ញុំ ​នៅ​តាម​ភូមិ​ដែរ។

«លោក​ នឹង​ប្រាប់​ អ្នក​រាល់​គ្នា​វិញ​ ថា, “ពួក​អ្នក​ ប្រព្រឹត្ត​ អំពើ​ទុច្ចរិត​អើយ!  ចូរ​ ថយ​ចេញ ​ឲ្យ​ឆ្ងាយ​ ពី​យើង​ទៅ។  យើង​ មិន​ដឹង​ ថា​ អ្នក​រាល់​គ្នា​ មក​ពី​ណា​ទេ។

«កាល​អ្នក​រាល់​គ្នា ​ឃើញលោក ​អប្រាហាំ, លោក​អ៊ីសាក, លោក​យ៉ាកុប, និង​ព្យាការី ទាំងឡាយ ស្ថិត​នៅ​ក្នុង​ព្រះរាជ្យ ព្រះជាម្ចាស់, តែ ​ព្រះអង្គ ​ចោល​អ្នក​រាល់​គ្នា ​ឲ្យ​នៅ​ ខាង​ក្រៅ, អ្នក​រាល់​គ្នា​ នឹង​យំ​សោក​, ខឹង​សង្កៀត​ធ្មេញ។  មាន​មនុស្ស​ មក​ពី​ទិស​ ទាំង​បួន ចូល​រួម​ ពិធី​ជប់លៀង ​ក្នុង​ព្រះរាជ្យ ​ព្រះជាម្ចាស់។  ពេល​នោះ អ្នក​ខ្លះ ​ដែល​នៅ ​ខាង​ក្រោយ ​នឹង​ត្រឡប់ ​ទៅ​នៅ​ ខាង​មុខ។  រីឯ ​អ្នក​ខ្លះ​ ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់ ​ទៅ​នៅ​ ខាង​ក្រោយ​វិញ។» 

អ្នក​ក្រុង​យេរូសាឡឹម​ បដិសេធ​ មិន​ទទួល ​ព្រះយេស៊ូ

នៅ​ពេល​នោះ មាន​ពួក​ខាង​ គណៈផារីស៊ីខ្លះ​ មក​ទូល​ព្រះយេស៊ូ ​ថា៖ «សូម​ លោក​ អញ្ជើញ​ទៅ​ កន្លែង​ផ្សេង​ទៅ, ព្រោះ ​ស្ដេច​ហេរ៉ូដ​ ចង់​សម្លាប់​លោក។»

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​តប​វិញ​ ថា៖ «ចូរ ​អ្នក​រាល់​គ្នា ​ទៅ​ប្រាប់​ ស្ដេច​កំហូច​ នោះ​ថា, ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក, ខ្ញុំ​ បណ្ដេញ​អារក្ស, ខ្ញុំ ​មើល​អ្នក​ជំងឺ ​ឲ្យ​ជា, លុះ ​ដល់​ខាន​ស្អែក, ខ្ញុំ​ នឹង​បញ្ចប់​កិច្ចការ ​របស់​ខ្ញុំ។  ប៉ុន្តែ នៅ​ថ្ងៃ​នេះ, ស្អែក និង​ខាន​ស្អែក, ខ្ញុំ​ ត្រូវ​តែ ​បន្ត​ដំណើរ ​របស់​ខ្ញុំ ​ទៅ​មុខ​ទៀត, ដ្បិត​ មិន​គួរ​ ឲ្យ​ព្យាការី​ស្លាប់ ​នៅ​ខាង​ក្រៅ ​ក្រុង​យេរូសាឡឹម​ឡើយ។

«អ្នក ​ក្រុង​យេរូសាឡឹម, អ្នក ​ក្រុង​យេរូសាឡឹម ​អើយ, អ្នក​រាល់​គ្នា​ បាន​សម្លាប់​ ពួក​ព្យាការី, ហើយ ​យក​ដុំ​ថ្ម ​គប់​សម្លាប់​ អស់​អ្នក ​ដែល​ព្រះជាម្ចាស់​ បាន​ចាត់ ​ឲ្យ​មក​រក​ អ្នក​រាល់​គ្នា។  ច្រើន​លើក​ ច្រើន​សា​ មក​ហើយ ដែល​ខ្ញុំ​ ចង់​ប្រមូល​ផ្ដុំ​ អ្នក​រាល់​គ្នា ដូច​មេ​មាន់ ​ក្រុង​កូន​វា​ នៅ​ក្រោម​ស្លាប, តែ​អ្នក​រាល់​គ្នា​ ពុំ​ព្រម​សោះ។  ផ្ទះ ​របស់​ អ្នក​រាល់​គ្នា ​នឹង​ត្រូវ​ បោះ​បង់​ចោល។  ខ្ញុំ​ សូម​ប្រាប់​ អ្នក​រាល់​គ្នា ​ថា, អ្នក​រាល់​គ្នា​ នឹង​លែង​ឃើញ​ខ្ញុំ ​ទៀត​ហើយ, រហូត​ដល់​ពេល ​អ្នក​រាល់​គ្នា ​ពោល​ថា,សូម​ ព្រះជាម្ចាស់ ​ប្រទាន​ពរ​ ដល់ព្រះអង្គ ​ដែល​យាង​មក ក្នុង​នាម​ព្រះអម្ចាស់​»




No comments:

Post a Comment