របាយការណ៍ ADB៖ វិបត្តិនយោបាយ កូដកម្ម បាតុកម្ម ទម្លាក់ កំណើនសេដ្ឋកិច្ច
របាយការណ៍ក្រោមចំណងជើងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី២០១៤បានឲ្យដឹងថា សន្ទស្សន៍នៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានឹងថយចុះពី៧,២% នៅឆ្នាំ២០១៣មកត្រឹម៧% នៅឆ្នាំ២០១៤។
ស៊ុយ ហ៊ាមខេមរា / វីអូអេ | 02 មេសា 2014
ភ្នំពេញ — វិបត្តិ ជាប់គាំង នយោបាយ នៅកម្ពុជា និងការ ក្រោកឡើង ទាមទារ ការដំឡើងប្រាក់ខែ របស់ក្រុមកម្មករ រោងចក្រ ធ្វើឲ្យកំណើន សេដ្ឋកិច្ចមួយនេះ ធ្លាក់ចុះនៅ ឆ្នាំ២០១៤នេះ ស្របពេលដែល បំណុល របស់ ប្រទេសកម្ពុ ជាជំពាក់ សហគមន៍អន្តរជាតិ បានកើនឡើងដល់ជិត ប្រាំពាន់លានដុល្លារនៅឆ្នាំ២០១៣។ នេះបើយោងតាមតាមរបាយការណ៍ ប្រចាំឆ្នាំ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
របាយការណ៍ក្រោមចំណងជើងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី២០១៤បានឲ្យដឹងថា សន្ទស្សន៍នៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានឹងថយចុះពី៧,២% នៅឆ្នាំ២០១៣មកត្រឹម៧% នៅឆ្នាំ២០១៤។ បន្ថែមពីនោះដែរ ការអូសបន្លាយនៃការជាប់គាំងនយោបាយក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសតាំងតែពីខែកក្កដាឆ្នាំ២០១៣មកនោះទំនងជានឹងធ្វើឲ្យការវិនិយោគមានការធ្លាក់ចុះ និងជះឥទ្ធិពលលើវិស័យទេសចរណ៍ សំណង់ និងអចលទ្រព្យក្នុងប្រទេសកម្ពុជាឆ្នាំ២០១៤។
ថ្លែងក្នុងសន្និសីទកាសែតធ្វើឡើងនៅទីស្នាក់ការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃអង្គារទី០១ខែមេសានៅទីក្រុងភ្នំពេញ លោកអេរីក ស៊ីដហ្វីក (Eric Sidgwick) នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា បានអះអាងថា អ្នកវិនិយោគទុនបរទេសមួយចំនួនបានសម្រេចព្យួរគម្រោងវិនិយោគរបស់ខ្លួនជាបណ្តោះអាសន្នរួចទៅហើយក្នុងពេលនេះ។
«វាអាចទៅរួចដែលអ្នកវិនិយោគទន់មួយចំនួនបានសម្រេចផ្អាកគម្រោងនិវិយោគទុនរបស់ខ្លួននៅកម្ពុជា។ ការតវ៉ារបស់ក្រុមកម្មកររោងចក្របានបង្ហាញពីផលប៉ះពាល់ភ្លាមៗដល់ដំណើរការនៃការផលិតរបស់រោងចក្រ»។
នៅក្នុងរបាយការណ៍ដដែលនោះ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា វិស័យឧស្សាហកម្មនៃការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅប្រទេសអាមេរិក និងសហភាពអឺរ៉ុបនឹងធ្លាក់ចុះពី១០,៥% នៅឆ្នាំ២០១៣មកត្រឹម ៨,៧%នៅឆ្នាំ២០១៤ ស្របពេលដែលវិស័យសេវាកម្មនិងធ្លាក់ចុះដូចគ្នាពោលគឺពី៨,៤%មកត្រឹម៧,១%នៅឆ្នាំ២០១៤។
ADB ក៏បានវាយតម្លៃដែរថា អតិផរណានៅកម្ពុជាជាមធ្យមនឹងកើនដល់ ៣,៥%នៅឆ្នាំ២០១៤។ ការកើនឡើងនេះបណ្តាលមកពីការរឹតបន្តឹងការប្រមូលពន្ធគយ និងការដាក់សម្ពាធខ្លះនៃការនាំទំនិញចូល។
របាយការណ៍នេះបន្ថែមថា កម្ពុជាជំពាក់បំណុលបរទេសសរុបចំនួន៤,៨ពាន់លានដុល្លារអាមេរិករហូតមកទល់នឹងឆ្នាំ២០១៣ ពោលគឺស្មើនឹងប្រមាណជា៣០ភាគរយនៃផលិតផលដុលសរុបរបស់ជាតិ GDP។
លោកឌួល ពូឡង់ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា កម្ពុជានៅមាននិន្នាការខ្ចីប្រាក់ពីបរទេសបន្តទៀតសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងថា ស្ថានភាពសេដ្ឋកិច្ចនិងភាពដែលប្រឈមមុខប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ន មានស្ថានភាពអាក្រក់ជាងតួលេខនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលធ្វើការព្យាករណ៍នេះទៅទៀត។
«តួលេខស្ថិតិនៅស្រុកខ្មែរហ្នឹងភាគច្រើនខុសទាំងអស់។ អ្នកកាន់អំណាចគេបំភ្លៃទាំងអស់។ ដូចថា អតិផរណាថា ទំនិញឡើងថ្លៃតែ២ឬ៣% ខុសស្រឡះ។ តាមពិតវាឡើងរហូតដល់១០% ២០% ៣០%។ ខ្លះគ្រាន់តែមើលសើរៗអត់ដឹងច្បាស់ពីការណ៍ពិតក្នុងស្រុកខ្មែរទេ»។
ទោះបីជាយ៉ាងណាក្តី ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានធ្វើការទស្សន៍ទាយដែរថា នៅឆ្នាំ២០១៥ សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះងើបឡើងវិញ។
វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមស្នើសុំសេចក្តីអធិប្បាយបំភ្លឺពីមន្ត្រីរដ្ឋាភិបាលកម្ពុជា តែមិនអាចទាក់ទងបាន៕
No comments:
Post a Comment