ប្រទេស ន័រវែស សន្យាផ្តល់ថវិកាជិត ១លានដុល្លារគាំទ្រ សាលាក្តី ខ្មែរក្រហម
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមគឺលោកនេត្រ ភក្ត្រាបាន ថ្លែងថា ភាគីជាតិខ្វះខាតថវិកាចំនួន៣,៦លានដុល្លារស.រ.អា.ទៀតសម្រាប់ការចំណាយក្នុងឆ្នាំ២០១៤។
សុខ ខេមរា / វីអូអេ | 02 មេសា 2014
វ៉ាស៊ីនតោន — ប្រទេសន័រវែស (Norway) បានសន្យា មុនគេ ក្នុងការផ្តល់ថវិកា ៦លានក្រោន ឬជិតស្មើនឹង ១លានដុល្លារស.រ.អា.ដល់សាលាក្តីកាត់ ទោសខ្មែរក្រហម ដែលកំពុងខ្វះថវិកា។ ការសន្យានេះ គឺកើតឡើងក្រោយពេល ដែលក្រុម ប្រទេសម្ចាស់ជំនួយ កាលពីខែមុន បានសម្រេចការ ចំណាយថវិកា៦,៥លានដុល្លារស.រ.អា.សម្រាប់រយៈពេល២ឆ្នាំ គឺឆ្នាំ២០១៤ និង២០១៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា ថវិកានេះជាថវិកាសម្រាប់ភាគីអន្តរជាតិ។ ក្រុមមន្ត្រីគ្រប់គ្រងរដ្ឋបាលសាលាក្តីគឺលោកក្រាញ់ តូនី ជាប្រធានស្តីទីនិងលោកឃ្នុត រូហ្សិនហកបានសម្តែងការអរគុណដល់ប្រទេសន័រវែស។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមគឺលោកនេត្រ ភក្ត្រាបានអះអាងថា ប្រទេសន័រវែសជាប្រទេសដំបូងគេដែលបានផ្តល់ការសន្យាផ្តល់កញ្ចប់ថវិកាថ្មីនេះ។
«នេះគឺជាការផ្តល់មូលនិធិថ្មីមួយទៀតមកកាន់តុលាការខ្មែរក្រហម ហើយយើងសង្ឃឹមថា ក្រុមប្រទេសម្ចាស់ជំនួយផ្សេងៗទៀតនឹងបន្តផ្តល់ថវិកានេះ ជាពិសេស មកកាន់ភាគីជាតិនៃសាលាក្តីខ្មែរក្រហមដែលកំពុងតែជួបប្រទះនឹងបញ្ហាខ្វះសាច់ប្រាក់ក្នុងដំណើរការខ្លួន ជាពិសេសគឺការបើកប្រាក់បៀវត្សរ៍ជូនដល់មន្ត្រី បុគ្គលិក»។
លោកថ្លែងថា ភាគីជាតិខ្វះខាតថវិកាចំនួន៣,៦លានដុល្លារស.រ.អា.ទៀតសម្រាប់ការចំណាយក្នុងឆ្នាំ២០១៤។
លោកឡាត់ គី មន្ត្រីសម្រមសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើលសាលាក្តីខ្មែរក្រហម បានអះអាងថា លោកកំពុងតែមានក្តីបារម្ភចំពោះជំហរម្ចាស់ជំនួយ ដែលភាគច្រើនផ្តល់ថវិកាទៅតែខាងភាគីអន្តរជាតិ។
«អញ្ចឹងបើសិនណាជាម្ចាស់លុយភាគច្រើនគាំទ្រតែទៅលើភាគីអ.ស.ប.អញ្ចឹងភាគីជាតិប្រហែលជាអាចនឹងមានហានិភ័យខ្ពស់ ហើយអញ្ចឹងបញ្ហា វានឹងកើតឡើងដដែលៗគឺមានការតវ៉ា ហើយនឹងមានការធ្វើពហិការដើម្បីទាមទាររកដំណោះស្រាយ។ អញ្ចឹងបញ្ហាវាកើតឡើងចំពោះសាលាក្តីដដែលជាដដែល»។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ចំណាស់ៗអាយុជាង៨០ឆ្នាំពីរនាក់ គឺនួន ជា បងធំទី២ និងខៀវ សំផនប្រមុខរដ្ឋខ្មែរក្រហមក្នុងសំណុំរឿងជាបន្តបន្ទាប់ទាក់ទងនឹងបទចោទជាច្រើន ដែលទាក់ទងនឹងអំពើឧក្រិដ្ឋកម្មក្នុងទសវត្សរ៍១៩៧០ ដែលមានពលរដ្ឋខ្មែរស្លូតត្រង់ជាង១លាន៧សែននាក់បានស្លាប់។ សាលាក្តីនេះមានការពន្យារពេលជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែការខ្វះថវិកាបើកឲ្យបុគ្គលិកជាតិ ដែលពួកគេធ្វើពហិការមិនមកធ្វើការ។
សាលាក្តីនេះនៅមានសំណុំរឿងមួយចំនួនទៀតគឺសំណុំរឿង០០២ វគ្គទី២ និងសំណុំរឿងបន្ថែមដ៏ចម្រូងចម្រាសគឺ០០៣ និង០០៤ ដែលមានជនជាប់សង្ស័យ៤នាក់។ ទោះជាយ៉ាងណាក៏ដោយ សាលាក្តីនេះបានចាត់តាំងមេធាវីជនជាតិអង់គ្លេសម្នាក់ដើម្បីការពារក្តីជនសង្ស័យមួយរូបក្នុងសំណុំរឿង០០៤ ដែលសាលាក្តីនេះមិនទាន់បានបង្ហាញឈ្មោះជាសាធារណៈនៅឡើយនោះ។
មេធាវីបរទេសរូបនោះគឺលោក John R.W.D. Jones ដែលត្រូវធ្វើការជាមួយនឹងលោកប៊ិត ស៊ាងលឹម ជាសហមេធាវីដែលទទួលបានការតែងតាំងកាលពីពេលថ្មីៗនេះ។
ជនសង្ស័យសំណុំរឿងបន្ថែម០០៣ និង០០៤មិនទាន់ប្រឈមនឹងការចាប់ឃុំខ្លួនទេ ទោះបីជាមានការចោទប្រកាន់ពីសហព្រះរាជអាជ្ញាតាំងពីឆ្នាំ២០០៨មកក្តី ហើយក្រុមមេធាវីនៃសំណុំរឿងបន្ថែមទាំងនេះក៏មិនទាន់អាចមានសិទ្ធិចូលមើលសំណុំរឿងទាំងនេះបានដែរ។ ក្រុមអ្នកឃ្លាំមើលជាតិ និងអន្តរជាតិបានសម្តែងការព្រួយបារម្ភអំពីការប៉ះពាល់សិទ្ធិជនជាប់ចោទ ហើយបានស្តីបន្ទោសភាពយឺតយ៉ាវនៃកិច្ចសហការរវាងមន្ត្រីសាលាក្តីភាគីជាតិ និងអន្តរជាតិនៃដំណើរការសំណុំរឿងបន្ថែមទាំងនេះ៕
No comments:
Post a Comment