Paris Peace Accords 23 Oct. 1991

Thursday, April 24, 2014

យុវជន​ ២​នាក់ ​ពាក់ព័ន្ធ​ រឿង​វាយ​ប្រហារ ​បណ្ដាញ​បច្ចេកវិទ្យា ​ត្រូវ​ឃុំ​ នៅ​គុក​ព្រៃស

ហេកឃ័រ​អនាមិក ៦១០
រូប​តំណាង​ឲ្យ​ក្រុម​ហេកឃ័រ​អនាមិក (Anonymous Hacker)។
facebook screenshot

យុវជន​ ២​នាក់ ​ពាក់ព័ន្ធ​ រឿង​វាយ​ប្រហារ ​បណ្ដាញ​បច្ចេកវិទ្យា ​ត្រូវ​ឃុំ​ នៅ​គុក​ព្រៃស

ដោយ សុ ជីវី / អាស៊ីសេរី | ២៣ មេសា ២០១៤

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ឃាត់​ខ្លួន​យុវជន ២​នាក់ ដែល​ជា​សមាជិក​ក្រុម​ហេកឃ័រ (Hacker) អនាមិក​កម្ពុជា (Anonymous Cambodia) ចំនួន ២​នាក់។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ជាប់​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​បណ្ដាញ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ​ចំនួន ៣០ នា​ពេល​កន្លង​ទៅ។ បន្ទាប់​ពី​កសាង​សំណុំ​រឿង​ទៅ​តុលាការ យុវជន​ទាំង ២​នាក់​ត្រូវ​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។
ក្រុម​បណ្ដាញ​ហេកឃ័រ​អនាមិក​កម្ពុជា បាន​ព្រមាន​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ដែល​ទើប​បង្កើត​ថ្មី​របស់​ខ្លួន​ភ្លាមៗ នៅ​ក្រោយ​ការ​ប្រកាស​របស់​អាជ្ញាធរ​ថា បាន​ចាប់​ខ្លួន​សមាជិក​របស់​ក្រុម​នេះ​ចំនួន ២​នាក់។
សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មាន​មាន​ឈ្មោះ​ថា Anonymous Cambodia បាន​លើក​ឡើង​ថា ពួក​គេ​នឹង​បន្ត​ស្វែង​រក​ការ​គាំទ្រ​អោយ​បាន​កាន់​តែ​ច្រើន ដើម្បី​ទាមទារ​អោយ​មាន​ការ​ដោះ​លែង​សមាជិក​របស់​ពួក​គេ។ សារ​ដដែល​នោះ​បន្ត​ថា អាជ្ញាធរ​ចាប់​ពួក​គេ ២​នាក់ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​បន្ត​ការងារ ហើយ​ចាប់​ផ្ដើម​អោយ​ខ្លាំង​ជាង​មុន ១០​ដង ១​ពាន់​ដង ១​ម៉ឺន​ដង គ្មាន​ទី​បញ្ចប់ ចាប់​ពី​ពេល​នេះ​ត​ទៅ។ ពុំ​នោះ​ទេ Anonymous នៅ​ទូទាំង​ពិភពលោក នឹង​ចូល​រួម​ដៃ​ជា​មួយ​គ្នា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។
ការ​ព្រមាន​របស់​ក្រុម​នេះ ទើប​តែ​ត្រូវ​គេ​បង្ហោះ​បាន​ប្រមាណ​ជាង ១០​ម៉ោង គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា គឺ​ក្រោយ​ពេល​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ផ្សព្វផ្សាយ​ថា បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ដែល​ជា​សមាជិក​ក្រុម​ហេកឃ័រ។ យុវជន​ទាំង ២​នាក់​នោះ​មាន​ឈ្មោះ ប៊ុន​ឃីង មង្គល​បញ្ញា ហៅ Sexmachine ឬ Blackcyber អាយុ ២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជូ សុងហេង ហៅ Zoro អាយុ ២១​ឆ្នាំ​ដែរ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​វិទ្យាស្ថាន​ស៊ីតិក (SETEC)។
ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ លោក ឆៃ ស៊ីណារិទ្ធិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តាម​ដាន​រក​បណ្ដាញ​ក្រុម​នេះ​បន្ថែម​ទៀត។ លោក ស៊ីណារិទ្ធិ បន្ត​ថា អាជ្ញាធរ​ក៏​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​ពី​កម្រិត​នៃ​ទោស​កំហុស​របស់​យុវជន​ទាំង ២​នាក់។ ទាក់ទិន​នឹង​ការ​ផ្ញើ​សារ​ព្រមាន​របស់ Anonymous Cambodia លោក ស៊ីណារិទ្ធិ បញ្ជាក់​ថា អាជ្ញាធរ​ធ្វើ​តាម​ច្បាប់ និង​ថា ការ​ព្រមាន​នេះ គឺ​ជា​រឿង​ធម្មតា៖«នេះ​ជា​ផ្លូវ​ច្បាប់ ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​យ៉ាង​ម៉េច​ទេ​រឿង​នេះ។ កន្លង​ទៅ យើង​ក៏​ឃើញ​ថា​ពួក​ហេកឃ័រ​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស តែង​គំរាម​រដ្ឋាភិបាល​របៀប​អ៊ីចឹង​ដែរ។ សមត្ថកិច្ច​តុលាការ ក៏​កំពុង​ស្រាវជ្រាវ​អំពី​បញ្ហា​ថា តើ​យក​ទៅ​បម្រើ​ប្រយោជន៍​អី​ជា​រឿង​សំខាន់​ណាស់ ជួន​កាល​គាត់​យក​ទៅ​ដើម្បី​បម្រើ​អោយ​ជា​ព័ត៌មាន ឬ​យក​ទៅ​លក់ ឬ​យក​ទៅ​ប្រើប្រាស់​អី​ផ្សេងៗ។ មែន​ទែន​ទៅ គឺ​ពុំ​ទាន់​មាន​សញ្ញា​ទាក់ទិន​នឹង​ភេរវករ​ទេ»
អាជ្ញាធរ​កម្ពុជា បាន​តាម​ដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន អែហ្វ.ប៊ី.អាយ (FBI) ប្រចាំ​កម្ពុជា អស់​រយៈពេល​ប្រមាណ ៨​ខែ​មក​ហើយ ទើប​ឃាត់​ខ្លួន​ជន​សង្ស័យ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាក់​ថា ក្រុម​ហេកឃ័រ​អនាមិក​កម្ពុជា បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​ធ្វើ​ឲ្យ​រអាក់រអួល​មិន​ដំណើរ​ការ​គេហទំព័រ ជ្រៀត​ចូល​បណ្ដាញ​ព័ត៌មានវិទ្យា​ដោយ​ខុស​ច្បាប់ លួច​ទិន្នន័យ​សម្ងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការ​កែ​ទំព័រ​ដើម​នៃ​គេហទំព័រ​ទៅ​លើ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ប្រមាណ ៣០ និង​ស្ថាប័ន​ឯកជន​មួយ​ចំនួន​ទៀត។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​តាម​មាត្រា ៤២៧ ៤២៨ ៤២៩ នៃ​ក្រម​ព្រហ្មទណ្ឌ។ ជន​សង្ស័យ​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០​រៀល ដល់ ៤.០០០.០០០​រៀល និង​អាច​ជាប់​ពន្ធនាគារ​ពី ១​ខែ​រហូត​ដល់ ២​ឆ្នាំ។
កាល​ពី​ពេល​ថ្មីៗ ប៊ុន​ឃីង មង្គល​បញ្ញា ហៅ Sexmachine ឬ Blackcyber បាន​ផ្ដល់​បទ​សម្ភាសន៍​អោយ​វិទ្យុ​បរទេស​មួយ​ថា ក្រុម​របស់​លោក​មាន​គោល​ដៅ​រួម​មួយ គឺ​ផ្សព្វផ្សាយ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ក្នុង​យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌ និង​សេរីភាព៖ «ជា​សំខាន់ គឺ​យើង​ត្រូវ​អោយ​មាន​មនុស្ស​អោយ​ស៊ុបផត (Support) គាំទ្រ​យើង​ច្រើន​ទាំង​អ្នក​ក្នុង​ស្រុក អ្នក​ក្រៅ​ស្រុក សំខាន់​អ្នក​ដែល​គេ​មាន​ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌ ស្នេហា​ជាតិ អ្នក​ជា​ពិសេស​យុវជន»
ដោយ​ឡែក ទាក់ទិន​នឹង​ការ​សិក្សា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ថា​តើ​អាច​នឹង​មាន​ការ​រឹតត្បិត​ឬ​ទេ​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ២​រូប មន្ត្រី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា នៅ​ពុំ​ទាន់​មាន​វិធាន​ការ​អ្វី​ទេ ដ្បិត​ពុំ​ទាន់​មាន​បទដ្ឋាន​ច្បាប់​ដែល​ចែង​ពី​បញ្ហា​នេះ​នៅ​ឡើយ។ ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ បាន​លើក​ឡើង​ថា ពុំ​គួរ​បង្កើត​អោយ​មាន​ច្បាប់​ដាច់​ដោយ​ឡែក​គ្រប់គ្រង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ និង​បាន​បញ្ជាក់​ថា គួរ​ប្រើប្រាស់​ច្បាប់​មាន​ស្រាប់ ហើយ​ដាក់​ទោស​កំហុស​ចំពោះ​អ្នក​ប្រព្រឹត្តិ​កំហុស ជា​ជាង​រឹត​ត្បិត​សេរីភាព​ពលរដ្ឋ​ទូទៅ៕


No comments:

Post a Comment