Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

ពលរដ្ឋ​ខ្មែរ​ កាន់​តែ​ច្រើន ​ស្វែងរក​ ការ​កសាង​​ជីវិត​​ថ្មី ​នៅ​បរទេស​​​​

ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​ មក​ពី​បណ្តា​ខេត្តនានា​ ដោយ​ចង់​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ​ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ដើម្បី​សាក​សួរ​ការ​ពីថ្ងៃ ​ទី ៣០ ខែ កក្តដា ឆ្នាំ២០១២។
ស្ត្រី​វ័យ​ក្មេង​ទាំងនេះ​ មក​ពី​បណ្តា​ខេត្តនានា​ ដោយ​ចង់​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ ​ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ដើម្បី​សាក​សួរ​ការ​ពីថ្ងៃ ​ទី ៣០ ខែ កក្តដា ឆ្នាំ២០១២។  ©channa/rfi

ពលរដ្ឋ​ខ្មែរ​ កាន់​តែ​ច្រើន ​ស្វែងរក​ ការ​កសាង​​ ជីវិត​​ថ្មី ​នៅ​បរទេស​​​​

ដោយ ញឹម សុផល / RFI | ២៧ មេសា ២០១៤
ចំនួន​ពលរដ្ឋ​ខ្មែរ​ រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​ ជនបរទេស បាន​កើនឡើង​ នៅ​ដើមឆ្នាំ ២០១៤​នេះ ក៏ប៉ុន្តែ ​ការរៀប​អាពាហ៍ពិពាហ៍​ ជាមួយ​ ចិនតៃវ៉ាន់ ​នៅ​​មិនទាន់​អនុញ្ញាត​នោះ​ទេ​ ប្រសិនបើ​ មិន​​ឆ្លងកាត់​ស្ថានទូត​ចិន ​នៅ​កម្ពុជា។  មន្ត្រីជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ​ បាន​ថ្លែងថា រដ្ឋាភិបាល​​ បាន​ និងកំពុង​យកចិត្ត​ទុក​​ដាក់​ ចំពោះ​ ការ​ឆ្លៀតឱកាស​ ណាមួយ​ ​​ដែល​យក​អាពាហ៍ពិពាហ៍ ​ជា​ឈ្នាន់ ​ដើម្បី​ជា​ មធ្យោបាយ ស្វែងរក​ ការតាំង​ទីលំនៅ ​ក្នុង​​ប្រទេស​គេ​ ដោយ​ខុសច្បាប់។
មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹងថា​តួលេខ​នៃ​ការរៀប​អាពាហ៍ពិពាហ៍​រវាង​ស្ត្រី​ជន​ជាតិខ្មែរ ​និង​ជនបរទេស​នៅ​ដើមឆ្នាំ ២០១៤នេះ​មានការ​កើនឡើង ធៀប​ទៅនឹង​ឆ្នាំ ២០១៣​។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោកស្រី
គ្រាន់តែ​ធ្វើការ​ប្រៀបធៀប​រយៈពេល៣ខែ​ដើមឆ្នាំ ២០១៤ ទៅ​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៣ ឃើញថា​មានការ​កើនឡើង​ប្រមាណ​ជា១០០នាក់។
 

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួងមហាផ្ទៃ ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ពេញ​មួយ​ឆ្នាំ ២០១៣ មាន​ចំនួន​ជាង១៧០០នាក់។ ក្នុងនោះ​មាន​ច្រើន​សញ្ញា​តិ មាន​ទាំង​អឺរ៉ុប អាមេរិក
អូស្ត្រាលី និង​អាស៊ី ហើយ​កូរ៉េ​មាន​អត្រា​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ខ្ពស់​ជាងគេ ខណៈដែល​តួលេខ​បន្ទាប់​គឺ​អាមេរិក ពោលគឺភាគច្រើន​សំដៅ​ទៅលើ​ជនជាតិ​អាមេរិកកាំង ដើមកំណើត​ខ្មែរ។

លោកស្រី​ជូ ប៊ុន​អេង បាន​បញ្ជាក់ថា ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​មាន​ទាំង​បុរស និង​ស្ត្រី ក៏ប៉ុន្តែ​ជនបរទេស​ជា​បុរស​ច្រើនតែ​មក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ខ្មែរ រីឯ​បុរស​ខ្មែរ​រៀបការ​ជាមួយ​ស្ត្រី​បរទេស​វិញ គឺមាន​តិចតួច​ណាស់។

ទោះជា​យ៉ាងនេះ​ក្តី​មានការ​កត់សម្គាល់ថា មាន​បញ្ហា​ប្រឈម​មួយចំនួន​បានកើត​ឡើង​បន្ទាប់​ពី​​អាពាហ៍ពិពាហ៍​ឆ្លង​ទ្វីប​នេះ ដោយសារ​មាន​គូរ​មួយចំនួន​បាន​បែក​គ្នា​បន្ទាប់ពី​រៀបអាពាហ៍​ពិពាហ៍​ហើយ ហើយក៏​បាន​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​ដែរ និង​គូរ​ខ្លះទៀត​កំពុងតែ​ស្ថិត​នៅ​ក្នុង​សំណុំរឿង​លែងលះ ព្រមទាំង​ស្នើសុំ​មក​រៀប​អាពាហ៍ពិពាហ៍​ជាថ្មី​នៅ​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ករណី​ពលរដ្ឋ​ខ្មែរ​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ចិនតៃវ៉ាន់ អាជ្ញាធរ​កម្ពុជា​នៅ​មិនទាន់​ទទួល​ការស្នើសុំ​នៅឡើយ ដោយ​ណែនាំ​ឲ្យ​មាន​ការ​ទទួលស្គាល់​និង​ឆ្លងកាត់​ពី​ស្ថានទូត​ចិន​នៅ​កម្ពុជា ជា​កន្លែង​ដែល​អាចមាន​ទំនាក់​ទំនង​​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​កម្ពុជា​នៅពេល​ដែលមាន​បញ្ហា​កើតឡើង។

ជាទូទៅ​ស្ត្រី​កម្ពុជា​តែង​រងគ្រោះ​ដោយសារ​ការរៀប​ការ​ជាមួយនឹង​បុរស​តៃវ៉ាន់។ក្រៅពី​រៀប​អាពាហ៍ពិពាហ៍​ជា​ប្រពន្ធ​ប្តី ចេញពី​ប្រទេស​កម្ពុជា ស្ត្រី​មួយចំនួន​ត្រូវបាន​គេ​ជួញដូរ។បញ្ហា​នេះ​ត្រូវ​​​អាជ្ញាធរ​កម្ពុជា​អះអាងថា បាន​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ផងដែរ ដោយមាន​ជំនួយ​ពី
សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ភាគច្រើន​នៃ​ស្ត្រី​ទាំងនោះ​បដិសេធ​វិល​មក​ប្រទេស​កម្ពុជា​វិញ និង​សុំ​សិទ្ធិ​រស់នៅ​ប្រទេស​គេ។

ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​មិនមាន​គោលការណ៍​ឲ្យ​យក​អាពាហ៍ពិពាហ៍​ជា​ឈ្នាន់​ក្នុង​ការ​​​​តាំង​ទីលំនៅ​ក្នុង​ប្រទេស​គេ​ដោយ​ខុសច្បាប់ ឬ​ដើម្បី​ផលប្រយោជន៍​ណាមួយ​ដែល​ផ្ទុយ​ពី​អា​ពា​ហ៍​ស្របតាម​ឆន្ទៈ​ក៏​ទេ​ដែរ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ជូ ប៊ុន​អេង រដ្ឋ​លេ​ខា​ធិការ​ក្រសួងមហាផ្ទៃ៕

No comments:

Post a Comment