អ្នកភូមិ ៦៣គ្រួសារ នៅពោធិ៍សាត់ គ្រោងតវ៉ា រឿងដី នៅមុខសាលាស្រុក
ដោយ ជិន ជេដ្ឋា / អាស៊ីសេរី | ២៧ មេសា ២០១៤
ប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ នៅខេត្តពោធិ៍សាត់ គ្រោងតវ៉ា នៅខាងមុខសាលាស្រុក ក្រគរ នៅសប្ដាហ៍ក្រោយ ដើម្បីទាមទារ អាជ្ញាធរ ឲ្យជួយដោះស្រាយ ជម្លោះដីធ្លី របស់ខ្លួន ជាមួយក្រុមហ៊ុន រតនា វិសាល។
គម្រោងតវ៉ា ជាថ្មីនេះ គឺបន្ទាប់ពីគ្រឿងចក្រ របស់ ក្រុមហ៊ុន បានកាយព្រំប្រទល់ និងឈូសវាទយកដីដាំដំឡូងមី បណ្ដាលឲ្យ ប៉ះពាល់ ដល់ដីប្រជាពលរដ្ឋ ជាច្រើនរយហិកតារ នៅចំណុចភូមិខ្លាក្រពើ នៃឃុំអន្លង់ត្នោត។
ទាក់ទងបញ្ហានេះអភិបាលស្រុកក្រគរ លោក ទឹម សារិន បានចុចផ្ដាច់ទូរស័ព្ទក្រោយពេលប្រាប់ថា មកពីវិទ្យុអាស៊ីសេរី។ ចំណែកតំណាងក្រុមហ៊ុនរតនា វិសាល លោក អួន ងួន ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដែរ នៅថ្ងៃទី២៧ ខែមេសា ដោយលោកប្រាប់ថា កំពុងជាប់រវល់ និងមិនសូវស្រួលខ្លួន។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន រតនា វិសាល ដែលភាគច្រើនមកពីឃុំអន្លង់ត្នោត ឃុំស្នាអន្សា និងឃុំក្បាលត្រាច នៃស្រុកក្រគរ អះអាងថា ក្រុមហ៊ុនបានធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដល់ផ្ទះជាង ៣០ខ្នង ផលដំណាំ និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋចំនួន ២៥៣ហិកតារ។ បញ្ហានេះបានកើតមានតាំងពីចុងឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ប៉ុន្តែអាជ្ញាធរមិនសូវអើពើ និងសន្យាថាម្ដងដោះស្រាយថ្ងៃនេះម្ដងថ្ងៃនោះ៕
No comments:
Post a Comment