អ្នករងគ្រោះនៅក្នុងជម្លោះដីធ្លី | RFI / Pen Bona
លីកាដូ៖ ចំនួនអ្នករងគ្រោះ ដោយ បញ្ហាដីធ្លី កើនលើសពី កន្លះលាននាក់
ដោយ ប៉ែន បូណា / RFI | ០១ មេសា ២០១៤
នៅក្នុងរបាយការណ៍ ដីធ្លី របស់ខ្លួន ដែលចេញផ្សាយ នៅថ្ងៃទី១មេសានេះ សម្ព័ន្ធ ខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានកត់ត្រា ឃើញថា ចំនួនអ្នករងគ្រោះ ដោយ បញ្ហាដីធ្លី នៅកម្ពុជា បានកើនលើសពី កន្លះលាននាក់។ អង្គការនេះ ក៏បានកត់សម្គាល់ ទៀតថា ករណីរំលោភដីធ្លី បានកើនឡើង ឥតឈប់ឈររយៈពេល ១៣ឆ្នាំ កន្លងទៅនេះ ជាពិសេសនៅដើមឆ្នាំ ២០១៤ នេះ រលក នៃការរំលោភ ដីធ្លី បានកើតឡើង ជាថ្មី ដែលធ្វើឲ្យ ប៉ះពាល់ ដល់ ពលរដ្ឋ ជាង ២០០០ គ្រួសារ។
គិតមកត្រឹមខែមិនាចំនួនគ្រួសារដែលរងគ្រោះដោយសារជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងរដ្ឋក៏ដូចជាភ្នាក់ងាររដ្ឋនៅក្នុងប្រទេសបានកើនឡើងលើសកន្លះលាននាក់ហើយ។ នេះបើយោងតាមរបាយការណ៍ជម្លោះដីធ្លីដែលអង្គការលីកាដូបានផ្សព្វផ្សាយនៅថ្ងៃអង្គារទី១មេសានេះ។
របាយការណ៍បន្តថា ជម្លោះដីធ្លីបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល ១៣ ឆ្នាំកន្លងទៅនេះ ជាពិសេសរយៈពេលប៉ុន្មានខែដើមឆ្នាំ២០១៤ រលកនៃការរំលោភដីធ្លី ដែលមានអំពើហិង្សាផងនៅតែបន្តកើតមានឡើងនិងបានបង្កផលប៉ះពាល់អាក្រក់ដល់ប្រជាពលរដ្ឋជាង ២០០០ គ្រួសារនៅស្ទើរគ្រប់ខេត្ត។ កំណើនករណីរំលោភដីធ្លីត្រូវបានអង្គការក្រៅរដ្ឋាភិបាលមួយនេះហៅថាជាបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តកើតមានទាំងនោះ។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “តួលេខចុងក្រោយទាំងនេះគឺពិតជាគួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យខ្មាស់អៀនពីព្រោះថាពលរដ្ឋរងគ្រោះទាំងនោះតំណាងឲ្យជីវិតដែលត្រូវបានបំផ្លាញយ៉ាងខ្លាំង ហើយពួកគេត្រូវប្រឈមមុខនឹងការលំបាកខ្លាំងនិងរយៈពេលយូរ។ លីកាដូបានអំពាវនាវឲ្យរាជរដ្ឋាភិបាលគួរតែធ្វើសកម្មភាពដើម្បីបញ្ឈប់ជំងឺនៃការរំលោភដីធ្លីដ៏រីករាលដាលនេះ។
របាយការណ៍ក៏បានលើកឡើងអំពីវិធានការរបស់រដ្ឋាភិបាលដែរដូចជាកាលពីខែឧសភាឆ្នាំ ២០១២ រដ្ឋាភិបាលបានបញ្ជាឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីនិងឲ្យមានការត្រួតពិនិត្យឡើងវិញនូវដីសម្បទានដែលបានផ្តល់រួចហើយ។ ម្យ៉ាងទៀត លោកនាយករដ្ឋមន្ត្រីក៏បានប្រើប្រាស់ក្រុមនិស្សិតជាង ២០០០ នាក់ឲ្យចុះវាស់វែងដីនិងចែកប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋផងដែរ។ ប៉ុន្តែ វិធានការទាំងនោះត្រូវបានលីកាដូចាត់ទុកថាគ្មានប្រសិទ្ធភាពទេដោយសារតែការងារគ្មានតម្លាភាព។
កាលពីពេលថ្មីៗនេះ អង្គការអាដហុកក៏បានកត់សម្គាល់ពីការកើនឡើងនៃទំនាស់ដីធ្លីផងដែរ។ អង្គការនេះថែមទាំងបានប្រកាសជួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងការដាក់ពាក្យបណ្តឹងផងដែរ។
ក្រៅពីការបង្ហាញផែនទីដើម្បីបញ្ជាក់ពីចំណុចដែលកំពុងកើតមានបញ្ហាដីធ្លី លីកាដូបានផ្តល់យោបល់ដល់រដ្ឋាភិបាលឲ្យបញ្ឈប់ការបណ្តេញពលរដ្ឋពីដីធ្លី ឲ្យគោរពសន្យាក្នុងការត្រួតពិនិត្យឡើងវិញនូវដីសម្បទានសេដ្ឋកិច្ច និងឲ្យបន្តការចែកប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋតាមរយៈស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ៕
No comments:
Post a Comment