ទិដ្ឋភាពនៅកន្លែងប៉ះទង្គិចគ្នា រវាងសន្តិសុខសាលាខណ្ឌដូនពេញ និងអ្នកគាំទ្រលោក ម៉ម សូណង់ដូ កាលពីម្សិលមិញ (រូបថត៖ តាត ឧត្តម)
សង្គមស៊ីវិល ប្រតិកម្ម នឹងការលើកឡើង របស់ សាលាក្រុង ថា ពួកគេញុះញង់ ឲ្យមាន ការប៉ះទង្គិច លើក្រុមលោក ម៉ម សូណង់ដូ
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអង្គារ ទី1 ខែមេសា ឆ្នាំ2014
សង្គមស៊ីវិលនៅថ្ងៃអង្គារនេះ ប្រតិកម្មចំពោះការលើកឡើងរបស់សាលារាជធានីភ្នំពេញ ដែលថា ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានញុះញង់ឲ្យមានការប៉ះទង្គិចរវាងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ារបស់លោក ម៉ម សូណង់ដូ កាលពីម្សិលមិញរហូតដល់មានមនុស្ស២នាក់រងរបួស។
សេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា សាលារាជធានី បានជូនដំណឹងច្រើនលើក ច្រើនសារ និងបានបង្កលក្ខណៈឲ្យមានទំនាក់ទំនងដោយផ្ទាល់ ជាមួយក្រសួងព័ត៌មាន ដើម្បីរកដំណោះស្រាយស្របតាមនីតិវិធីរដ្ឋបាល ព្រោះការដង្ហែក្បួនតាមដងផ្លូវបែបអនាធិបតេយ្យ ពុំមែនជាដំណោះស្រាយប្រសើរឡើយ។ សាលារាជធានី បានសម្តែងការសោកស្តាយចំពោះការប៉ះទង្គិចរវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ច ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កឡើងដោយការអុជអាលញុះញង់ពីគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល។
អនុប្រធានផ្នែកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្ស និងជំនួយការច្បាប់របស់អង្គការអាដហុក លោកណៃ វ៉ង់ដា មានប្រសាសន៍ថា សាលាក្រុងក្នុងនាមជាស្ថាប័នរដ្ឋត្រូវទទួលខុសត្រូវនូវអ្វីដែលខ្លួនធ្វើ ផ្ទុយទៅវិញបែរជាដើរចោទប្រកាន់ទម្លាក់កំហុសដាក់គេ។ លោកបន្តថា មិនចាំបាច់សាលាក្រុងដើរទម្លាក់កំហុសដាក់គេទេ អ្វីដែលសំខាន់ សាធារណៈជនគេបានដឹងច្បាស់ហើយ ថាអ្នកណាជាអ្នករំលោភសិទ្ធិមនុស្ស «អំពើហិង្សា ដែលយើងបានសង្កេតឃើញ គឺប្រព្រឹត្តដោយមន្រ្តីរដ្ឋ ជាពិសេសកងសន្តិសុខខណ្ឌដូនពេញ។ ដូច្នេះវាបង្ហាញច្បាស់ហើយថា តើអ្នកណាអ្នកប្រព្រឹត្តអំពើហិង្សាហ្នឹង ហើយរឿងថាសង្គមស៊ីវិល ឬបក្សប្រឆាំងអី ជាអ្នកញុះញង់ហ្នឹង ខ្ញុំយល់ថា ដូចជាមិនអ៊ីចឹងទេ»។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមការងារពិសេសសិទ្ឋិលំនៅដ្ឋាន លោក សៀ ភារម្យ ក៏មិនយល់ស្របចំពោះការលើកឡើងរបស់សាលាក្រុងដែរ ហើយក្នុងនាមខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនគួរធ្វើទង្វើបែបនេះទេ «ប្រសិនជាអ្នកបម្រើប្រជាពលរដ្ឋ ពិតប្រាកដ គេមិនចេះតែដើរចោទអ្នកនេះ ចោទអ្នកនោះអ៊ីចឹងទេ។ ហើយប្រសិនជា ការញុះញង់អីនោះ វាមិនអាចទៅរួចទេ ព្រោះមនុស្សម្នាក់ៗ គេសុទ្ធតែមានខួរក្បាល មានចំណេះដឹងរបស់គេដែរ មិនអាចចេះតែស្តាប់ការញុះញង់ អ្នកនេះអ្នកនោះអ៊ីចឹងបានទេ ហើយជាការសោកស្តាយ ដែលមិនគួរថា សមត្ថកិច្ចយើងរៀនច្រើនដែរ ចេះដឹងច្រើនដែរ មិនគួរណា ប្រើភាសាបែបហ្នឹង»។
កាលពីថ្ងៃចន្ទ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា រាល់ការទាមទារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងការជួបជុំ ឬសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ឬទីសាធារណៈនានា តែងរងនូវការគំរាមកំហែង និងការទប់ស្កាត់ ពីសំណាក់អាជា្ញធរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែល ចាត់ទុកទង្វើនេះ ថាជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពក្នុងការជួបជុំ ការសម្តែងមតិរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្ដរជាតិ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានស្នើឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់អំពើហិង្សាតាមគ្រប់រូបភាពទៅលើប្រជាពលរដ្ឋ និងអំពាវនាវដល់សមាគមអន្ដរជាតិ ជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពិនិត្យឡើងវិញ និងដាក់សម្ពាធទៅលើរាជរដ្ឋាភិបាល ឲ្យគោរពនូវគោលការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស និងអនុវត្ដតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ បានបំបែកប្រជាពលរដ្ឋជាង ១០០នាក់ ដែលជាអ្នកគាំទ្រប្រធានវិទ្យុសំបុកឃ្មុំ បណ្តាលឲ្យបុរសពីរនាក់រងរបួលក្បាល នៅក្បែរស្ពាននាគ ខណៈពួកគេព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទារជាថ្មីម្តងទៀត សុំដំឡើងហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុនៅតាមខេត្ត៕
No comments:
Post a Comment