បក្សសង្គ្រោះជាតិ គ្រោងដឹកនាំ មនុស្ស ២លាននាក់ ធ្វើបាតុកម្ម នៅថ្ងៃ២ ឧសភា
ដោយ ឡេង ម៉ាលី / RFA | 7 April 2014
គណបក្ស សង្គ្រោះជាតិ គ្រោងប្រមូលគ្នា រាប់លាននាក់ ធ្វើបាតុកម្ម អហិង្សា ជាថ្មី នៅរាជធានី ភ្នំពេញ នៅដើមខែឧសភា ទាក់ទង នឹងបញ្ហា នយោបាយ បច្ចុប្បន្ន។ ដោយឡែក លោក
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់ អ្នកគាំទ្រ របស់ បក្សសង្គ្រោះជាតិ នៅក្នុងពិធី ប្រារព្ធ ខួបកំណើត បក្ស នៅព្រឹកថ្ងៃ ទី៧ មេសា ថា, លោក នឹងដឹកនាំ ធ្វើបាតុកម្ម អហិង្សា ជាថ្មី នៅថ្ងៃទី២ ខែឧសភា ខាងមុខ ដែលមាន អ្នកគាំទ្រ គណបក្សនេះ នៅទូទាំងប្រទេស ចូលរួម ចំនួន ២លាននាក់។
លោក សម រង្ស៊ី៖ «អត់មានប្រជុំ ១ពាន់, ២ពាន់ ទេ បងប្អូន, ដាក់ ២លាននាក់ តែម្ដង បង្ក្រាបអត់បានទេ បងប្អូន។ បើ កម្មករ គ្នា ២០០នាក់ ឬយ៉ាងច្រើន ២ពាន់នាក់ បាញ់សម្លាប់គ្នា នៅផ្លូវ វ៉េងស្រេង។ បើ ២លាននាក់ ហ៊ានបាញ់ ២លាននាក់ តុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិហើយ។»
លោក សម រង្ស៊ី មានប្រសាសន៍ទៀតថា គម្រោងធ្វើបាតុកម្មអហិង្សានៅថ្ងៃទី២ ឧសភា នោះ គឺជាថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ ក្រុមប្រឹក្សាក្រុង ខេត្ត និងក្រុមប្រឹក្សារាជធានី។ ដូច្នេះ មិនអាចមានអ្នកណាអាចរារាំងបានទេ ព្រោះច្បាប់បោះឆ្នោតអនុញ្ញាតឲ្យធ្វើបាតុកម្ម ដោយគ្មានលក្ខខណ្ឌ។
ទាក់ទងនឹងគម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតបនៅព្រឹកថ្ងៃទី៧ មេសា ដដែលថា ការគំរាមធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះ ជាភាពព្រហើន ហើយប្រសិនបើមានធ្វើបាតុកម្មនោះមែន លោកនឹងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មដែរ។
ការប្រកាសធ្វើបាតុកម្មធំរបស់លោក សម រង្ស៊ី គឺជាការប៉ុនប៉ងថ្មីមួយទៀត នៅក្នុងពេលដែលរដ្ឋាភិបាលនៅអនុវត្តបម្រាមមិនឲ្យជួបប្រជុំគ្នានៅ ឡើយ បន្ទាប់បង្ក្រាបមហាបាតុកម្មគណបក្សសង្គ្រោះជាតិ កាលពីខែមករា។
ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី អំពាវនាវដល់អ្នកគាំទ្រគាំទ្របក្សសង្គ្រោះជាតិ ឱ្យត្រៀមខ្លួនសម្រាប់ចូលរួមនៅថ្ងៃទី២ ឧសភា នោះ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា គម្រោងនេះនឹងត្រូវគិតគូរជាថ្មីទៀត ប្រសិនបើការដោះស្រាយបញ្ហានយោបាយបច្ចុប្បន្នមានការប្រែប្រួល។ លោកសុំទៅអ្នកគាំទ្ររបស់បក្សសង្គ្រោះជាតិថា នៅក្នុងអំឡុងពេលមុនដល់ថ្ងៃទី២ ឧសភា នោះ គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជមួយទៀតដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រគណបក្ស៕
No comments:
Post a Comment