លោក ហ៊ុន សែន ព្រមាន មេ បក្សប្រឆាំង រឿងសារ ថ្វាយព្រះមហាក្សត្រ
ដោយ ដែន អយុធ្យា / RFA | 7 April 2014
ប្រមុខដឹកនាំ រ
លោក
លោក ហ៊ុន សែន ព្រមានក្នុងសម្ដីខ្លាំងៗថា លោក សម រង្ស៊ី អាចនឹងត្រូវចូលពន្ធនាគារនៅមុន ឬក្រោយចូលឆ្នាំខ្មែរ បើសិនជាមានកំហុសឆ្គង។ ជាងនេះ លោក ហ៊ុន សែន ក៏ស្នើដល់លោក សម រង្ស៊ី គួរល្មមបញ្ឈប់ប្រើសារព្រមានធ្វើបាតុកម្មនៅថ្ងៃអនាគត។
លោក ហ៊ុន សែន៖ «ហ្អែងធ្វើបាតុកម្ម មិនបាតុកម្មដូចគ្នាវើយ! អាមួយគាំទ្រ អាមួយប្រឆាំងដាក់គ្នាទៅ។ គ្រាន់តែព្រឹត្តិការណ៍នៅប្រទេសអ៊ុយក្រែនចេញភ្លាម គេថា ២លាននាក់ចេញធ្វើបាតុកម្ម។ អើមកវើយ ប៉ុន្មាន? អីក៏វាពិបាកម្ល៉េះ? ព្រហើន! ខ្ញុំមិនចង់ឲ្យសារអាក្រក់ទេ។ ប៉ុន្តែគ្រាន់តែប្រាប់ថា ប្រជាពលរដ្ឋចូលឆ្នាំដូចធម្មតាទៅ កុំខ្វល់ពេក។ អារឿងសរសេរសំបុត្រសរសេរអីទៅព្រះករុណា និងប្រមាថព្រះមហាក្សត្រស្អីៗ ហើយអ្នកច្បាប់ចេញមកនិយាយ ខ្ញុំអបអរ ខ្ញុំទទួល។ ក៏ប៉ុន្តែទោសអ្នកឯង រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មានទោសប៉ុន្មានទេ ប៉ុន្តែទោសអ្នកឯងកុំភ្លេចឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស។»
បន្ថែមលើនេះ ប្រមុខដឹកនាំក៏បានព្រមានទៅមេដឹកនាំគណបក្សប្រឆាំងថា គួរបញ្ឈប់រត់ទៅពឹងពាក់ទូតបរទេសនៅក្នុងបញ្ហាអាសន្នអ្វីមួយ។
ទាក់ទិនបញ្ហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា រូបលោកសុខចិត្តជាប់ពន្ធនាគារ ប្រសិនបើរូបលោកមិនគោរពព្រះមហាក្សត្រដូចការចោទប្រកាន់មែននោះ។ លោកថ្លែងដូច្នេះនៅក្នុងពិធីរំលឹកខួបមួយឆ្នាំនៃការបង្កើត គណបក្សសង្គ្រោះជាតិ ព្រឹកថ្ងៃទី៧ មេសា នាទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញ។
លោក សម រង្ស៊ី បានបដិសេធថា លោកមិនបានមើលងាយព្រះមហាក្សត្រទេ។ ប៉ុន្តែអះអាងថា មានអ្នកផ្សេង ឬគណបក្សដទៃមិនគោរពព្រះមហាក្សត្រ គឺមិនមែនរូបលោក ឬគណបក្សសង្គ្រោះជាតិទេ។ មេបក្សប្រឆាំងរូបនេះក៏មិនព្រួយបារម្ភទៅនឹងសារព្រមានចាប់ រូបលោកដាក់ពន្ធនាគារនោះដែរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់។
លោក សម រង្ស៊ី៖ «ចំពោះនរណាដែលធ្លាប់តែជេរព្រះអង្គ ប្រមាថព្រះអង្គ គំរាមរាជវង្សានុវង្ស គឺយើងដឹងហើយ។ ប៉ុន្តែអ្នកនោះមកចោទខ្ញុំថា ខ្ញុំមើលងាយព្រះមហាក្សត្រ ខុសស្រឡះ ពួកអស់នេះគឺបាតដៃទៅជាខ្នងដៃ សជាខ្មៅ ខ្មៅជាស។ កម្លាំងរាជានិយមដែលស្រលាញ់ស្ដេច ដែលគោរពស្ដេច ដែលយើងទាំងអស់គ្នាការពារស្ថាប័នរាជបល្ល័ង គឺយើងរួបរួមគ្នាជាមួយគណបក្សសង្គ្រោះជាតិ អស់ហើយ។ ខ្លួនឯងធ្លាប់ជេរស្ដេច រឿងអីមកចោទគេ ថាគេប្រឆាំងស្ដេច គឺខ្លួនឯងហ្នឹងហើយជាអ្នកប្រឆាំងស្ដេចមុនគេ។»
លោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែមេសា បានថ្វាយលិខិតជូនព្រះមហាក្សត្រ ដោយលើកឡើងថា រដ្ឋសភាអាណត្តិថ្មី គឺជារដ្ឋសភាឯកបក្ស មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលដែរ ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន ១២០រូប ចូលរួមសម័យប្រជុំដំបូងនៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលិខិតនេះត្រូវរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចេញប្រតិកម្ម និងចាត់ទុកការប្រមាថព្រះមហាក្សត្រ ជាន់ឈ្លីគោលការណ៍នីតិរដ្ឋនៅកម្ពុជា ជាការញុះញង់ និងជំរុញឲ្យព្រះមហាក្សត្រអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ប្រឆាំងជាក់ស្ដែងចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣។ ជាងនេះក៏បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើរូបលោក សម រង្ស៊ី ថែមទៀត។
លោក ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឲ្យពង្រឹងសន្តិសុខក្នុងពេលចូលឆ្នាំ
នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឲ្យត្រៀមការពារសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិឆ្នាំនេះ។
ជាងនេះ ប្រមុខដឹកនាំក៏បានរំលឹកដល់ក្រុមយុវជន មិនត្រូវលេងល្បែងមិនគួរគប្បីមួយចំនួនមានដូចជា លាបម្សៅ និងជះទឹកទៅលើអ្នកធ្វើដំណើរនោះទេ ព្រោះមិនមែនជាល្បែងប្រជាប្រិយរបស់ខ្មែរនោះទេ ហើយក៏ជាដើមហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោក ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋទូទៅឲ្យប្រុងប្រយ័ត្នអំពីសុវត្ថិភាពក្នុង ការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដោយការទទួលខុសត្រូវខ្ពស់៖ «សំណូមពរមួយទៀត គឺទាក់ទងនឹងការលេងរបស់ក្រុមយុវជន។ អារឿងលេងប៉ាតម្សៅ ឬជះទឹកជះអីជាដើម សុទ្ធតែជារឿងមិនមែនជាប្រពៃណីខ្មែរទេ ហើយជួនកាលបង្កើតរឿងច្រើនណាស់ ជួនកាលគ្រោះថ្នាក់ដោយសារអាហ្នឹង។ ជួនកាលគ្នាកំពុងតែជិះម៉ូតូអ៊ីចឹងទៅ ស្រាប់តែយកថង់ប្លាស្ទិក ឬថង់ទឹកយកទៅគប់ រួចក៏ដួលម៉ូតូ ឬក៏ស្អីអ៊ីចឹងទៅ ហើយអារឿងប៉ាតម្សៅប៉ាតស្អីនេះ ជួនកាលវាមិនត្រឹមប៉ាតម្សៅទៅលេងអាក្រវិលគ្នាថែមទៀត។ អ៊ីចឹងទេ ក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នទៅលើបញ្ហាអស់ទាំងហ្នឹងដែរ។»
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូននានា មិនត្រូវដំឡើងតម្លៃសេវាកម្មរបស់ខ្លួនខ្ពស់ហួសហេតុពេកនៅក្នុង ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ នោះទេ៕
ខ្លួនឯងធ្លាប់ជេរស្ដេច រឿងអីមកចោទគេ ថាគេប្រឆាំងស្ដេច គឺខ្លួនឯងហ្នឹងហើយជាអ្នកប្រឆាំងស្ដេចមុនគេ។»
ReplyDeleteអញ្ញឹងបានសេចក្តីថាខ្លួនប្រឆាំងក្រោយគេ?