មនុស្ស រាប់ម៉ឺននាក់ ចូលរួម អបអរ ពិធីអង្គរសង្ក្រាន្ត នៅសៀមរាប
ដោយ កែវ និមល / RFA | 14 April 2014
មនុស្ស រាប់ម៉ឺននាក់ បានជួបជុំគ្នា នៅទីរួមខេត្ត សៀមរាប ដើម្បី អបអរ ពិធីបុណ្យ អង្គរសង្ក្រាន្ត រៀបចំ ដោយសហភាព សហព័ន្ធ យុវជនកម្ពុជា នៅមុខប្រាសាទ អង្គរវត្ត នៅថ្ងៃ ទី១៤ មេសា, គឺ ចំថ្ងៃទី១ នៃពិធីបុណ្យ ចូលឆ្នាំថ្មី។
លោក សោម រតនា អ្នកនាំពាក្យ ពិធីបុណ្យ អង្គរសង្ក្រាន្ត បាន ឲ្យដឹងថា, ការរៀបចំបុណ្យ អង្គរសង្ក្រាន្តនេះ មានយុវជន ជាអ្នករៀបចំ និងសម្ដែង ក្នុងពិធីសិល្បៈ, លេងល្បែង ប្រជាប្រិយ, និងបង្ហាញវប្បធម៌ខ្មែរ ចំនួន ៣.០០០នាក់ ទៅពីទីក្រុង ភ្នំពេញ ចូលរួម និងមាន យុវជន និងប្រជាពលរដ្ឋ ពីបណ្ដាខេត្ត ផ្សេងៗ ទៀត ចូលរួម ជាច្រើននាក់ទៀត។
ចំពោះសារប្រយោជន៍នៃការរៀបចំបុណ្យអង្គរសង្ក្រាន្តនេះ លោក សោម រតនា បានឲ្យដឹងថា ជាការជួបជុំបង្កការសប្បាយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរបុរាណចំពោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៖ «គោលបំណងរបស់យើងនោះ គឺយើងចង់បង្កការសប្បាយរីករាយជារួមឲ្យប្រជាពលរដ្ឋខ្មែរយើងបាន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារតែមួយ។ យើងចង់ឲ្យយុវជនជំនាន់ក្រោយបានស្វែងយល់បន្តពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងមក ហើយយើងបន្តថែរក្សាវាទៅអនាគត ហើយយើងចង់ឲ្យមានការលេងល្បែង របាំប្រជាប្រិយ ដើម្បីទាក់ទាញភ្ញៀវទេសចរ។»
ពិធីបុណ្យអង្គរសង្ក្រាន្តនេះ មានរយៈពេល ៣ថ្ងៃ។ ក្រៅពីការជួបជុំមនុស្សជាច្រើនម៉ឺននាក់ មានការដាក់តាំងបង្ហាញ និងកាត់លក់នំអន្សមជ្រូកយក្ស ដែលមានទម្ងន់ ២តោន នៅមុខប្រាសាទអង្គរវត្ត របស់សមាគមចុងភៅផងដែរ។
មានមនុស្សជាច្រើននាក់បានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទបុរាណផង និងដើម្បីដើរលេងកម្សាន្តផង។ ប្រភពពីម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារមួយចំនួនឲ្យដឹងថា បន្ទប់ជួលទាំងអស់ត្រូវភ្ញៀវកក់ដើម្បីស្នាក់នៅក្នុងរយៈពេលចូល ឆ្នាំអស់ទៅហើយ៕
No comments:
Post a Comment