Paris Peace Accords 23 Oct. 1991

Monday, April 14, 2014

បក្ស​ ប្រជាជន​ កម្ពុជា​ ចេញ​គោល នយោបាយ ៩​ចំណុច

បក្ស​ ប្រជាជន​ កម្ពុជា​ ចេញ​គោល នយោបាយ ៩​ចំណុច

ដោយ វណ្ណ វិចារ / RFA | 14 April 2014
បោះឆ្នោត​ក្រុមប្រឹក្សា305ob
សមាជិក​ ក្រុមប្រឹក្សា​សង្កាត់​ បោះឆ្នោត ​ជ្រើសរើស ​ក្រុម​ប្រឹក្សា​ រាជ​ធានី ខេត្ត​-ក្រុង ស្រុក​-ខណ្ឌ ​នៅ​ស្ថានីយ​ បោះឆ្នោត ​មួយ​កន្លែង​ ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ ទី​១៧ ឧសភា ២០០៩។   RFA/Ouk Savborey

គណបក្ស​ ប្រជាជន​ កម្ពុជា ចេញ​គោល នយោបាយ ៩​ចំណុច ដើម្បី​ ឃោសនា ក្នុង​ឱកាស ​បោះ​ឆ្នោត​ ជ្រើសតាំង ​ក្រុមប្រឹក្សា​ ស្រុក-​ក្រុង, ខេត្ត​-រាជធានី។  គោលនយោបាយ ​ត្រូវ ​បាន​ផ្សព្វផ្សាយ​ ជា​សាធារណៈ ​លើ​គេហទំព័រ​ គណបក្ស​ កាន់​អំណាច ស្រប​ពេល​ ដែល​ប្រជាជាតិ​ខ្មែរ ​ប្រារព្ធ​ពិធី​បុណ្យ ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ។

គណបក្ស​ ប្រជាជន​ កម្ពុជា បាន​កំណត់​ យក​ឆ្នាំ​២០១៨ ជា​ថេរវេលា​ ចុង​ក្រោយ ​ដើម្បី ​សម្រេច ​ឲ្យ​បាន ​នូវ​គោលនយោបាយ​ ទាំង៩​ចំណុច ​របស់​ខ្លួន។  គោលនយោបាយ​ ទាំង​នោះ ​រួម​មាន៖ ការពារ​សិន្តិសុខ, សណ្តាប់ធ្នាប់, និង​សុវត្ថិភាព ​ពលរដ្ឋ; ការពារ​ លើក​ស្ទួយ ​សិទ្ធិ​សេរីភាព ​របស់ ​ប្រជាជន; ធានា​កំណើន ​សេដ្ឋកិច្ច; អភិវឌ្ឍន៍ ​វិស័យ​កសិកម្ម; ការពារ​ សិទ្ធិ​ដីធ្លី​ របស់​ ពលរដ្ឋ; បន្ត​ អនុវត្ត​ផ្លូវ, អគ្គីសនី, និង​ទឹក​ស្អាត; លើក​ស្ទួយ​កម្រិត​ ជីវភាព ​អ្នក​រាជការ; អភិវឌ្ឍន៍ ​វិស័យ​អប់រំ, សុខាភិបាល, សង្គមកិច្ច; ព្រម​ទាំង ពង្រឹង​អភិបាលកិច្ច​ និង​សមត្ថភាព ​ស្ថាប័ន​រដ្ឋ។


ដើម្បី​សម្រេច​គោលដៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​នឹង​ចាត់​ការ​ចំពោះ​ទង្វើ​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​របស់ ​ខ្លួន។ ទង្វើ​ទាំង​នោះ​ដូចជា សកម្មភាព​និង​ការ​ញុះញង់​ដែល​បង្ក​អស្ថិរភាព​និង​ចលាចល​សង្គម ការ​ប្រើ​ប្រាស់​សិទ្ធិ​តាម​បែប​អានាធិបតេយ្យ ការ​រំលោភ​សិទ្ធិ​លើ​អ្នក​ដទៃ និង​ប្រឆាំង​រាល់​ការ​រើសអើង​ជាតិ​សាសន៍។ លើស​ពី​នេះ គណបក្ស​ក៏​សន្យា​ថា នឹង​ដំឡើង​ប្រាក់ខែ​ទាប​បំផុត​ម្តង​បន្តិចៗ​ជូន​បុគ្គលិក​រដ្ឋ​ឲ្យ​បាន​ ចំនួន ១​លាន​រៀល​ដល់​ឆ្នាំ​២០១៨ ហើយ​កម្មករ​នឹង​ត្រូវ​បាន​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ឆ្នាំ​២០១៨ ដូច​គ្នា។ ចុង​បញ្ចប់​នៃ​កម្មវិធី​នយោបាយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឲ្យ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់ បោះ​ឆ្នោត​គាំទ្រ​គណបក្ស​របស់​ខ្លួន​កុំ​បី​ខាន។

ទន្ទឹម​នឹង​នេះ​ដែរ មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​សប្ដាហ៍​មុន​ដោយ​ស្នើ​ឲ្យ​សមាជិក​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អស់ បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​អភិវឌ្ឍន៍​ជាតិ​ដោយ​ភាព​ស្អាតស្អំ។ យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រឆាំង​មិន​ទាន់​បាន​ចេញ​គោលនយោបាយ​សម្រាប់​ប្រកួតប្រជែង​ក្នុង​ការ ​បោះ​ឆ្នោត​អសកល​នេះ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​គណបក្ស​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង ១០០​នាក់​មក​ពី​គណបក្ស​ជាតិ​និយម​រួច​ទៅ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ជាតិ​និយម ក៏​បាន​ប្រកាស​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​ខ្លួន​នឹង​​បោះ​ឆ្នោត​គាំទ្រ​បក្ស​ប្រឆាំង​ ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​បោះ​ ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និកហ្វិច លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​នីមួយៗ​មាន​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា ក្នុង​ការ​ទាក់ទាញ​ម្ចាស់​ឆ្នោត។ យុទ្ធសាស្ត្រ​នោះ​មាន​ដូចជា​ការ​ឃោសនា​ដោយ​ផ្ទាល់​មាត់ និង​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន។ លោក​បន្ត​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​អសកល​នេះ​ជា​សមាជិក​របស់​ គណបក្ស​សកម្ម​របស់​គណបក្ស​នីមួយៗ​រួច​ហើយ ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ក៏​មិន​សូវ​ខុស​ពី​ការ​គណនា​ជា​មុន​នោះ​ដែរ ប៉ុន្តែ​អ្វីៗ​ក៏​អាច​មាន​ការ​ប្រែប្រួល​បាន​ដែរ។

លោក ហង្ស ពុទ្ធា៖ «ខ្ញុំ​យល់​ថា អាច​នឹង​មាន​ការ​ប្រែប្រួល ដោយសារ​ការវិវត្តន៍​នយោបាយ​ថ្មី​នេះ​ឯង ឃើញ​ថា​ពលរដ្ឋ​ខ្លះ​មិន​និយាយ​មិន​ស្តី តែ​ទម្លាក់​សន្លឹក​ឆ្នោត​តាម​ការ​សម្រេច​ចិត្ត​របស់​គាត់ អ៊ីចឹង​តំណាង​របស់​ពលរដ្ឋ​អាច​ថា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។»

ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ឋិត​នៅ​ក្នុង​តំណែង​មក​ពី​ គណបក្ស​សិទ្ធិ​មនុស្ស គណបក្ស សម រង្ស៉ី គណបក្ស​ជាតិ​និយម គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់​សំឡេង​ឆ្នោត ២២​អាសនៈ​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​មុន៕


No comments:

Post a Comment