Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

មេឃុំ​ ស្រែ​ព្រះ​ ខេត្ត មណ្ឌលគិរី​ ហាម​អ្នក សារព័ត៌មាន និង​សង្គម​ស៊ី​វិល ​ចូល​ទៅ​មើល​ កន្លែង​មាន ​បទល្មើស​ ព្រៃឈើ​​

លោក ព្យើ​ប ពេ (អាវស)​ មេឃុំ​ស្រែ​ព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ រងការរិះគន់ពីសារព័ត៌មាន និងសង្គមស៊ីវិល (រូបថត៖ ជន ស្រីណុច)
ព្រៃឈើ ដែលរងការកាប់បំផ្លាញ

មេឃុំ​ ស្រែ​ព្រះ​ ខេត្ត មណ្ឌលគិរី​ ហាម​អ្នក សារព័ត៌មាន និង​សង្គម​ស៊ី​វិល ​ចូល​ទៅ​មើល​ កន្លែង​មាន ​បទល្មើស ​ព្រៃឈើ​​

ជន ស្រី​ណុ​ច​​ / វីអូឌី | ២៧ មេសា ២០១៤

អាជ្ញាធរ​ ឃុំ​ស្រែ​ព្រះ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ហាមឃាត់​ ក្រុម​អ្នកសារព័ត៌មាន និង​អង្គការ​ សង្គម​ស៊ីវិល ចូលទៅ​មើល​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ អះអាង ថា មាន​បទល្មើស​ព្រៃឈើ​ធ្ងន់ធ្ងរ។​
​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទៅ​២៦​ខែ​មេសា វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាលស្តីពី​កម្ពុជា NGO Forum សហការ​ជាមួយ​មជ្ឈមមណ្ឌល​អប់រំ​ច្បា​ប់​សម្រាប់​សហគមន៍ រួម​ទាំង​អ្នកសារព័ត៌មាន​ជាតិ​ជាង​១០​នាក់ ត្រូវបាន​មេឃុំ​ស្រែ​ព្រះ ឈ្មោះ​ព្យើ​ប ពេ ហាមឃាត់​មិនឲ្យ​ចូលទៅ​ក្នុង​ភូមិពូ​គង ដែល​ជា​តំបន់​ប្រជាពលរដ្ឋ​ត្អូញតែ្អរថា មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ជា​បន្តបន្ទាប់ ដោយសារ​ក្រុមហ៊ុន​វៀតណាម​។​
ស្របពេល​ដែល​ក្រុមការងារ​ចុះ​ទៅដល់​តំបន់​នោះ មេឃុំ​ស្រែ​ព្រះ លោក​ ព្យើ​ប ពេ មានប្រសាសន៍​ទាំង​ទឹកមុខ​ខឹងសម្បា​ថា ហាម​មិន​ឲ្យ​ក្រុម​អង្គការ​ និង​អ្នកសារព័ត៌មាន​ស្នាក់នៅ​ទីនោះ​ទេ ព្រោះ​មិន​មាន​លិខិត​ចេញពី​ថ្នាក់​ខេត្ត ឬ​ស្រុក ដោយ​លោក​ប្រើ​ពាក្យ​គំរាមថា លោក​នឹង​មិន​ធានា​សន្តិសុខ​សុ​វត្ថិភាព​ឡើយ។ ស្របពេល​ជាមួយ​គ្នា​នោះ អ្នក​សារព័ត៌មាន​ព្យាយាម​សុំ​សម្ភាសន៍​មេឃុំ​រូបនេះ ទាក់ទង​នឹង​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ តែ​ត្រូវបាន លោក​បដិសេធ​ធ្វើ​អធិប្បាយ ដោយ​គ្រាន់តែ​និយាយថា លោក​មិន​ដឹង។ បន្ទាប់​ពី​មិន​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ស្នាក់​នៅ​ទីនោះ លោក​បាន​នាំគ្នា និង​នគរបាល​ម្នាក់​ទៀត​ដែល​មាន​កាន់​កាំភ្លើង​មក​ដើរ​ឆ្វែល​ក្បែរៗ​នោះ។​

លោក ខ្វែ យ៉ួម ដែល​ជា​ម្ចាស់ផ្ទះ​ចង់​ឲ្យ​ក្រុម​អង្គការ និង​អ្នកសារព័ត៌មាន​ស្នាក់នៅ មិន​យល់ស្រប​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ទេ​។ លោក​មានប្រសាសន៍ថា បច្ចុប្បន្ន​ព្រៃឈើ​ហិនហោច​អស់ ដោយសារ​តែ​ក្រុមហ៊ុន​ចុះ​ទៅ​អភិវឌ្ឍ មិន​មាន​ការហាមឃាត់​ពី​អាជ្ញាធរ ឬ​រដ្ឋាភិបាល។​
​មន្ត្រី​ច្បាប់​នៃ​អង្គការ NGO forum លោក វង្ស កុសល រិះគន់​ចំណាត់ការ​របស់​អាជ្ញាធ​រ ដោ​យលោក​បញ្ជាក់ថា​ការចូល​មក​ស៊ើបអង្កេត ឬ​រក​ជនល្មើស មិនចាំបាច់​ផ្តល់ដំណឹង​ទៅ​អាជ្ញាធរ​ទេ ព្រោះ​ខ្លាច​បែកការណ៍ ជនល្មើស​រត់​បាត់​អស់​។
ទោះជា​យ៉ាងណា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្រុមការងារ និង​អ្នកសារព័ត៌មាន​នឹង​ព្យាយាម​ ចូលទៅ​មើល​តំបន់​ដែល​មាន​បទល្មើស​ព្រៃឈើ​នោះ​ម្តងទៀត​។​
​របាយការណ៍​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ​( Ngo Forum) ឲ្យដឹងថា សកម្មភាព​កាប់​ព្រៃឈើ​ធ្វើ​ជា​លក្ខណៈ​ប្រព័ន្ធ​ខ្លាំង​បំផុត​ ចាប់តាំងពី​ឆ្នាំ​២០១២ បន្ត​ដល់​បច្ចុប្បន្ន។ ប្រជាពលរដ្ឋ​មកពី​ខេត្ត​នានា មក​កាប់​ឈើ​លក់​ឲ្យ​ឈ្មួញ​កណ្តាល ហើយ​លក់​បន្ត​ឲ្យទៅ​ឈ្មួញ​អ្នកមាន​អំណា​ចម្នាក់ ដឹកឈើ​ទាំង​នោះ​ចូលទៅក្នុង ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ប៊ិញ​ហឿក ក្រចេះ រ៉ាប់​ប៊ឺ ១ (Benh pheud kratie rubber I company )  ដើម្បី​បំលែង​ជាឈើ​ស្របច្បាប់ ​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ និង​ចុងក្រោយ​ដឹក​ចេញ​ទៅ​លក់​នៅ​ទីផ្សារ៕



No comments:

Post a Comment