Paris Peace Accords 23 Oct. 1991

Thursday, April 24, 2014

វិភាគ​៖​ តើ​ សមស្រប​ទេ​ ដែល​រដ្ឋាភិបាល ​បន្ត​បិទ​ ការជួបជុំ ​សម្តែង​មតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​?​

សមត្ថកិច្ចយាមកាមមិនឲ្យមានការប្រមូលផ្តុំ នៅទីលានប្រជាធិបតេយ្យ (រូបថត៖ តាត​ ឧត្តម)

​វិភាគ​៖​ តើ​ សមស្រប​ទេ​ ដែល​រដ្ឋាភិបាល ​បន្ត​បិទ​ ការជួបជុំ ​សម្តែង​មតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​?​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014

ជា​ការបើក​ទំព័រ​ថ្មី​ នៃ​ឆ្នាំ​២០១៤ រដ្ឋាភិបាល ​បង្ក្រាប​ជា​បន្តបន្ទាប់​ លើ​ក្រុមអ្នកតវ៉ា​ ដែល​នាំឲ្យ​បណ្តាញសារព័ត៌មាន​ ជាតិ និងអន្តរជាតិ​ ចុះផ្សាយ ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។
នៅ​ថ្ងៃ​ទី​០២ ​ខែ​មករា សមត្ថកិច្ច​បង្ក្រាប​ កម្ម​ករ ​នៅ​រោងចក្រ​ យ៉ាក​ជី​ង ថ្ងៃទី​០៣ បង្ក្រាប​កម្មករ ​នៅ​សួន​ឧស្សាហកម្ម​ កាណាឌីយ៉ា និង​ថ្ងៃ​ទី​៤ បង្ក្រាប​បាតុករ​ ដឹកនាំ​ដោយ​ គណបក្ស​ សង្គ្រោះ​ជាតិ​  នៅ​ទីលាន​ប្រជាធិតេយ្យ​។  ការ​បង្ក្រាប​ផ្ទួនៗ ​នេះ ​បាន​បណ្តាលឲ្យ ​មនុស្ស​៥​នាក់ ​ស្លាប់ និង​ជិត​៤០​នាក់​ រងរបួស​ធ្ងន់ និង​ស្រាល ចំណែក​ ២៣​នាក់​ ​ត្រូវ​ចាប់ខ្លួន​។​
​នៅ​ថ្ងៃ​ទី​០៤ ​ចំ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចុះ​បំបែក​បាតុករ​នៅ​ទីលាន​ប្រជាពលរដ្ឋ​ធិបតេយ្យ ក្រសួង​មហាផ្ទៃ​បាន​ចេញ​បំរាម​ហាម​ការប្រមូលផ្តុំ​តវ៉ា​នានា ដើម្បី​ស្តារ​ស្ថានភាព​សន្តិសុខ​ឡើងវិញ​។ ក្រោយ​ការចេញ​បំរាម​របស់​ក្រសួងមហាផ្ទៃ អភិបាល​រាជធានី​ភ្នំពេញ​លោក​ប៉ា​សុជាតិ​វង្ស បាន​កោះប្រជុំ​មន្ត្រី​នៅ​តាម​ខណ្ឌ​នានា​ឲ្យ​ពង្រឹង​សន្តិសុខ ហាម​ការជួបជុំ​មនុស្ស​ឆាប់​ពី​១០​នាក់​ឡើងទៅ​។​
បើទោះជា​មាន​បំរាម​ពី​ក្រសួង​មហាផ្ទៃ និងការចាត់វិធានការ​តឹងរឹង​ក៏ដោយ​ក៏​ការតវ៉ា​នៅតែ​បន្ត​កើតមាន​។ ក្រោយ​ការប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ប្រជា​សហគមន៍​បឹងកក់ ចេញមុខ​តវ៉ា លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រួបង្ក្រៀន​កម្ពុជា​ឯករាជ្យ កម្មករ​តវ៉ា​ដឹកនាំ​ដោយ​ក្រុម​លោក​ អាត់ ​ធន់  លោក ម៉ម សូណង់ដូ ដឹកនាំ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​តវ៉ា​ទាមទារ​បង្កើត​ទូរទស្សន៍ និង​ពង្រីក​ការផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​ជាដើម​។ រាល់​ពេល​ប្រជុំ​តវ៉ា​ទាំងនោះ​សុទ្ធតែ​រង​ការ​វាយ​បំបែក​ពី​កម្លាំង​សមត្ថកិច្ច និង​មាន​ការចាប់ខ្លួន​តំណាង​ក្រុមអ្នកតវ៉ា​ដើម្បី​យក​ទៅ​ណែនាំ ​និង​ឲ្យ​ចុះ​កិច្ចសន្យា​ឈប់​ប្រមូលផ្តុំ​តវ៉ា​។​
​បើទោះជា​មាន​ការ​វាយ​បំបែក​ក៏ដោយ ក៏​មិន​អាច​បញ្ឈប់​កម្លាំង​តវ៉ា​ដែរ​។ នៅ​ដើម​ខែ​មេសា​នេះ លោកស្រី មូរ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ស្ទើរ​រាល់ថ្ងៃ ដើម្បី​សម្តែង​ពី​ការទាមទារ​សិទ្ធិ​សេរីភាព​ខាង​ការបញ្ចេញមតិ និងការជួបប្រជុំ​។
​បើ​ប្រជាពលរដ្ឋ​ត្រូវ​ការតវ៉ា ត្រូវការ​សម្តែង​ពី​ទុក្ខលំបាក​របស់​ខ្លួន​នោះ ហេតុអ្វី​ក៏​រដ្ឋាភិបាល​មិន​បើក​សិទ្ធិ​ឲ្យមាន​ការប្រមូល​ផ្តុំ​នៅ​ទីលាន​នោះ​?
​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ធ្លាប់​ថ្លែង​ហើយ​ថា បាន​ជា​រដ្ឋាភិបាល​រប​ស់លោក​បញ្ជា​ឲ្យ​ផ្អាក​ការតវ៉ា​នោះ ដោយសារ​ការតវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ជា​ក្បួន​នៅ​រាជធានី​ភ្នំពេញ​កន្លងមក បាន​បង្ក​ឲ្យ​ចរាចរណ៍​កកស្ទះ ដែល​ឈាន​ដល់​ការបង្ក​អសន្តិសុខ​ដល់​សង្គម​ទាំងមូល​។ លោក ហ៊ុន សែន ក៏​បារម្ភ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​របស់​លោក ចេញមុខ​តវ៉ា​ប្រឆាំង និង​ក្រុមបាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​មាន​ហិង្សា​ផ្ទុះ​ឡើង​មិន​ខាន​។​
​ចំណែក​លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា ការសម្រេច​ផ្អាក​ការប្រមូលផ្តុំ​តវ៉ា​នោះ ដោយសារ​រាល់​ការតវ៉ា​កន្លងមក​មាន​លក្ខណៈ​បម្រើ​ផលប្រយោជន៍​នយោបាយ ញុះញង់​ឲ្យមាន​អំពើហិង្សា​កើតឡើង​។​
​សម្រាប់​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​​ នៃ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក​ ចាន់  សុ​វេត យល់ឃើញថា ស្ថាន​នយោបាយ​បច្ចុប្បន្ន​គឺ​មិន​ដល់​ថ្នាក់​ហាមប្រាម​ការប្រមូលផ្តុំ​នោះទេ។ លោក ចាន់ សុ​វេត យល់ឃើញថា ការហាម​ប្រមូលផ្តុំ​នេះ មិនមែន​តំណាង​ឲ្យ​រដ្ឋាភិបាល​កា​រ​ប្រយោជន៍​សង្គម​នោះ​ គឺ​ធ្វើឡើង​ដើម្បី​ការពារ​ផល​ប្រយោជន៍​បក្ស​តែ​ប៉ុណ្ណោះ​ «ការបិទទីលានប្រជាធិបតេយ្យនេះ គឺមិនមែនការពាររដ្ឋភិបាលទៀត គឺការពារប្រយោជន៍ឲ្យគណបក្សទេ សំខាន់ជាងគេគឺការពារប្រយោជន៍ឲ្យគណបក្ស ព្រោះការដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន គឺតែគណបក្សប្រជាជនមួយគត់ ហើយដល់ពេលអ៊ីចឹងគណបក្សប្រជាជន ព្រួយបារម្ភអំពីការជួបជុំ របស់កម្មករ ក៏ដូចជាគណបក្សសង្គ្រោះជាតិដែរ»។
តើ​ហាម​ការប្រមូលផ្តុំ​របស់​រដ្ឋាភិបាល ពិតជា​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​បាន​ដែរឬទេ​?
​ចំណុច​នេះ លោក ចាន់ សុ​វេត ​បញ្ជាក់ថា មិន​អាច​បញ្ចប់​បញ្ហា​បាន​ទេ ដោយសារ​មូលហេតុ​នៃ​បញ្ហា​មិន​បាន​ដោះស្រាយ ហើយ​ម្យ៉ាងទៀត គណបក្ស​ប្រជាជន​កម្ពុជា​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បារ​ទៅវិញ ព្រោះ​ពេល​មាន​ការតវ៉ា​គឺ​ប្រជាពលរដ្ឋ​តែងតែ​រងរបួស​ «វាជាការខាតបង់ធ្ងន់ធ្ងរសម្រាប់គណបក្សប្រជាជន ព្រោះគណបក្សប្រជាជន ជាគណបក្សមួយកំពុងកាន់អំណាច ហើយប្រសិនជាការប្រើអំណាច ផ្តាច់ការខ្លាំងពេក វាធ្វើឲ្យពលរដ្ឋក្តៅក្រហាយ ជាពិសេសមួយទៀតនោះ នៅពេលដែលបង្ក្រាបម្តងៗ មន្ត្រីគណបក្សធំ ឧទាហរណ៍តំណាងរាស្ត្រ ត្រូវគេវ៉ៃអីធំដុំ អ្នកដែលត្រូវគេវ៉ៃនោះគឺប្រជាជន»។
សាលា​រាជធានី​ភ្នំពេញ បាន​បង្កើត​ទីលាន​ប្រជាធិបតេយ្យ មាន​ទីតាំង​នៅក្បែរ​វត្តភ្នំ ដែលលាតសន្ធឹង​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ទទឹង ៥៥​ម៉ែត្រ និង​បណ្ដោយ១៩៨​ម៉ែត្រ​។ ទីលាន​នោះ​ត្រូវ​ប្រកាស​អោយ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ ដោយ​លោក កែប ជុតិមា ដែល​កាលនោះ​លោក​ជា​អភិបាលក្រុង​ភ្នំពេញ​។​
​ការបង្កើត​ទីលាន​ប្រជាធិបតេយ្យ​ឡើង​ក្នុង​គោលបំណង បង្ក​ភាពងាយស្រួល​ដល់​ក្រុម​ដែល​មាន​បញ្ហា​តវ៉ា​ លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ ឲ្យ​ស្ថានប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​។ ម្យ៉ាងទៀត​ទីលាន​ប្រជាធិបតេយ្យ​ក៏​ជួយ​កុំឲ្យ​ការតវ៉ា​ធ្វើ​នៅ​កន្លែង​ផ្សេងៗ មាន​លក្ខណៈ​អនាធិបតេយ្យ​ផងដែរ​។​
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុន​ស័ក្តិ លើកឡើងថា ការបិទ​ទីលាន​ប្រជាធិបតេយ្យ​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ ផ្ទុយ​ទៅ​វិញ​លោក​ថា មានតែ​ការបើកឲ្យ​មានការត​វ៉ា​ពេញលេញ​ទេ ទើប​អាច​ជៀសវាង​ភាពអនាធិបតេយ្យ​នៅក្នុង​សង្គម​បាន​ «នៅក្នុងសង្គមប្រជាធិបតេយ្យ មនុស្សត្រូវការបញ្ចេញមតិ ហើយយើងចេះតែបន្តបិទទៅ ខ្ញុំគិតថាថ្ងៃណាមួយអាចផ្ទុះទៅវិញហើយមែនទែនទៅ ព្រោះមានអ្វីពិបាករឿងនេះ បើយើងខ្លាចថាមនុស្ស បញ្ចេញមតិតាពិះតាពាស តាមកន្លែងសាធារណៈផ្សេង ហើយយើងធ្វើទីលានប្រជាធិបតេយ្យឲ្យទៅបញ្ចេញ ហើយមនុស្សគ្រាន់តែដើរទៅបញ្ចេញនៅក្នុងទ្រុង ប្រជាធិបតេយ្យ តែប៉ុណ្ណឹងវាចប់បាត់ទៅហើយ មានទៅប៉ះពាល់សណ្តាប់ធ្នាប់ស្អី»។
ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ នាំ​ឲ្យ​អង្គការ​ស៊ីវិល​មួយចំនួន​និង​គណបក្ស​ប្រឆាំង ប្តូរ​ឈ្មោះ​ទី​នោះ​ទៅ​ជា​ទីលាន​ផ្តាច់ការ ដោយ​ពួកគេ​បង្ហាញ​ភាព​ងឿងឆ្ងល់​ថា កន្លែង​នោះ​ជា​កន្លែង​បញ្ចេញមតិ​របស់​អ្នក​មាន​ទុក្ខ តែ​បើ​មិន​អាច​បង្ហាញ​មតិ​បាន ​កន្លែង​នោះ​លែង​ប្រជាធិបតេយ្យ​ហើយ​។​
អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា​លោក សុរិយាស៊ូប៊ែឌី ក៏​ធ្លាប់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​បំរាម​ហាម​ការប្រមូលផ្តុំ​នោះ​ចេញ ដើម្បី​សិទ្ធិ​សេរីភាព​នៃ​ការប្រមូលផ្តុំ និង​សម្តែង​មតិ ដល់​ប្រជាពលរដ្ឋ​ដូច​មានចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​។​
​នៅ​បណ្តា​ប្រទេស​មួយចំនួន​ ក៏​មាន​ទីលាន​ប្រជាធិបតេយ្យ ​ឬហៅ​កន្លែង​សម្តែង​មតិ​នេះ ដើម្បី​ងាយ​ស្រាយ​ដល់​អ្នក​តវ៉ា​ផ្ញើ​សារ​ដល់​សា្ថប័ន​ពាក់ព័ន្ធ និង​ងាយស្រួល​ដល់​អាជ្ញាធរ​គ្រប់គ្រង​សណ្តាប់​ធ្លាប់​ដូចជា ប្រទេស​ថៃ ហ្វីលីពីន អូស្ត្រាលី បារាំង និង​សហរដ្ឋអាមេរិក​ជាដើម​។​
​ក្រោយ​ការប្រកាស​ហាម​ប្រមូលផ្តុំ​ របស់​ក្រសួង​មហាផ្ទៃ​មក ទីលាន​ប្រជាធិបតេយ្យ​មាន ដាក់​របាំង និង​មាន​កម្លាំង​សមត្ថកិច្ច​យាម​នៅ​ទីនោះ​ជាប្រចាំ​។ ទន្ទឹម​នឹង​ការ​រឹតបន្តឹង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ការតវ៉ា​នៅ​បន្ត​កើតមាន ហើយ​រាល់​ការតវ៉ា​តែងមាន​ហិង្សា និង​ការឃាត់ខ្លួន ដោយ​អ្នកខ្លះ​បែកក្បាល របួស​ដៃ​ជើង និង​ដងខ្លួន​ជាដើម មិនមែន​តែ​បាតុករ​ទេ​ដែលរ​បួស​សូម្បីតែ​អ្នកសារព័ត៌មាន និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ទៅ​តា​មដាន​ព្រឹត្តការណ៍​នោះ​ក៏​រងរបួស​ដែរ​។​
​ទោះជា​យ៉ាងណា​រហូតដល់​ចុងខែ​មេសារ​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​បំរាម​ហាម​ប្រមូលផ្តុំ​នឹង​ដក​វិញ​នៅពេលណា ហើយ​ទីលាន​ប្រជាធិបតេយ្យ និង​អាច​ក្លាយជា​កន្លែង​ប្រជាធិបតេយ្យ​ ដែល​អ្នក​មាន​បញ្ហា​អាច​សម្តែង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន ​បាន​ដូច​មុន​នោះ​ទេ​៕



No comments:

Post a Comment