Paris Peace Accords 23 Oct. 1991

Friday, April 11, 2014

ប្រពៃណី​ និង​ទំនៀម​ទម្លាប់ ​អំពី​ ការ​រៀបចំ ​ទទួល​ទេវតា​ ឆ្នាំ​ថ្មី

ប្រពៃណី​ និង​ទំនៀម​ទម្លាប់ ​អំពី​ ការ​រៀបចំ ​ទទួល​ទេវតា​ ឆ្នាំ​ថ្មី

ដោយ ជុន ច័ន្ទបុត្រ / អាស៊ីសេរី | ១០ មេសា ២០១៤

ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមី​នេះ ទ្រង់​មាន​ព្រះនាម​ថា គោរគទេវី។ ព្រះ​នាង​សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង។
នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ លោក ជុន ច័ន្ទបុត្រ សូម​ជូន​សេចក្ដី​រាយការណ៍​មួយ​ជម្រាប​ជូន​លោក​អ្នក​នាង​អំពី​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ខ្មែរ អំពី​ការ​រៀបចំ​រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ​ទាំង​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៖
ចូល​ឆ្នាំ​ខ្មែរ​ជា​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ។ ដូច្នេះ​ហើយ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​​នាំ​គ្នា​ឈប់​​សម្រាក​បុណ្យ​ចូល​ឆ្នាំ លើស​ពី​បី​ថ្ងៃ​ទៅ​ទៀត។ នៅ​មុន​ពេល​ចូល​ឆ្នាំ​មក​ដល់​គេ​នាំ​គ្នា​រៀបចំ​តុប​តែង​ផ្ទះ​សម្បែង សម្អាត​ទីធ្លា វត្ត​អារាម ផ្លូវ​ថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា បុក​អង្ករ រក​អុស ដង​ទឹក ត្រៀម​សម្លៀក​បំពាក់​ថ្មីៗ​ជាដើម។
ពេល​ចូល​ឆ្នាំ​ជា​ឱកាស​ជម្រះ​ឧបទ្រពចង្រៃ​ឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​យក​ឆ្នាំ​ថ្មី ទេវតា​​ថ្មី ក្នុង​ក្តី​សោមនស្ស​ក្សេមក្សាន្ត​និង​សុភមង្គល។ នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​រៀប​រាន​​ទេវតា​តែ​រៀងៗ​ខ្លួន។
លោក អ៊ឹម បូរិន្ទ ជា​នាយក​គណៈកម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ​និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ​និង​សាសនា។ លោក​ជំរាប​ជូន​អំពី​របៀប​រៀប​ចំ​រាន​ទទួល​ទេវតា ទំនៀម​ទម្លាប់​និង​ប្រពៃណី​ខ្មែរ៖ «រណ្ដាប់​ទទួល​ទេវតា តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​រៀង​មក មាន​រាន​ទេវតា​មួយ​សម្រាប់​​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​លឿង ហើយ​រៀប​ចំ​បាយ​សី​ធំ​មួយ​គូ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ ទៀន​ប្រាំ ធូប​ប្រាំ លាជ​ប្រាំ ផ្កា​ប្រាំ បារី​ប្រាំ។ ដាក់​ជើង​ពាន​មួយ​គូ។ ចេក​នួន ចេក​ណាំវ៉ា​មួយ​គូ និង​មាន​ពែ​មួយ​គូ គឺ​ពែ​ព្រះ​កេតុ​មួយ និង​ពែ​ព្រះ​ភូមិ​មួយ។ ពែ​ព្រះកេតុ​ មាន​លក្ខណៈ​បី​ជ្រុង មាន​ប្រាំបួន​ថ្នាក់ រាង​ជង។ លើ​ពែ​មាន​ដាក់​ម្ហូប​ចំណី​គ្រប់​​មុខ ទាំង​ប្រាំបួន​ថ្នាក់។ ឯ​ពែ​ព្រះ​ភូមិ​វិញ មាន​លក្ខណៈ​ជា​បី​ជ្រុង បី​រួត។ មាន​កន្ទោង​ប្រាំ គឺ​កន្ទោង​បាយ​មួយ កន្ទោង​​ម្ហូប​ពីរ និង​កន្ទោង​បង្អែម​ពីរ»
ចំពោះ​អាហារ​សម្រាប់​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី​នេះ​វិញ ដោយសារ​ព្រះនាង​គោរគទេវី ទេវតា​ឆ្នាំ​មមី​នេះ សោយ​ប្រេង​ជា​អាហារ និង​ទ្រង់​អម្ពរ​ពណ៌​លឿង​នោះ លោក អ៊ឹម បូរិន្ទ ផ្តល់​យោបល់​ជូន​អំពី​ការ​រៀប​ចំ​អាហារ និង​តុបតែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ៖ «ក្នុង​ឆ្នាំ​នេះ គួ​រក​ផ្កា​ដែល​មាន​ពណ៌​លឿង​មួយ​គូ និង​ប្រេងច័ន្ទ ឬ​ក៏​ប្រេង​ផ្សេងៗ​ដែល​ក្រអូប សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ផង»
ក្នុង​រយៈពេល​បុណ្យ​ចូល​ឆ្នាំ​ទាំង​បី​ថ្ងៃ ប្រជាពលរដ្ឋ​នាំ​គ្នា​រៀបចំ​ពិធី​ខុសៗ​គ្នា ទៅ​តាម​ជំនឿ​និង​ប្រពៃណី​ផ្សេងៗ។​ នៅ​ថ្ងៃ​ទី​មួយ គេ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការីជន ញាត្តិការ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​ទី​បរលោក​ទៅ​ហើយ។ ពេល​ល្ងាច គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ នៅ​ជុំវិញ​​​វិហារ​វត្ត ឬ​ជុំ​វិញ​ដើម​ពោធិ៍​ណា​មួយ​ដែល​មាន​នៅ​ក្នុង​បរិវេណ​វត្ត។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះ​សង្ឃ និមន្ត​លោក​ចំរើន​​ព្រះ​បរិត្ត និង​សម្តែង​ធម៌​ទេសនា។
នៅ​ថ្ងៃ​ទី​ពីរ កូន​ចៅ​ជូន​សម្លៀក​បំពាក់​នំ​ចំណី ប្រាក់កាស​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ​ជីដូន​​ជីតា​ជាដើម។
ថ្ងៃ​ទី​បី ពេល​ព្រឹក​គេ​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំ​ខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់​​ព្រះពុទ្ធ​រូប។ អ្នកស្រុក​ខ្លះ​និយម​អញ្ជើញ​មាតាបិតា ជី​ដូនជីតា​ចាស់ទុំ មក​ផ្ងូត​ទឹក​ជា​កិច្ច​តប​ស្នង​សង​គុណ​ចំពោះ​បុព្វការីជន​របស់​គេ​ផង។
ក្រៅ​ពី​ពិធី​សាសនា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​នេះ មនុស្សម្នា​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កំលោះ​ទាំង​ក្រមុំ ប្រជុំ​គ្នា​លេង​ល្បែង​ផ្សេងៗ​តាម​ចំណូល​ចិត្ត។ ល្បែង​ដែល​គេ​និយម​លេង​ជាង​គេ​គឺ​ល្បែង​ចោល​ឈូង ដែល​ខាង​ប្រុស ឬ​ខាងស្រី​ត្រូវ​បោះ​ឈូង​នោះ​ទៅ​អោយ​ក្រុម​ម្ខាង​ទៀត​ដោយ​មាន​ច្រៀង​ផង។
(ចម្រៀង​ចោល​ឈូង)
ល្បែង​បោះ​អង្គញ់​ក៏​គេ​ចូល​ចិត្ត​លេង​ណាស់​ដែរ។ ល្បែង​បោះ​អង្គញ់​នេះ ក៏​គេ​ចែក​ចេញ​​ជា​ពីរ​ក្រុម​​ដែរ។ ក្រុម​អ្នក​ឈ្នះ​ត្រូវ​ជួស​ក្បាល​ជង្គង់​អ្នក​ចាញ់។ ជួស​តិច​ឬ​ខ្លាំង​អាស្រ័យ​ទៅ​តាម​ការ​សន្យា​គ្នា​ទុក​ជា​មុន ថា​តើ​លេង​បាយ​ក្ដៅ ឬ​បាយ​ត្រជាក់។ ក៏​ប៉ុន្តែ​ទោះ​ជា​បាយ​ក្ដៅ​ឬ​បាយ​ត្រជាក់​​ក៏​ដោយ​ចុះ ក៏​អ្នក​លេង​អង្គញ់​ច្រើន​ត្រូវ​គេ​ជួស​ហើម​ក្បាល​ជង្គង់​ដែរ។
នៅ​តំបន់​ខ្លះ​ដូចជា​នៅ​ខេត្ត​បាត់ដំបង សៀមរាប និង​កំពង់ធំ ជាដើម គេ​និយម​សំដែង​របាំ​ត្រុដិ។
(ចម្រៀង​របាំ​ត្រុដិ)
អ្នក​រាំ​ត្រុដិ រាំ​រៃ​អង្គាស​លុយ​ពី​អ្នក​ស្រុក ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ។ អ្នក​សំដែង​បុរស​ម្នាក់​ដើរ​តួ​ធ្វើ​ជា​ប្រើស ហើយ​ជិះ​ឈើ​មួយ​រាង​ងរ​ដែល​មាន​ក្បាល​ប្រើស ហើយ​មាន​ចង​បន្តោង​ថង់​ក្រណាត់​មួយ ដើម្បី​អោយ​អ្នក​ស្រុក​ទម្លាក់​បច្ច័យ​ទៅ​ក្នុង​ថង់​នោះ​ផង។ នៅ​​ចុង​ម្ខាង​​​ទៀត មាន​ស្មៅ​មួយ​កញ្ចុំ​ធ្វើ​ជា​កន្ទុយ​ប្រើស។ បុរស​ពីរ​នាក់​ទៀត​ធ្វើ​ជា​ព្រាន ហើយ​ធ្វើ​អាការៈ​ជា​បាញ់​ប្រើស​នឹង​ធ្នូ។ បច្ច័យ​ដែល​គេ​រៃ​អង្គាស​បាន​តាម​ការ​សម្ដែង​របាំ​ត្រុដិ​នេះ ត្រូវ​គេ​យក​ទៅ​ទុក​ជា​សម្បត្តិ​វត្ត។
ក្រៅ​ពី​លេង​ល្បែង​របាំ​ទាំង​នេះ កំលោះ​ក្រមុំ​ចូល​ចិត្ត​នាំ​គ្នា​លេង​រាំវង់។
(ចម្រៀង​រាំវង់)
ចុះ​តើ​លោក​អ្នក​នាង​វិញ​នឹង​មាន​កម្មវិធី​កម្សាន្ត​បែប​ណា​ដែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ?
ខ្ញុំ​បាទ​​នៅ​ឯ​នាយ​សមុទ្រ​​ ក៏​សូម​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​នឹង​លោក​អ្នក​នាង​ពី​ចម្ងាយ និង​សូម​ជូន​ពរ​​​ដល់​លោក​អ្នក​​នាង និង​ក្រុម​គ្រួសារ​អោយ​មាន​សេចក្ដី​រីករាយ និង​សុភមង្គល​ក្នុង​ឆ្នាំ​នេះ និង​ក្នុង​ឆ្នាំ​ខាង​មុខៗ​ទៀត។ ប្រសិន​បើ​ធ្វើ​ដំណើរ​​​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទី​ណា ក៏​សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​ថែរក្សា​លោក​អ្នក​នាង​មាន​សុវត្ថិភាព​ល្អ​តាម​ផ្លូវ និង​មាន​សេចក្តី​សុខ​គ្រប់​ពេល​វេលា៕



No comments:

Post a Comment