លោក សម រង្ស៊ី ក្នុងសន្និសិទនៅថ្ងៃព្រហស្បតិ៍ ទី 10 មេសា ឆ្នាំ 2014
RFI/Siv Channa
កិច្ចសន្ទនា តាមទូរស័ព្ទ ហ៊ុន សែន - សម រង្ស៊ី ត្រូវបានលាតត្រដាង
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយ ឲ្យដឹងជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍នេះ អំពីកិច្ចសន្ទនា តាមទូរស័ព្ទជាមួយ លោក សម រង្ស៊ី កាលពីថ្ងៃពុធ។ បើយោងតាម លោកនាយក រដ្ឋមន្ត្រី លោក សម រង្ស៊ី ថា បានយល់ព្រម កំណត់កាលបរិច្ឆេទថ្មី នៃការបោះឆ្នោត សភា នៅខែកុម្ភៈ ឆ្នាំ ២០១៨ ។ ប៉ុន្តែ លោក សម រង្ស៊ី វិញបានអះអាង ថា គ្រាន់តែ គាំទ្រសេណារីយោ របស់ លោកនាយក រដ្ឋមន្ត្រី ប៉ុន្តែ មិនទាន់មានកិច្ចព្រមព្រៀងជាមួយគ្នាទេ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃព្រហស្បតិ៍នេះនៅឯវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយឲ្យដឹងជាសាធារណៈថា លោកបានព្រមព្រៀងជាមួយលោក សម រង្ស៊ី ថានឹងកំណត់យកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែកុម្ភៈឆ្នាំ ២០១៧ និង បោះឆ្នោតសភាខែកុម្ភៈឆ្នាំ ២០១៨ ។
ដើម្បីជាភស្តុតាងនៃកិច្ចព្រមព្រៀងនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកមានខ្សែអាត់សំឡេងសន្ទនារវាងរូបលោកជាមួយមេដឹកនាំបក្សប្រឆាំងតាមខ្សែទូរស័ព្ទកាលពីថ្ងៃពុធផងដែរ។ កិច្ចសន្ទនាដែលមានរយៈពេល ៤៤ នាទីនោះក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថាមានការជជែកអំពីគម្រោងចូលគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងរួមគ្នានៅថ្ងៃទី ១១មេសាផងដែរ។ ប៉ុន្តែ ក្រោយមក លោកសម រង្ស៊ី ក៏បានជូនដំណឹងទៅលោកនាយករដ្ឋមន្ត្រីវិញថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមិនយល់ព្រមទេ។ នេះបើយោងតាមអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យដឹង។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏បានឆ្លើយតបវិញភ្លាមៗដែរតាមរយៈសន្និសីទកាសែតមួយនៅរសៀលថ្ងៃដដែលនេះ។ លោកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានលើកពីកាលបរិច្ឆេទនៃការបោះឆ្នោតនៅខែកុម្ភៈឆ្នាំ ២០១៨ មែន ហើយលោកគាំទ្រគំនិតនេះ ប៉ុន្តែ លោកចង់ឲ្យរំកិលមកមុខបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបរាជ័យទៅវិញ នោះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ីទេតែជាកំហុសរបស់លោក កឹម សុខា។ លោក កឹម សុខា ដែលពេលនេះកំពុងបំពេញទស្សនកិច្ចនៅឯបរទេសក៏បានឆ្លើយតាមបណ្តាញសង្គមហ្វេសប៊ុកថា ការចរចាជារឿងដែលមិនអាចចៀសរួច ប៉ុន្តែ ត្រូវឈរលើប្រយោជន៍ជាតិ និងប្រជាជន។ លោក កឹម សុខា អះអាងថា លោកនាយករដ្ឋមន្ត្រីអាចទិញអ្នកណាបាន តែមិនអាចទិញកឹម សុខាបានទេ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីអះអាងថាមិនទាន់អស់សង្ឃឹមទេ។ ចំណែកលោកសម រង្ស៊ី ក៏បានបញ្ជាក់ដែរថា កិច្ចចរចាបានសម្រេចលទ្ធផលពី៨០ទៅ៩០ភាគរយរួចហើយ។ ប៉ុន្តែ ការសម្រេចអ្វីៗត្រូវរង់ចាំការវិលត្រឡប់របស់លោក កឹម សុខា៕
No comments:
Post a Comment