១៧-វិច្ឆិកា-២០១៣៖ តំបន់សេដ្ឋកិច្ចពិសេស តាយសេង (Taiyseng) នៅក្រុងបាវិត ខេត្តស្វាយរៀង។
រោងចក្រ ប្រមាណ ៣៩ នៅក្រុងបាវិត បន្តបិទទ្វារ ដោយសារ គ្មានកម្មករ ធ្វើការ
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ២៩ មេសា ២០១៤
រោងចក្រប្រមាណ ៣៩ រោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) និងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង (Tai Seng) នៅក្រុងបាវិត ខេត្តស្វាយរៀង បន្តបិទទ្វារមិនដំណើរការ ដោយគ្មាន កម្មករ មកធ្វើការទេ នៅព្រឹកថ្ងៃទី២៩ មេសា។
ប្រធានមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បញ្ជាក់ថា រោងចក្រមិនដំណើរការពុំមែនបិទទ្វារនោះទេ គឺដោយសារពុំមានរថយន្តដឹកកម្មករមកធ្វើការ។
រោងចក្រដែលបិទទ្វារមិនដំណើរការនៅតំបន់សេដ្ឋកិច្ចនៅក្រុងបាវិត ខេត្តស្វាយរៀង ទាំងនោះ ភាគច្រើនជាប្រភេទរោងចក្រកាត់ដេរ រោងចក្រដំឡើងកង់ រោងចក្រផលិតស្បែកជើង និងរោងចក្រផលិតឆត្រជាដើម ហើយសព្វថ្ងៃរោងចក្រទាំងនោះ មានកម្មករកំពុងបម្រើការប្រមាណជិត ៣ម៉ឺននាក់។
លោក អ៊ូ សុខឿន បញ្ជាក់បន្ថែមថា រោងចក្រមិនដំណើរការទាំង ៣៩រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិតនោះ ពុំមែនមានន័យថា រោងចក្របិទទ្វារមិនដំណើរការនោះទេ គឺដោយសារ ពុំមានរថយន្តដឹកកម្មករមកធ្វើការ៖ «មិនមានកម្មករធ្វើការទេ ប៉ុន្តែរោងចក្រមិនមានការបិទទ្វារអី ប៉ុន្តែបើបិទទ្វារដោយសារកម្មករគាត់មិនមកធ្វើការ។ មិនមានឡានជិះមកប្រហែលជាឡានគាត់មិនបានដឹកបងប្អូនកម្មករមក។ បញ្ហាហ្នឹងមិនមានមធ្យោបាយក្នុងការធ្វើដំណើរមកធ្វើការ ព្រោះគាត់ជិះឡានរួមគ្នា អ៊ីចឹងដល់ឡានមិនបានដឹកមក គាត់មិនបានមកធ្វើការដែរ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ ដែលតែងតែចូលរួមជាមួយក្រុមកម្មករជាញឹកញាប់ លោក មាស សុខណា ថ្លែងបញ្ជាក់ថា តាមគម្រោងក្រុមកម្មករនិងធ្វើកូដកម្ម ទាមទារប្រាក់អត្ថប្រយោជន៍ការងារម្នាក់ ៥០ដុល្លារ ដោយមិនចូលធ្វើការបន្តទៀត។ ប៉ុន្តែពួកគេខកខានដំណើរមិនបានទៅចូលរួមធ្វើកូដកម្ម ដូចការគ្រោងទុកនោះទេ។ លោកថា កម្មករខកខានមិនបានទៅធ្វើកូដកម្មនេះ ពុំមែនដោយសារពុំមានរថយន្តដឹកកម្មករទៅធ្វើការដូចការលើកឡើងរបស់មន្ទីរការងារខេត្តស្វាយរៀងឡើយ គឺដោយសារអាជ្ញាធរតាមមូលដ្ឋានព្យាយាមរារាំងដំណើររបស់កម្មករ។
លោក មាស សុខណា៖ «ថ្ងៃទី២៩ហ្នឹង កាលដែលកម្មករគាត់អត់បានមកធ្វើការ គឺមូលហេតុដោយសារអាជ្ញាធរមូលដ្ឋានគាត់បានដើរជម្រាបប្រាប់តៃកុងឡានតាមភូមិឃុំទាំងអស់ គឺអត់ឲ្យឡានចេញ។ ប្រហែលជាខាងមន្ទីរការគេគិតថា ថ្ងៃប្រារព្ធទិវាថ្ងៃទី១ ឧសភា ប្រហែលជាមានកម្មករទៅចូលរួមធ្វើកូដកម្មប្រហែលជាអាចប៉ះពាល់នៅក្នុងកម្មវិធីគេ ដែលគេប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ»។
ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានធ្វើកូដកម្មទាមទារប្រាក់លើកទឹកចិត្តកម្មករម្នាក់ ៥០ដុល្លារអាមេរិក ។ពួកគេអះអាងថា ថៅកែរោងចក្របានសន្យាបើកប្រាក់លើកទឹកចិត្តម្នាក់ ៥០ដុល្លារ ប្រសិនបើកម្មករមិនចូលរួមធ្វើកូដកម្មដែលបានសន្យា កាលពីមុនពិធីបុណ្យចូលឆ្នាំកន្លងទៅ។ ក្រុមកម្មករមិនបានធ្វើកូដកម្មទេ តែថៅកែរោងចក្របែរជាមិនបានបើកប្រាក់លើកទឹកចិត្តដូចការសន្យាឡើយ ហើយពួកគេបានធ្វើកូដកម្មទាមទារប្រាក់ ៥០ដុល្លារនោះជាបន្តបន្ទាប់ តាំងពីថ្ងៃទី១៩ មេសា រហូតមក។ ប៉ុន្តែប្រធានមន្ទីរការងារខេត្តស្វាយរៀង ដែលបានសម្របសម្រួលការងារនេះបញ្ជាក់ថា ថៅកែរោងចក្របាននិយាយថា គេមិនបានសន្យាបើកប្រាក់ ៥០ដុល្លារនោះ ដល់ក្រុមកម្មករឡើយ។ លោកថា ខាងរោងចក្រក៏មិនអាចផ្ដល់ប្រាក់ ៥០ដុល្លារដល់កម្មករដែរ ហើយលើកហេតុផលថា ការធ្វើកូដកម្មរបស់ក្រុមកម្មករជារឿងខុសច្បាប់៕
No comments:
Post a Comment